12. ឯព្រះវិហារដែលឯងកំពុងតែស្អាងនេះ បើឯងនឹងប្រព្រឹត្តតាមបញ្ញត្តរបស់អញ ហើយសំរេចតាមសេចក្តីយុត្តិធម៌ ព្រមទាំងរក្សាសេចក្តីបង្គាប់របស់អញទាំងប៉ុន្មាន ដើម្បីនឹងប្រព្រឹត្តតាម នោះអញនឹងសំរេចដល់ឯង តាមពាក្យដែលអញបានសន្យានឹងដាវីឌ ជាឪពុកឯង
13. ហើយអញនឹងស្ថិតនៅកណ្តាលពួកកូនចៅអ៊ីស្រាអែល ឥតបោះបង់ចោលរាស្ត្ររបស់អញឡើយ។
14. ដូច្នេះ សាឡូម៉ូន ទ្រង់បានស្អាងព្រះវិហារនោះរួចជាស្រេច
15. គឺទ្រង់ធ្វើជញ្ជាំងខាងក្នុងពីឈើតាត្រៅ ចាប់តាំងពីដីរហូតដល់ពិតាន ខាងក្នុងទាំងអស់សុទ្ធតែស្រោបដោយឈើ ក៏ក្រាលព្រះវិហារដោយក្តារកកោះដែរ
16. ឯទីខាងចុងនៃព្រះវិហារ មានបណ្តោយ២០ហត្ថ នោះទ្រង់ក៏ស្រោបដោយឈើតាត្រៅដូចគ្នា ចាប់តាំងពីដីរហូតដល់ពិដាន ហើយខណ្ឌទុកជាទីបរិសុទ្ធបំផុត សំរាប់ជាទីទទួលព្រះបន្ទូល
17. ផ្នែកខាងមុខនៃព្រះវិហារ នោះមានបណ្តោយ៤០ហត្ថ
18. ហើយឈើតាត្រៅដែលស្រោបខាងក្នុងព្រះវិហារ នោះក៏ឆ្លាក់ជាផ្កាក្រពុំ និងផ្ការីក គ្រប់ទាំងអស់បានបិទ ដោយឈើតាត្រៅ ឥតឃើញថ្មឡើយ
19. ទ្រង់ក៏រៀបចំទីបរិសុទ្ធបំផុតក្នុងព្រះវិហារ សំរាប់ដាក់ហឹបនៃសេចក្តីសញ្ញាផងព្រះយេហូវ៉ា
20. ឯខាងក្នុងទីបរិសុទ្ធបំផុត នោះមានបណ្តោយ២០ហត្ថ និងទទឹង២០ហត្ថ ហើយកំពស់២០ហត្ថដែរ ទ្រង់ស្រោបទីនោះដោយមាសសុទ្ធ ហើយអាសនាដែលធ្វើពីឈើតាត្រៅក៏ស្រោបដូច្នោះដែរ
21. ដូច្នេះ សាឡូម៉ូនបានស្រោបប៉ែកខាងក្នុងនៃព្រះវិហារដោយមាសសុទ្ធ ហើយទ្រង់សន្ធឹងច្រវាក់មាស ខាំងពីមុខទីបរិសុទ្ធបំផុត ដែលបានស្រោបមាសដែរ
22. ដូច្នេះ ព្រះវិហារទាំងមូលសុទ្ធតែស្រោបដោយមាស ទាល់តែបានរួចជាស្រេចទាំងអស់ ទោះទាំងអាសនាទាំងមូលរបស់ផងទីបរិសុទ្ធបំផុត ក៏ស្រោបដោយមាសដែរ។
23. នៅខាងក្នុងទីបរិសុទ្ធបំផុត នោះទ្រង់បានធ្វើរូបចេរូប៊ីន២ ដោយឈើអូលីវ មានកំពស់១០ហត្ថទាំងគូ