១ ពង្សាវតារក្សត្រ 4:13-26 ព្រះគម្ពីរបរិសុទ្ធ (KHOV)

13. បេន-កេប៊ើរ​នៅ​រ៉ាម៉ូត-កាឡាត​១ (លោក​នោះ​ត្រួត​លើ​អស់​ទាំង​ភូមិ​របស់​យ៉ាអ៊ារ​ជា​កូន​ម៉ាន៉ាសេ ដែល​នៅ​ស្រុក​កាឡាត ហើយ​លើ​ស្រុក​នៅ​ជុំវិញ​អើកុប ដែល​នៅ​ស្រុក​បាសាន ទាំង​អស់​មាន​ទី​ក្រុង​យ៉ាង​ធំ​៦០ ដែល​មាន​កំផែង ហើយ​នឹង​រនុក​លង្ហិន)

14. អ័ហ៊ី‌ណា‌ដាប់ ជា​កូន​អ៊ីដោ នៅ​ស្រុក​ម៉ាហា‌ណែម​១

15. អ័ហ៊ីម៉ាស នៅ​ខែត្រ​ណែប‌ថាលី​១ (លោក​នោះ​បាន​យក​នាង​បាស‌ម៉ាត ជា​បុត្រី​សាឡូ‌ម៉ូន ធ្វើ​ជា​ប្រពន្ធ)

16. ប្អាណា ជា​កូន​ហ៊ូសាយ នៅ​ខែត្រ​អេស៊ើរ និង​ស្រុក​អាឡូត​១

17. យេហូ‌សា‌ផាត ជា​កូន​ផារូអា នៅ​ខែត្រ​អ៊ីសាខារ​១

18. ស៊ីម៉ាយ ជា​កូន​អេឡា នៅ​ខែត្រ​បេន‌យ៉ា‌មីន​១

19. កេប៊ើរ ជា​កូន​អ៊ូរី​១ ដែល​នៅ​ស្រុក​កាឡាត​ជា​ស្រុក​របស់​ស៊ីហុន ស្តេច​សាសន៍​អាម៉ូរី និង​ស្រុក​របស់​អុក ជា​ស្តេច​បាសាន លោក​នោះ​ជា​នាយក​តែ​១​នៅ​ក្នុង​ស្រុក​នោះ។

20. ឯ​ពួក​យូដា និង​ពួក​អ៊ីស្រា‌អែល គេ​មាន​គ្នា​សន្ធឹក​ដូច​ជា​ខ្សាច់​ដែល​នៅ​មាត់​សមុទ្រ ក៏​តែង‌តែ​បរិភោគ ហើយ​លេង​សប្បាយ

21. ចំណែក​សាឡូ‌ម៉ូន​ទ្រង់​សោយ‌រាជ្យ​លើ​អស់​ទាំង​នគរ ចាប់​តាំង​ពី​ទន្លេ​អ៊ើប្រាត រហូត​ដល់​ស្រុក​ភីលីស្ទីន ហើយ​ទៅ​ដល់​ព្រំ​ស្រុក​អេស៊ីព្ទ​ទៀត នគរ​ទាំង​នោះ ក៏​នាំ​យក​សួយ‌អាករ​មក​ថ្វាយ​សាឡូ‌ម៉ូន ព្រម​ទាំង​គោរព​ដល់​ទ្រង់ រហូត​ដល់​អស់​ព្រះ‌ជន្ម

22. ឯ​ស្បៀង​អាហារ​ដែល​ចាត់‌ចែង​សំរាប់​ព្រះ‌រាជ‌វាំង​ក្នុង​១​ថ្ងៃ នោះ​គឺ​ជា​ម្សៅ​យ៉ាង​ម៉ដ្ត​៣០​រង្វាល់ ម្សៅ​ធម្មតា​៦០​រង្វាល់

23. គោ​យ៉ាង​ធាត់​១០ គោ​ដែល​រក​ស៊ី​នៅ​វាល​២០ ចៀម​១០០ ព្រម​ទាំង​ប្រើស ឈ្លូស ក្តាន់ និង​សត្វ​ស្លាប​ធាត់ៗ​ផង

24. ដ្បិត​ទ្រង់​មាន​អំណាច​លើ​គ្រប់​ទាំង​អស់ នៅ​ខាង‌អាយ​ទន្លេ ចាប់​តាំង​ពី​ក្រុង​ធីពសា រហូត​ដល់​ក្រុង​កាសា ហើយ​លើ​អស់​ទាំង​ស្តេច​នៅ​ខាង‌អាយ​ទន្លេ​ដែរ ក៏​មាន​សេចក្តី​សុខ​នៅ​គ្រប់​ទិស​ជុំវិញ

25. ពួក​យូដា និង​ពួក​អ៊ីស្រា‌អែល គេ​នៅ​ដោយ​សុខ‌សាន្ត‌ត្រាណ គ្រប់​គ្នា​នៅ​ក្រោម​ទ្រើង​ទំពាំង‌បាយ‌ជូរ ហើយ​ក្រោម​ដើម​ល្វា​របស់​ខ្លួន ចាប់​តាំង​ពី​ក្រុង​ដាន់ រហូត​ដល់​បៀរ-សេបា ដរាប​ដល់​អស់​ព្រះ‌ជន្ម​នៃ​សាឡូ‌ម៉ូន

26. ទ្រង់​ក៏​មាន​រោង​សំរាប់​សេះ​៤​ម៉ឺន ដែល​ទឹម​រទេះ​ចំបាំង ហើយ​មាន​ពល​សេះ​១​ម៉ឺន​២​ពាន់​នាក់

១ ពង្សាវតារក្សត្រ 4