6. ដូច្នេះ ស្តេចអ៊ីស្រាអែលក៏ប្រមូលពួកហោរាប្រហែលជា៤០០នាក់មកសួរថា តើត្រូវឲ្យយើងចេញទៅ ច្បាំងនឹងរ៉ាម៉ូត-កាឡាត ឬឈប់ខាន គេទូលឆ្លើយថា សូមយាងឡើងទៅចុះ ដ្បិតព្រះអម្ចាស់ទ្រង់នឹងប្រគល់គេ មកក្នុងកណ្តាប់ព្រះហស្តនៃព្រះករុណាហើយ
7. តែយ៉ូសាផាតសួរថា នៅទីនេះ តើគ្មានហោរាណាម្នាក់របស់ព្រះយេហូវ៉ា ល្មមឲ្យយើងសួរគាត់ដែរទេឬ
8. ស្តេចអ៊ីស្រាអែលទូលឆ្លើយថា មានម្នាក់ទៀត ដែលល្មមឲ្យយើងទូលសួរដល់ព្រះយេហូវ៉ាបាន គឺឈ្មោះមីកាយ៉ា ជាកូនយីមឡា តែទូលបង្គំស្អប់វា ដ្បិតវាមិនដែលទាយល្អពីទូលបង្គំសោះ គឺចេះតែទាយអាក្រក់វិញ យ៉ូសាផាតទូលថា សូមទ្រង់កុំមានព្រះបន្ទូលដូច្នោះឡើយ។
9. នោះស្តេចអ៊ីស្រាអែល ទ្រង់ហៅមហាតលិកម្នាក់មកបង្គាប់ថា ចូរទៅនាំមីកាយ៉ា ជាកូនយីមឡា មកនេះជាឆាប់ៗ
10. ឯស្តេចអ៊ីស្រាអែល និងយ៉ូសាផាត ជាស្តេចស្រុកយូដា ទ្រង់ព្រះពស្ត្ររាជ្យគង់លើបល្ល័ង្ករៀងអង្គ ត្រង់ទីធ្លា នៅទ្វារក្រុងសាម៉ារី ហើយពួកហោរាក៏ឈរទាយ នៅចំពោះទ្រង់
11. ឯសេដេគា ជាកូនក្នាណា គាត់បានធ្វើស្នែងដែក ហើយក៏ទូលថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ព្រះករុណានឹងជល់ពួកស៊ីរីដោយស្នែងនេះ ដរាបដល់វិនាសសូន្យទៅ
12. ហើយពួកហោរាទាំងអស់ក៏ទាយដូច្នោះដែរថា សូមយាងឡើងទៅឯរ៉ាម៉ូត-កាឡាត ហើយមានជ័យជំនះចុះ ដ្បិតព្រះយេហូវ៉ាទ្រង់នឹងប្រគល់ក្រុងនោះ មកក្នុងកណ្តាប់ព្រះហស្តនៃព្រះករុណាហើយ។
13. រីឯអ្នកដែលទៅហៅមីកាយ៉ាមក ក៏ប្រាប់គាត់ថា មើល ពួកហោរាទាំងអស់ សុទ្ធតែទាយល្អដល់ស្តេចព្រមគ្នា ដូច្នេះ សូមឲ្យពាក្យលោកបានដូចជាពាក្យរបស់ហោរាទាំងនោះដែរ ដោយពោលតែសេចក្តីល្អចុះ
14. តែមីកាយ៉ាឆ្លើយថា ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់ថា សេចក្តីណាដែលព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំ នោះខ្ញុំនឹងបញ្ចេញតាមសេចក្តីនោះ
15. រួចកាលបានចូលទៅគាល់ស្តេចហើយ នោះទ្រង់មានព្រះបន្ទូលសួរថា មីកាយ៉ាអើយ តើត្រូវឲ្យយើងទៅច្បាំងនឹងរ៉ាម៉ូត-កាឡាត ឬឈប់ខាន គាត់ទូលឡកថា សូមយាងទៅ ហើយមានជ័យជំនះចុះ ដ្បិតព្រះយេហូវ៉ាទ្រង់នឹងប្រគល់គេមកក្នុងកណ្តាប់ព្រះហស្តនៃព្រះករុណាហើយ
16. ដូច្នេះ ស្តេចទ្រង់មានព្រះបន្ទូលថា អញបានស្តីឯងប៉ុន្មានដងហើយ ឲ្យនិយាយតែសេចក្តីពិតប៉ុណ្ណោះ ដោយនូវព្រះនាមព្រះយេហូវ៉ា
17. គាត់ទូលឆ្លើយថា ទូលបង្គំបានឃើញពួកអ៊ីស្រាអែលត្រូវខ្ចាត់ខ្ចាយនៅលើភ្នំ ប្រៀបដូចជាហ្វូងចៀមដែលគ្មានអ្នកគង្វាល ហើយព្រះយេហូវ៉ាបានមានព្រះបន្ទូលថា ពួកទាំងនេះគ្មានចៅហ្វាយទេ ចូរឲ្យគេត្រឡប់ទៅផ្ទះរៀងខ្លួនវិញ ដោយសេចក្តីសុខចុះ
18. ដូច្នេះ ស្តេចអ៊ីស្រាអែលទ្រង់ទូលទៅយ៉ូសាផាតថា តើទូលបង្គំមិនបានទូលទ្រង់ទេឬអី ថាវាមិនដែលទាយល្អពីទូលបង្គំទេ គឺទាយតែអាក្រក់ប៉ុណ្ណោះ
19. នោះមីកាយ៉ាទូលថា ដូច្នេះ សូមស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាសិន ទូលបង្គំបានឃើញព្រះយេហូវ៉ា ទ្រង់គង់លើបល្ល័ង្ក មានទាំងពួកពលបរិវារនៃស្ថានសួគ៌ទាំងអស់ ឈរអមអង្គ ទាំងខាងស្តាំ និងខាងឆ្វេង
20. ហើយព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលថា តើអ្នកណានឹងទៅបបួលអ័ហាប់ ឲ្យឡើងទៅច្បាំង ហើយដួលស្លាប់នៅត្រង់រ៉ាម៉ូត-កាឡាត ម្នាក់ក៏ថាយ៉ាងនេះ ម្នាក់ក៏ថាយ៉ាងនោះ
21. រួចមានវិញ្ញាណ១ចេញមកឈរនៅចំពោះព្រះយេហូវ៉ាទូលថា ទូលបង្គំចង់ទៅ
22. ដូច្នេះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលសួរថា នឹងធ្វើយ៉ាងណាទៅ វិញ្ញាណនោះទូលថា ទូលបង្គំនឹងចេញទៅធ្វើជាវិញ្ញាណភូតកុហក នៅក្នុងមាត់នៃពួកហោរាទាំងប៉ុន្មានរបស់ស្តេច ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ចូរចេញទៅធ្វើដូច្នោះចុះ ឯងនឹងបបួលវាឲ្យសំរេចបាន
23. ដូច្នេះ មើល ឥឡូវនេះព្រះយេហូវ៉ាទ្រង់ដាក់វិញ្ញាណភូតកុហកនៅក្នុងមាត់នៃពួកហោរារបស់ព្រះករុណាទាំងនេះ ហើយព្រះយេហូវ៉ាបានមានព្រះបន្ទូលពីសេចក្តីអន្តរាយ ដែលនឹងកើតដល់ព្រះករុណាវិញ។
24. លំដាប់នោះសេដេគាជាកូនក្នាណា ក៏ចូលទៅទះកំផ្លៀងមីកាយ៉ាសួរថា ព្រះវិញ្ញាណនៃព្រះយេហូវ៉ាបានចេញពីអញ ទៅមានព្រះបន្ទូលនឹងឯងតាមណា