១ ពង្សាវតារក្សត្រ 4:16-29 ព្រះគម្ពីរបរិសុទ្ធ (KHOV)

16. ប្អាណា ជា​កូន​ហ៊ូសាយ នៅ​ខែត្រ​អេស៊ើរ និង​ស្រុក​អាឡូត​១

17. យេហូ‌សា‌ផាត ជា​កូន​ផារូអា នៅ​ខែត្រ​អ៊ីសាខារ​១

18. ស៊ីម៉ាយ ជា​កូន​អេឡា នៅ​ខែត្រ​បេន‌យ៉ា‌មីន​១

19. កេប៊ើរ ជា​កូន​អ៊ូរី​១ ដែល​នៅ​ស្រុក​កាឡាត​ជា​ស្រុក​របស់​ស៊ីហុន ស្តេច​សាសន៍​អាម៉ូរី និង​ស្រុក​របស់​អុក ជា​ស្តេច​បាសាន លោក​នោះ​ជា​នាយក​តែ​១​នៅ​ក្នុង​ស្រុក​នោះ។

20. ឯ​ពួក​យូដា និង​ពួក​អ៊ីស្រា‌អែល គេ​មាន​គ្នា​សន្ធឹក​ដូច​ជា​ខ្សាច់​ដែល​នៅ​មាត់​សមុទ្រ ក៏​តែង‌តែ​បរិភោគ ហើយ​លេង​សប្បាយ

21. ចំណែក​សាឡូ‌ម៉ូន​ទ្រង់​សោយ‌រាជ្យ​លើ​អស់​ទាំង​នគរ ចាប់​តាំង​ពី​ទន្លេ​អ៊ើប្រាត រហូត​ដល់​ស្រុក​ភីលីស្ទីន ហើយ​ទៅ​ដល់​ព្រំ​ស្រុក​អេស៊ីព្ទ​ទៀត នគរ​ទាំង​នោះ ក៏​នាំ​យក​សួយ‌អាករ​មក​ថ្វាយ​សាឡូ‌ម៉ូន ព្រម​ទាំង​គោរព​ដល់​ទ្រង់ រហូត​ដល់​អស់​ព្រះ‌ជន្ម

22. ឯ​ស្បៀង​អាហារ​ដែល​ចាត់‌ចែង​សំរាប់​ព្រះ‌រាជ‌វាំង​ក្នុង​១​ថ្ងៃ នោះ​គឺ​ជា​ម្សៅ​យ៉ាង​ម៉ដ្ត​៣០​រង្វាល់ ម្សៅ​ធម្មតា​៦០​រង្វាល់

23. គោ​យ៉ាង​ធាត់​១០ គោ​ដែល​រក​ស៊ី​នៅ​វាល​២០ ចៀម​១០០ ព្រម​ទាំង​ប្រើស ឈ្លូស ក្តាន់ និង​សត្វ​ស្លាប​ធាត់ៗ​ផង

24. ដ្បិត​ទ្រង់​មាន​អំណាច​លើ​គ្រប់​ទាំង​អស់ នៅ​ខាង‌អាយ​ទន្លេ ចាប់​តាំង​ពី​ក្រុង​ធីពសា រហូត​ដល់​ក្រុង​កាសា ហើយ​លើ​អស់​ទាំង​ស្តេច​នៅ​ខាង‌អាយ​ទន្លេ​ដែរ ក៏​មាន​សេចក្តី​សុខ​នៅ​គ្រប់​ទិស​ជុំវិញ

25. ពួក​យូដា និង​ពួក​អ៊ីស្រា‌អែល គេ​នៅ​ដោយ​សុខ‌សាន្ត‌ត្រាណ គ្រប់​គ្នា​នៅ​ក្រោម​ទ្រើង​ទំពាំង‌បាយ‌ជូរ ហើយ​ក្រោម​ដើម​ល្វា​របស់​ខ្លួន ចាប់​តាំង​ពី​ក្រុង​ដាន់ រហូត​ដល់​បៀរ-សេបា ដរាប​ដល់​អស់​ព្រះ‌ជន្ម​នៃ​សាឡូ‌ម៉ូន

26. ទ្រង់​ក៏​មាន​រោង​សំរាប់​សេះ​៤​ម៉ឺន ដែល​ទឹម​រទេះ​ចំបាំង ហើយ​មាន​ពល​សេះ​១​ម៉ឺន​២​ពាន់​នាក់

27. ឯ​ពួក​នាយក​ទាំង​នោះ គេ​ផ្គត់‌ផ្គង់​ស្បៀង​អាហារ សំរាប់​ស្តេច​សាឡូ‌ម៉ូន និង​អស់​ពួក​អ្នក​ដែល​ចូល​មក​បរិភោគ​នៅ​តុ​របស់​ទ្រង់ គ្រប់​គ្នា​បាន​ផ្គត់‌ផ្គង់​តាម​កំណត់​ខែ​របស់​ខ្លួន​ឥត​មាន​ខ្វះ​អ្វី​ឡើយ

28. បណ្តា​មនុស្ស​ទាំង​ប៉ុន្មាន ក៏​ដឹក​ស្រូវ​ឱក និង​ចំបើង​សំរាប់​សេះ និង​សត្វ​ជំនិះ​ផ្សេងៗ មក​ដល់​កន្លែង​ដែល​ពួក​នាយក​ទាំង​នោះ​តាំង​នៅ តាម​ដែល​លោក​បង្គាប់​រៀង​ខ្លួន។

29. ព្រះ​ទ្រង់​បាន​ប្រទាន​ឲ្យ​សាឡូ‌ម៉ូន​មាន​ប្រាជ្ញា និង​យោបល់​ច្រើន​ក្រៃលែង ព្រម​ទាំង​ព្រះ‌ហឫ‌ទ័យ​ធំ​ទូលាយ​ដូច​ជា​បណ្តា​ខ្សាច់​ដែល​នៅ​មាត់​សមុទ្រ

១ ពង្សាវតារក្សត្រ 4