1. ក្នុងរវាង៣ឆ្នាំនោះ សាសន៍ស៊ីរី និងសាសន៍អ៊ីស្រាអែល ឥតមានចំបាំងនឹងគ្នាឡើយ
2. តែដល់ឆ្នាំទី៣ នោះយ៉ូសាផាត ជាស្តេចយូដា ទ្រង់យាងចុះមកគាល់ស្តេចអ៊ីស្រាអែល
3. ហើយស្តេចអ៊ីស្រាអែលទ្រង់មានព្រះបន្ទូលនឹងពួកជំនិតទ្រង់ថា អ្នករាល់គ្នាដឹងហើយថា ក្រុងរ៉ាម៉ូត-កាឡាតជារបស់ផងយើង ចុះហេតុអ្វីបានជាយើងនៅតែស្ងៀម ឥតទៅចាប់យកពីកណ្តាប់ដៃស្តេចស៊ីរីមកវិញដូច្នេះ
4. រួចទ្រង់ទូលសួរយ៉ូសាផាតថា តើទ្រង់នឹងទៅច្បាំងនឹងក្រុងរ៉ាម៉ូត-កាឡាត ជាមួយនឹងទូលបង្គំឬទេ យ៉ូសាផាតទូលឆ្លើយថា ទូលបង្គំក៏ដូចជាទ្រង់ រាស្ត្ររបស់ទូលបង្គំក៏ដូចជារាស្ត្ររបស់ទ្រង់ ហើយសេះរបស់ទូលបង្គំទាំងប៉ុន្មាន ក៏ដូចជាសេះរបស់ទ្រង់ដែរ។
5. តែយ៉ូសាផាតទូលដល់ស្តេចអ៊ីស្រាអែលថា សូមទ្រង់ទូលសួរព្រះបន្ទូលនៃព្រះយេហូវ៉ាជាមុនសិន
6. ដូច្នេះ ស្តេចអ៊ីស្រាអែលក៏ប្រមូលពួកហោរាប្រហែលជា៤០០នាក់មកសួរថា តើត្រូវឲ្យយើងចេញទៅ ច្បាំងនឹងរ៉ាម៉ូត-កាឡាត ឬឈប់ខាន គេទូលឆ្លើយថា សូមយាងឡើងទៅចុះ ដ្បិតព្រះអម្ចាស់ទ្រង់នឹងប្រគល់គេ មកក្នុងកណ្តាប់ព្រះហស្តនៃព្រះករុណាហើយ
7. តែយ៉ូសាផាតសួរថា នៅទីនេះ តើគ្មានហោរាណាម្នាក់របស់ព្រះយេហូវ៉ា ល្មមឲ្យយើងសួរគាត់ដែរទេឬ
8. ស្តេចអ៊ីស្រាអែលទូលឆ្លើយថា មានម្នាក់ទៀត ដែលល្មមឲ្យយើងទូលសួរដល់ព្រះយេហូវ៉ាបាន គឺឈ្មោះមីកាយ៉ា ជាកូនយីមឡា តែទូលបង្គំស្អប់វា ដ្បិតវាមិនដែលទាយល្អពីទូលបង្គំសោះ គឺចេះតែទាយអាក្រក់វិញ យ៉ូសាផាតទូលថា សូមទ្រង់កុំមានព្រះបន្ទូលដូច្នោះឡើយ។
9. នោះស្តេចអ៊ីស្រាអែល ទ្រង់ហៅមហាតលិកម្នាក់មកបង្គាប់ថា ចូរទៅនាំមីកាយ៉ា ជាកូនយីមឡា មកនេះជាឆាប់ៗ
10. ឯស្តេចអ៊ីស្រាអែល និងយ៉ូសាផាត ជាស្តេចស្រុកយូដា ទ្រង់ព្រះពស្ត្ររាជ្យគង់លើបល្ល័ង្ករៀងអង្គ ត្រង់ទីធ្លា នៅទ្វារក្រុងសាម៉ារី ហើយពួកហោរាក៏ឈរទាយ នៅចំពោះទ្រង់
11. ឯសេដេគា ជាកូនក្នាណា គាត់បានធ្វើស្នែងដែក ហើយក៏ទូលថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ព្រះករុណានឹងជល់ពួកស៊ីរីដោយស្នែងនេះ ដរាបដល់វិនាសសូន្យទៅ
12. ហើយពួកហោរាទាំងអស់ក៏ទាយដូច្នោះដែរថា សូមយាងឡើងទៅឯរ៉ាម៉ូត-កាឡាត ហើយមានជ័យជំនះចុះ ដ្បិតព្រះយេហូវ៉ាទ្រង់នឹងប្រគល់ក្រុងនោះ មកក្នុងកណ្តាប់ព្រះហស្តនៃព្រះករុណាហើយ។
13. រីឯអ្នកដែលទៅហៅមីកាយ៉ាមក ក៏ប្រាប់គាត់ថា មើល ពួកហោរាទាំងអស់ សុទ្ធតែទាយល្អដល់ស្តេចព្រមគ្នា ដូច្នេះ សូមឲ្យពាក្យលោកបានដូចជាពាក្យរបស់ហោរាទាំងនោះដែរ ដោយពោលតែសេចក្តីល្អចុះ
14. តែមីកាយ៉ាឆ្លើយថា ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់ថា សេចក្តីណាដែលព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំ នោះខ្ញុំនឹងបញ្ចេញតាមសេចក្តីនោះ
15. រួចកាលបានចូលទៅគាល់ស្តេចហើយ នោះទ្រង់មានព្រះបន្ទូលសួរថា មីកាយ៉ាអើយ តើត្រូវឲ្យយើងទៅច្បាំងនឹងរ៉ាម៉ូត-កាឡាត ឬឈប់ខាន គាត់ទូលឡកថា សូមយាងទៅ ហើយមានជ័យជំនះចុះ ដ្បិតព្រះយេហូវ៉ាទ្រង់នឹងប្រគល់គេមកក្នុងកណ្តាប់ព្រះហស្តនៃព្រះករុណាហើយ
16. ដូច្នេះ ស្តេចទ្រង់មានព្រះបន្ទូលថា អញបានស្តីឯងប៉ុន្មានដងហើយ ឲ្យនិយាយតែសេចក្តីពិតប៉ុណ្ណោះ ដោយនូវព្រះនាមព្រះយេហូវ៉ា
17. គាត់ទូលឆ្លើយថា ទូលបង្គំបានឃើញពួកអ៊ីស្រាអែលត្រូវខ្ចាត់ខ្ចាយនៅលើភ្នំ ប្រៀបដូចជាហ្វូងចៀមដែលគ្មានអ្នកគង្វាល ហើយព្រះយេហូវ៉ាបានមានព្រះបន្ទូលថា ពួកទាំងនេះគ្មានចៅហ្វាយទេ ចូរឲ្យគេត្រឡប់ទៅផ្ទះរៀងខ្លួនវិញ ដោយសេចក្តីសុខចុះ