20. ហើយព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលថា តើអ្នកណានឹងទៅបបួលអ័ហាប់ ឲ្យឡើងទៅច្បាំង ហើយដួលស្លាប់នៅត្រង់រ៉ាម៉ូត-កាឡាត ម្នាក់ក៏ថាយ៉ាងនេះ ម្នាក់ក៏ថាយ៉ាងនោះ
21. រួចមានវិញ្ញាណ១ចេញមកឈរនៅចំពោះព្រះយេហូវ៉ាទូលថា ទូលបង្គំចង់ទៅ
22. ដូច្នេះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលសួរថា នឹងធ្វើយ៉ាងណាទៅ វិញ្ញាណនោះទូលថា ទូលបង្គំនឹងចេញទៅធ្វើជាវិញ្ញាណភូតកុហក នៅក្នុងមាត់នៃពួកហោរាទាំងប៉ុន្មានរបស់ស្តេច ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ចូរចេញទៅធ្វើដូច្នោះចុះ ឯងនឹងបបួលវាឲ្យសំរេចបាន
23. ដូច្នេះ មើល ឥឡូវនេះព្រះយេហូវ៉ាទ្រង់ដាក់វិញ្ញាណភូតកុហកនៅក្នុងមាត់នៃពួកហោរារបស់ព្រះករុណាទាំងនេះ ហើយព្រះយេហូវ៉ាបានមានព្រះបន្ទូលពីសេចក្តីអន្តរាយ ដែលនឹងកើតដល់ព្រះករុណាវិញ។
24. លំដាប់នោះសេដេគាជាកូនក្នាណា ក៏ចូលទៅទះកំផ្លៀងមីកាយ៉ាសួរថា ព្រះវិញ្ញាណនៃព្រះយេហូវ៉ាបានចេញពីអញ ទៅមានព្រះបន្ទូលនឹងឯងតាមណា
25. មីកាយ៉ាឆ្លើយថា ចាំមើល នៅថ្ងៃនោះឯងនឹងបានឃើញ ក្នុងកាលដែលឯងរត់ទៅពួននៅក្នុងបន្ទប់ខាងក្នុង
26. ស្តេចអ៊ីស្រាអែលទ្រង់បង្គាប់ថា ចូរនាំយកមីកាយ៉ាត្រឡប់ទៅឯអាំម៉ូន ជាចៅហ្វាយទីក្រុង និងយ៉ូអាស ជាព្រះរាជបុត្រទៅ
27. ហើយបង្គាប់ថា ស្តេចទ្រង់មានព្រះបន្ទូលដូច្នេះ គឺឲ្យដាក់មនុស្សនេះក្នុងគុក ចិញ្ចឹមដោយនំបុ័ង និងទឹកដ៏វេទនា ដរាបដល់អញមកវិញដោយសុខសាន្ត
28. នោះមីកាយ៉ាទូលថា បើសិនជាទ្រង់ដែលយាងមកវិញ ដោយសុខសាន្ត នោះគឺព្រះយេហូវ៉ាមិនបានមានព្រះបន្ទូល ដោយសារទូលបង្គំទេ រួចគាត់ថែមពាក្យនេះថា ឱជនទាំងឡាយអើយ ចូរស្តាប់ចុះ។
29. ដូច្នេះ ស្តេចអ៊ីស្រាអែល និងយ៉ូសាផាត ជាស្តេចយូដា ក៏ឡើងទៅឯក្រុងរ៉ាម៉ូត-កាឡាត
30. ស្តេចអ៊ីស្រាអែលទ្រង់ទូលទៅយ៉ូសាផាតថា ទូលបង្គំនឹងក្លែងខ្លួនចូលទៅច្បាំង តែព្រះអង្គ សូមឲ្យទ្រង់គ្រឿងព្រះពស្ត្ររាជ្យរបស់ទ្រង់វិញ ស្តេចអ៊ីស្រាអែលក៏ក្លែងខ្លួនចូលទៅច្បាំងនឹងគេ
31. រីឯខាងស្តេចស៊ីរី បានបង្គាប់ដល់ពួកមេទ័ពរទេះចំបាំងទ្រង់ទាំង៣២នាក់ថា កុំឲ្យតនឹងអ្នកណា ទោះតូច ឬធំក្តី ចូរតតែនឹងស្តេចអ៊ីស្រាអែល១ប៉ុណ្ណោះ
32. ដូច្នេះ កាលពួកមេទ័ពទាំងនោះបានឃើញយ៉ូសាផាត គេក៏បែរទៅបំរុងតនឹងទ្រង់ ដោយស្មានថា នេះប្រាកដជាស្តេចអ៊ីស្រាអែលហើយ តែយ៉ូសាផាតទ្រង់ស្រែកឡើង
33. កាលពួកមេទ័ពឃើញថា មិនមែនជាស្តេចអ៊ីស្រាអែលទេ នោះក៏លែងតាមតទៅ