13. ហើយអញនឹងស្ថិតនៅកណ្តាលពួកកូនចៅអ៊ីស្រាអែល ឥតបោះបង់ចោលរាស្ត្ររបស់អញឡើយ។
14. ដូច្នេះ សាឡូម៉ូន ទ្រង់បានស្អាងព្រះវិហារនោះរួចជាស្រេច
15. គឺទ្រង់ធ្វើជញ្ជាំងខាងក្នុងពីឈើតាត្រៅ ចាប់តាំងពីដីរហូតដល់ពិតាន ខាងក្នុងទាំងអស់សុទ្ធតែស្រោបដោយឈើ ក៏ក្រាលព្រះវិហារដោយក្តារកកោះដែរ
16. ឯទីខាងចុងនៃព្រះវិហារ មានបណ្តោយ២០ហត្ថ នោះទ្រង់ក៏ស្រោបដោយឈើតាត្រៅដូចគ្នា ចាប់តាំងពីដីរហូតដល់ពិដាន ហើយខណ្ឌទុកជាទីបរិសុទ្ធបំផុត សំរាប់ជាទីទទួលព្រះបន្ទូល
17. ផ្នែកខាងមុខនៃព្រះវិហារ នោះមានបណ្តោយ៤០ហត្ថ
18. ហើយឈើតាត្រៅដែលស្រោបខាងក្នុងព្រះវិហារ នោះក៏ឆ្លាក់ជាផ្កាក្រពុំ និងផ្ការីក គ្រប់ទាំងអស់បានបិទ ដោយឈើតាត្រៅ ឥតឃើញថ្មឡើយ
19. ទ្រង់ក៏រៀបចំទីបរិសុទ្ធបំផុតក្នុងព្រះវិហារ សំរាប់ដាក់ហឹបនៃសេចក្តីសញ្ញាផងព្រះយេហូវ៉ា
20. ឯខាងក្នុងទីបរិសុទ្ធបំផុត នោះមានបណ្តោយ២០ហត្ថ និងទទឹង២០ហត្ថ ហើយកំពស់២០ហត្ថដែរ ទ្រង់ស្រោបទីនោះដោយមាសសុទ្ធ ហើយអាសនាដែលធ្វើពីឈើតាត្រៅក៏ស្រោបដូច្នោះដែរ
21. ដូច្នេះ សាឡូម៉ូនបានស្រោបប៉ែកខាងក្នុងនៃព្រះវិហារដោយមាសសុទ្ធ ហើយទ្រង់សន្ធឹងច្រវាក់មាស ខាំងពីមុខទីបរិសុទ្ធបំផុត ដែលបានស្រោបមាសដែរ
22. ដូច្នេះ ព្រះវិហារទាំងមូលសុទ្ធតែស្រោបដោយមាស ទាល់តែបានរួចជាស្រេចទាំងអស់ ទោះទាំងអាសនាទាំងមូលរបស់ផងទីបរិសុទ្ធបំផុត ក៏ស្រោបដោយមាសដែរ។
23. នៅខាងក្នុងទីបរិសុទ្ធបំផុត នោះទ្រង់បានធ្វើរូបចេរូប៊ីន២ ដោយឈើអូលីវ មានកំពស់១០ហត្ថទាំងគូ
24. ស្លាបម្ខាងៗរបស់ចេរូប៊ីន១ មានប្រវែង៥ហត្ថ គឺពីចុងស្លាបម្ខាងទៅដល់ចុងស្លាបម្ខាង ត្រូវជា១០ហត្ថ
25. ឯចេរូប៊ីន១ទៀតនោះ ក៏មាន១០ហត្ថដែរ ចេរូប៊ីនទាំង២មានរាងមានទំហំប៉ុនគ្នា
26. ចេរូប៊ីន១មានកំពស់១០ហត្ថ ហើយ១ទៀតក៏យ៉ាងនោះដែរ
27. ទ្រង់ដាក់ចេរូប៊ីនទាំង២នៅកណ្តាលប៉ែកខាងក្នុងនៃព្រះវិហារ ឯស្លាបនៃចេរូប៊ីនទាំង២ក៏ត្រដាងទៅ ទាល់តែចុងស្លាបចេរូប៊ីន១ ទល់នឹងជញ្ជាំងម្ខាង និងចុងស្លាបចេរូប៊ីន១ទៀតក៏ទល់ជញ្ជាំងម្ខាងដូចគ្នា ហើយចុងស្លាបចេរូប៊ីនទាំង២នៅប្រទល់គ្នាត្រង់កណ្តាលព្រះវិហារ
28. ទ្រង់ក៏ស្រោបចេរូប៊ីនទាំង២ដោយមាសដែរ។
29. ទ្រង់ឆ្លាក់ជារូបចេរូប៊ីន ជាដើមលម៉ើ ហើយជាផ្ការីកនៅនាជញ្ជាំងព្រះវិហារជុំវិញ ទាំងខាងក្នុងខាងក្រៅ