27. ហើយបង្គាប់ថា ស្តេចទ្រង់មានព្រះបន្ទូលដូច្នេះ គឺឲ្យដាក់មនុស្សនេះក្នុងគុក ចិញ្ចឹមដោយនំបុ័ង និងទឹកដ៏វេទនា ដរាបដល់អញមកវិញដោយសុខសាន្ត
28. នោះមីកាយ៉ាទូលថា បើសិនជាទ្រង់ដែលយាងមកវិញ ដោយសុខសាន្ត នោះគឺព្រះយេហូវ៉ាមិនបានមានព្រះបន្ទូល ដោយសារទូលបង្គំទេ រួចគាត់ថែមពាក្យនេះថា ឱជនទាំងឡាយអើយ ចូរស្តាប់ចុះ។
29. ដូច្នេះ ស្តេចអ៊ីស្រាអែល និងយ៉ូសាផាត ជាស្តេចយូដា ក៏ឡើងទៅឯក្រុងរ៉ាម៉ូត-កាឡាត
30. ស្តេចអ៊ីស្រាអែលទ្រង់ទូលទៅយ៉ូសាផាតថា ទូលបង្គំនឹងក្លែងខ្លួនចូលទៅច្បាំង តែព្រះអង្គ សូមឲ្យទ្រង់គ្រឿងព្រះពស្ត្ររាជ្យរបស់ទ្រង់វិញ ស្តេចអ៊ីស្រាអែលក៏ក្លែងខ្លួនចូលទៅច្បាំងនឹងគេ
31. រីឯខាងស្តេចស៊ីរី បានបង្គាប់ដល់ពួកមេទ័ពរទេះចំបាំងទ្រង់ទាំង៣២នាក់ថា កុំឲ្យតនឹងអ្នកណា ទោះតូច ឬធំក្តី ចូរតតែនឹងស្តេចអ៊ីស្រាអែល១ប៉ុណ្ណោះ
32. ដូច្នេះ កាលពួកមេទ័ពទាំងនោះបានឃើញយ៉ូសាផាត គេក៏បែរទៅបំរុងតនឹងទ្រង់ ដោយស្មានថា នេះប្រាកដជាស្តេចអ៊ីស្រាអែលហើយ តែយ៉ូសាផាតទ្រង់ស្រែកឡើង
33. កាលពួកមេទ័ពឃើញថា មិនមែនជាស្តេចអ៊ីស្រាអែលទេ នោះក៏លែងតាមតទៅ
34. តែមានមនុស្សម្នាក់យឹតធ្នូ បាញ់ព្រាវទៅ ត្រូវស្តេចអ៊ីស្រាអែល ត្រង់ប្រឡោះអាវក្រោះទ្រង់ ដូច្នេះ ទ្រង់មានព្រះបន្ទូលបង្គាប់ ដល់អ្នកបរព្រះរាជរថទ្រង់ថា ចូរញាក់បង្ហៀរត្រឡប់រថ នាំយើងចេញពីពលទ័ពទៅ ដ្បិតយើងមានរបួសជាទំងន់
35. នៅថ្ងៃនោះ ចំបាំងក៏កាន់តែខ្លាំងឡើង តែគេគ្រាហ៍គាំស្តេចនៅក្នុងព្រះរាជរថ ដើម្បីតស៊ូនឹងពួកស៊ីរី លុះដល់ពេលល្ងាច ទ្រង់សុគតទៅ ហើយឈាមពីរបួសនោះក៏ហូរទៅក្នុងបាតព្រះរាជរថ
36. រួចដល់ពេលថ្ងៃលិច នោះក៏មានឮសំរែក នៅពេញក្នុងពួកទ័ពថា ចូរគ្រប់គ្នាត្រឡប់ទៅឯទីក្រុង និងស្រុករបស់ខ្លួនវិញទៅ។
37. គឺយ៉ាងនោះដែលស្តេចទ្រង់សុគត ហើយគេក៏នាំសពទ្រង់មកវិញ បញ្ចុះនៅក្នុងក្រុងសាម៉ារី
38. គេលាងព្រះរាជរថនៅត្រង់ស្រះទឹកនៃក្រុងសាម៉ារី ហើយមានឆ្កែលិទ្ធឈាម (រីឯនៅទីនោះពួកស្រីសំផឹងតែងងូតទឹក) តាមសេចក្តីដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលទុក