14. បើសិនជាឯងប្រព្រឹត្តតាមអស់ទាំងផ្លូវរបស់អញ ដើម្បីនឹងកាន់តាមបញ្ញត្ត និងក្រឹត្យក្រមអញទាំងប៉ុន្មាន ដូចជាដាវីឌ ជាឪពុកឯង បានប្រព្រឹត្ត នោះអញនឹងចំរើនអាយុឯង ឲ្យបានវែងថែមទៀតដែរ
15. រួចសាឡូម៉ូនក៏តើនឡើង ហើយមើល នោះជាសុបិននិមិត្តទេ ដូច្នេះ ទ្រង់យាងត្រឡប់ទៅឯក្រុងយេរូសាឡិមវិញ ក៏ឈរនៅចំពោះហឹបនៃសេចក្តីសញ្ញារបស់ព្រះយេហូវ៉ា ហើយថ្វាយដង្វាយដុត និងដង្វាយមេត្រី រួចក៏ជប់លៀងបណ្តាពួកអ្នករាជការរបស់ទ្រង់គ្រប់គ្នា។
16. ក្រោយតមក មានស្រីសំផឹង២នាក់បានមកឈរនៅចំពោះស្តេច
17. នាង១ទូលថា បពិត្រព្រះអម្ចាស់អើយ ខ្ញុំម្ចាស់ និងស្ត្រីនៅផ្ទះជាមួយគ្នា យើងខ្ញុំទាំង២បានសំរាលកូននៅផ្ទះនោះ
18. កាលខ្ញុំម្ចាស់សំរាលកូនមកបាន៣ថ្ងៃ នោះស្ត្រីនេះក៏សំរាលមកដែរ យើងខ្ញុំទាំង២នៅជាមួយគ្នា ឥតមានអ្នកដទៃណានៅក្នុងផ្ទះនោះឡើយ មានតែយើងខ្ញុំ២នាក់ប៉ុណ្ណោះ
19. ជួនជានៅវេលាយប់១ កូនរបស់នាងនេះបានស្លាប់ទៅ ដោយម្តាយបានដេកសង្កិនលើ
20. ដល់ពាក់កណ្តាលអធ្រាត្រ កាលខ្ញុំម្ចាស់ ជាបាវបំរើទ្រង់កំពុងតែទទួលទានដំណេកលក់ នោះនាងក្រោកឡើងយកកូនខ្ញុំម្ចាស់ពីខាងខ្ញុំម្ចាស់ទៅបី ហើយដាក់កូនស្លាប់របស់នាងនែបនៅទ្រូងខ្ញុំម្ចាស់វិញ
21. លុះព្រឹកឡើង កាលខ្ញុំម្ចាស់ក្រោកឡើងនឹងបំបៅកូន នោះមើល វាបានស្លាប់ហើយ ប៉ុន្តែដល់ភ្លឺឡើង នោះខ្ញុំម្ចាស់បានពិនិត្យមើលទៅ ឃើញថាមិនមែនជាកូនដែលខ្ញុំម្ចាស់បង្កើតទេ
22. ស្ត្រី១ទៀតនោះក៏ឆ្លើយកាត់ទៅថា ទេ មិនមែនដូច្នោះទេ គឺកូនដែលរស់នៅ នោះជាកូនរបស់អញ ហើយកូនដែលស្លាប់ទៅជាកូនរបស់ឯងវិញ តែស្រីនេះប្រកែកថា មិនមែនឡើយ គឺកូនដែលស្លាប់ជាកូនរបស់ឯង ហើយកូនដែលរស់នៅនេះជាកូនរបស់អញវិញ ស្ត្រីទាំង២បានជជែកគ្នាយ៉ាងនោះនៅចំពោះស្តេច។
23. ឯស្តេចទ្រង់មានព្រះបន្ទូលថា នាង១ថា កូនរស់នេះ ជាកូនរបស់អញ ហើយកូនស្លាប់ជាកូនរបស់ឯង ហើយ១ទៀតថា មិនមែនដូច្នោះទេ គឺកូនស្លាប់ជារបស់ឯង ហើយកូនរស់ជារបស់អញវិញ