37. គឺយ៉ាងនោះដែលស្តេចទ្រង់សុគត ហើយគេក៏នាំសពទ្រង់មកវិញ បញ្ចុះនៅក្នុងក្រុងសាម៉ារី
38. គេលាងព្រះរាជរថនៅត្រង់ស្រះទឹកនៃក្រុងសាម៉ារី ហើយមានឆ្កែលិទ្ធឈាម (រីឯនៅទីនោះពួកស្រីសំផឹងតែងងូតទឹក) តាមសេចក្តីដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលទុក
39. ឯដំណើរឯទៀតពីអ័ហាប់ និងការទាំងប៉ុន្មានដែលទ្រង់ធ្វើ ព្រមទាំងដំណាក់ភ្លុកដែលទ្រង់បានធ្វើ និងអស់ទាំងទីក្រុងដែលទ្រង់បានសង់ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ
40. គឺយ៉ាងនោះ ដែលអ័ហាប់បានផ្ទំលក់ទៅ ជាមួយនឹងពួកអយ្យកោទ្រង់ រួចអ័ហាស៊ីយ៉ា ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។
41. រីឯនៅឆ្នាំទី៤ ក្នុងរាជ្យអ័ហាប់ ស្តេចអ៊ីស្រាអែល នោះយ៉ូសាផាត ជាកូនអេសា ក៏ចាប់តាំងសោយរាជ្យឡើងលើស្រុកយូដា
42. កាលយ៉ូសាផាតចាប់តាំងសោយរាជ្យ នោះទ្រង់មានព្រះជន្ម៣៥ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន២៥ឆ្នាំ ព្រះមាតាទ្រង់ព្រះនាមជាអ័ស៊ូបា បុត្រីស៊ីលហ៊ី
43. ទ្រង់ក៏ដើរតាមគ្រប់ទាំងផ្លូវរបស់អេសា ជាព្រះបិតាទ្រង់ ឥតងាកបែរចេញឡើយ គឺបានប្រព្រឹត្តសេចក្តីដែលត្រឹមត្រូវនៅព្រះនេត្រព្រះយេហូវ៉ា ប៉ុន្តែមិនបានបំបាត់អស់ទាំងទីខ្ពស់ចេញទេ ពួកបណ្តាជនគេនៅតែថ្វាយយញ្ញបូជា ហើយដុតកំញាននៅលើទីខ្ពស់ទាំងនោះនៅឡើយ
44. យ៉ូសាផាតទ្រង់ក៏បានចងស្ពានមេត្រីនឹងស្តេចអ៊ីស្រាអែលដែរ។
45. រីឯដំណើរឯទៀតពីយ៉ូសាផាត និងអំណាចដែលទ្រង់បានសំដែង ហើយពីការសង្គ្រាមរបស់ទ្រង់ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចយូដាហើយ
46. ឯសំណល់ពួកកូនជឹង ដែលនៅសល់ ពីក្នុងរាជ្យអេសា ជាព្រះបិតា នោះទ្រង់ក៏បណ្តេញគេចេញពីស្រុកទៅ
47. គ្រានោះ នៅស្រុកអេដំមគ្មានស្តេចទេ មានតែអ្នកតំណាងរាជការ ដែលកាន់កាប់ត្រួតត្រាប៉ុណ្ណោះ
48. យ៉ូសាផាតក៏បានធ្វើក្រុមនាវាតើស៊ីស ដើម្បីនឹងទៅយកមាសពីស្រុកអូភារមក តែនាវាទាំងនោះមិនបានចេញទៅទេ ពីព្រោះត្រូវបាក់បែកទាំងអស់ នៅត្រង់ក្រុងអេស៊ាន-គេប៊ើរវិញ
49. គ្រានោះ អ័ហាស៊ីយ៉ា ជាបុត្រអ័ហាប់ ក៏ទូលដល់យ៉ូសាផាតថា សូមឲ្យពួកបំរើទូលបង្គំ បានចុះនាវាទៅជាមួយនឹងពួកបំរើទ្រង់ផង តែយ៉ូសាផាតទ្រង់មិនព្រមទេ
50. រួចមកយ៉ូសាផាតក៏ផ្ទំលក់ទៅជាមួយនឹងពួកអយ្យកោទ្រង់ទៅ គេបញ្ចុះទ្រង់នៅជាមួយនឹងពួកអយ្យកោទ្រង់ ក្នុងក្រុងរបស់ដាវីឌ ជាអយ្យកោ រួចយ៉ូរ៉ាម ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។