1. គ្រាក្រោយ ដែលពួកកូនចៅអ៊ីស្រាអែល បានចេញពីក្រុងអេស៊ីព្ទមក បាន៤៨០ឆ្នាំហើយ គឺនៅឆ្នាំទី៤ដែលសាឡូម៉ូនសោយរាជ្យលើសាសន៍អ៊ីស្រាអែល ក្នុងខែពិសាខ ជាខែទី២ នោះសាឡូម៉ូនបានចាប់តាំងស្អាងព្រះវិហារនៃព្រះយេហូវ៉ា
2. ឯព្រះវិហារដែលស្តេចសាឡូម៉ូនបានស្អាងថ្វាយព្រះយេហូវ៉ា នោះមានបណ្តោយ៦០ហត្ថ ទទឹង២០ហត្ថ ហើយកំពស់៣០ហត្ថ
3. មានបាំងសាចខាងមុខទីបរិសុទ្ធរបស់ព្រះវិហារ បណ្តោយ២០ហត្ថឲ្យត្រូវទទឹងព្រះវិហារ ហើយទទឹង១០ហត្ថ ចេញពីមុខព្រះវិហារទៅ
4. ទ្រង់ក៏ធ្វើឲ្យមានបង្អួចក្នុងព្រះវិហារ មានចំរ៉ឹងខ្ទាស់គ្នា
5. ឯជាប់នឹងជញ្ជាំងព្រះវិហារ និងទីបរិសុទ្ធបំផុត នោះក៏ធ្វើបន្ទប់យ៉ភ្ជាប់នឹងជញ្ជាំងជាខណ្ឌៗនៅជុំវិញ
6. ឯថ្នាក់ក្រោម នោះទទឹង៥ហត្ថ ថ្នាក់កណ្តាល ទទឹង៦ហត្ថ ហើយថ្នាក់ទី៣ ទទឹង៧ហត្ថ ពីព្រោះខាងក្រៅជញ្ជាំងនៃព្រះវិហារ ទ្រង់ធ្វើឲ្យរៀវទៅជាថ្នាក់ៗនៅជុំវិញ ដើម្បីកុំឲ្យរតចូលទៅក្នុងជញ្ជាំងនោះ
7. មួយទៀតកាលដែលគេស្អាងព្រះវិហារ នោះគេប្រើតែថ្មដាប់ស្រាប់មុនដែលដឹកមក គ្មានឮសូរញញួរ ឬពូថៅ ឬគ្រឿងដែកណាមួយ នៅក្នុងព្រះវិហារកំពុងដែលគេស្អាងឡើងនោះឡើយ
8. ឯទ្វារនៃបន្ទប់ខាងៗថ្នាក់កណ្តាល នោះនៅខាងស្តាំព្រះវិហារ គេឡើងទៅដល់ថ្នាក់កណ្តាលនោះ ហើយពីថ្នាក់កណ្តាលទៅឯថ្នាក់ទី៣ដោយសារជណ្តើរវង់
9. ដូច្នេះ ទ្រង់បានស្អាងព្រះវិហារនោះហើយជាស្រេច រួចទ្រង់ធ្វើគ្រោងដំបូល ហើយប្រក់ដោយឈើតាត្រៅ
10. ក៏ធ្វើបន្ទប់ខាងក្រៅដែលភ្ជាប់នឹងព្រះវិហារជុំវិញ មានកំពស់៥ហត្ថរាល់តែថ្នាក់ បន្ទប់ទាំងនោះមានធ្នឹមឈើតាត្រៅថ្កល់លើជញ្ជាំងព្រះវិហារ។
11. គ្រានោះ ព្រះបន្ទូលនៃព្រះយេហូវ៉ា ក៏មកដល់សាឡូម៉ូនថា
12. ឯព្រះវិហារដែលឯងកំពុងតែស្អាងនេះ បើឯងនឹងប្រព្រឹត្តតាមបញ្ញត្តរបស់អញ ហើយសំរេចតាមសេចក្តីយុត្តិធម៌ ព្រមទាំងរក្សាសេចក្តីបង្គាប់របស់អញទាំងប៉ុន្មាន ដើម្បីនឹងប្រព្រឹត្តតាម នោះអញនឹងសំរេចដល់ឯង តាមពាក្យដែលអញបានសន្យានឹងដាវីឌ ជាឪពុកឯង
13. ហើយអញនឹងស្ថិតនៅកណ្តាលពួកកូនចៅអ៊ីស្រាអែល ឥតបោះបង់ចោលរាស្ត្ររបស់អញឡើយ។
14. ដូច្នេះ សាឡូម៉ូន ទ្រង់បានស្អាងព្រះវិហារនោះរួចជាស្រេច