១ ពង្សាវតារក្សត្រ 6:10-21 ព្រះគម្ពីរបរិសុទ្ធ (KHOV)

10. ក៏​ធ្វើ​បន្ទប់​ខាង​ក្រៅ​ដែល​ភ្ជាប់​នឹង​ព្រះ‌វិហារ​ជុំវិញ មាន​កំពស់​៥​ហត្ថ​រាល់​តែ​ថ្នាក់ បន្ទប់​ទាំង​នោះ​មាន​ធ្នឹម​ឈើ​តាត្រៅ​ថ្កល់​លើ​ជញ្ជាំង​ព្រះ‌វិហារ។

11. គ្រា​នោះ ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ក៏​មក​ដល់​សាឡូ‌ម៉ូន​ថា

12. ឯ​ព្រះ‌វិហារ​ដែល​ឯង​កំពុង​តែ​ស្អាង​នេះ បើ​ឯង​នឹង​ប្រព្រឹត្ត​តាម​បញ្ញត្ត​របស់​អញ ហើយ​សំរេច​តាម​សេចក្តី​យុត្តិ‌ធម៌ ព្រម​ទាំង​រក្សា​សេចក្តី​បង្គាប់​របស់​អញ​ទាំង​ប៉ុន្មាន ដើម្បី​នឹង​ប្រព្រឹត្ត​តាម នោះ​អញ​នឹង​សំរេច​ដល់​ឯង តាម​ពាក្យ​ដែល​អញ​បាន​សន្យា​នឹង​ដាវីឌ ជា​ឪពុក​ឯង

13. ហើយ​អញ​នឹង​ស្ថិត​នៅ​កណ្តាល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ឥត​បោះ‌បង់​ចោល​រាស្ត្រ​របស់​អញ​ឡើយ។

14. ដូច្នេះ សាឡូ‌ម៉ូន ទ្រង់​បាន​ស្អាង​ព្រះ‌វិហារ​នោះ​រួច​ជា​ស្រេច

15. គឺ​ទ្រង់​ធ្វើ​ជញ្ជាំង​ខាង​ក្នុង​ពី​ឈើ​តាត្រៅ ចាប់​តាំង​ពី​ដី​រហូត​ដល់​ពិតាន ខាង​ក្នុង​ទាំង​អស់​សុទ្ធ​តែ​ស្រោប​ដោយ​ឈើ ក៏​ក្រាល​ព្រះ‌វិហារ​ដោយ​ក្តារ​កកោះ​ដែរ

16. ឯ​ទី​ខាង​ចុង​នៃ​ព្រះ‌វិហារ មាន​បណ្តោយ​២០​ហត្ថ នោះ​ទ្រង់​ក៏​ស្រោប​ដោយ​ឈើ​តាត្រៅ​ដូច​គ្នា ចាប់​តាំង​ពី​ដី​រហូត​ដល់​ពិដាន ហើយ​ខណ្ឌ​ទុក​ជា​ទី​បរិសុទ្ធ​បំផុត សំរាប់​ជា​ទី​ទទួល​ព្រះ‌បន្ទូល

17. ផ្នែក​ខាង​មុខ​នៃ​ព្រះ‌វិហារ នោះ​មាន​បណ្តោយ​៤០​ហត្ថ

18. ហើយ​ឈើ​តាត្រៅ​ដែល​ស្រោប​ខាង​ក្នុង​ព្រះ‌វិហារ នោះ​ក៏​ឆ្លាក់​ជា​ផ្កា​ក្រពុំ និង​ផ្កា​រីក គ្រប់​ទាំង​អស់​បាន​បិទ ដោយ​ឈើ​តាត្រៅ ឥត​ឃើញ​ថ្ម​ឡើយ

19. ទ្រង់​ក៏​រៀប‌ចំ​ទី​បរិសុទ្ធ​បំផុត​ក្នុង​ព្រះ‌វិហារ សំរាប់​ដាក់​ហឹប​នៃ​សេចក្តី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា

20. ឯ​ខាង​ក្នុង​ទី​បរិសុទ្ធ​បំផុត នោះ​មាន​បណ្តោយ​២០​ហត្ថ និង​ទទឹង​២០​ហត្ថ ហើយ​កំពស់​២០​ហត្ថ​ដែរ ទ្រង់​ស្រោប​ទី​នោះ​ដោយ​មាស​សុទ្ធ ហើយ​អាស‌នា​ដែល​ធ្វើ​ពី​ឈើ​តាត្រៅ​ក៏​ស្រោប​ដូច្នោះ​ដែរ

21. ដូច្នេះ សាឡូ‌ម៉ូន​បាន​ស្រោប​ប៉ែក​ខាង​ក្នុង​នៃ​ព្រះ‌វិហារ​ដោយ​មាស​សុទ្ធ ហើយ​ទ្រង់​សន្ធឹង​ច្រវាក់​មាស ខាំង​ពី​មុខ​ទី​បរិសុទ្ធ​បំផុត ដែល​បាន​ស្រោប​មាស​ដែរ

១ ពង្សាវតារក្សត្រ 6