1. រីឯណាបោត ជាអ្នកស្រុកយេសរាល គាត់មានចំការទំពាំងបាយជូរ នៅស្រុកយេសរាល ជិតបង្កើយនឹងដំណាក់អ័ហាប់ ជាស្តេចនៃក្រុងសាម៉ារី
2. ហើយក្រោយការទាំងនោះមក អ័ហាប់ក៏មានព្រះបន្ទូលនឹងណាបោតថា ចូរឲ្យចំការទំពាំងបាយជូររបស់ឯងមកយើងចុះ ដើម្បីឲ្យយើងបានធ្វើច្បារបន្លែ ដ្បិតនៅជិតដំណាក់របស់យើង យើងនឹងឲ្យចំការ១ល្អជាងដល់ឯង ឬបើឯងចូលចិត្តនឹងប្រាក់ នោះយើងនឹងឲ្យតាមដំឡៃចំការនោះវិញ
3. តែណាបោតទូលតបថា សូមព្រះយេហូវ៉ាទ្រង់ឃាត់ កុំឲ្យទូលបង្គំថ្វាយមរដករបស់ពួកអយ្យកោទូលបង្គំ ដល់ព្រះករុណាឡើយ
4. អ័ហាប់ក៏ត្រឡប់ទៅឯដំណាក់ទ្រង់វិញ មានព្រះទ័យអន់អាក់ ថ្នាំងថ្នាក់ ដោយព្រោះពាក្យដែលណាបោត ជាអ្នកស្រុកយេសរាល បានទូលដល់ទ្រង់ថា ទូលបង្គំមិនថ្វាយមរដករបស់ពួកអយ្យកោទូលបង្គំ ដល់ព្រះករុណាទេ ហើយទ្រង់ក៏ប្រះផ្ទំលើព្រះទែនបន្ទំ បែរព្រះភក្ត្រចេញ មិនព្រមសោយព្រះស្ងោយឡើយ។
5. ឯយេសិបិល ជាភរិយាទ្រង់ ក៏មកទូលសួរថា ហេតុអ្វីបានជាព្រួយព្រះទ័យ មិនសោយព្រះស្ងោយដូច្នេះ
6. ទ្រង់មានព្រះបន្ទូលតបថា គឺពីព្រោះអញបាននិយាយនឹងណាបោត ជាអ្នកស្រុកយេសរាលថា ចូរលក់ចំការទំពាំងបាយជូរឯងមកឲ្យយើង ឬបើឯងចូលចិត្ត នោះយើងនឹងឲ្យចំការ១ផ្សេងទៀតប្តូរនឹងចំការនេះ តែវាឆ្លើយមកថា ទូលបង្គំមិនថ្វាយចំការទូលបង្គំដល់ទ្រង់ទេ
7. នោះយេសិបិល ជាភរិយា ក៏ទូលថា ឥឡូវនេះ ទ្រង់សោយរាជ្យនៅនគរអ៊ីស្រាអែលមិនមែនឬ សូមតើនឡើង សោយព្រះស្ងោយទៅ ឲ្យព្រះទ័យបានរីករាយសប្បាយចុះ ខ្ញុំម្ចាស់នឹងថ្វាយចំការទំពាំងបាយជូររបស់ណាបោត ជាអ្នកស្រុកយេសរាលដល់ទ្រង់
8. នោះព្រះនាងក៏ធ្វើសំបុត្រដោយនូវព្រះនាមអ័ហាប់ ហើយប្រថាប់ត្រាផែនដី រួចផ្ញើទៅពួកចាស់ទុំ និងពួកអ្នកមានត្រកូលខ្ពស់ ដែលនៅក្នុងទីក្រុង ជាមួយនឹងណាបោត
9. ក្នុងសំបុត្រនោះ ព្រះនាងបង្គាប់ថា ចូរប្រកាសប្រាប់ឲ្យមានបុណ្យត្រណម ហើយតាំងណាបោត ឲ្យអង្គុយនៅលើទីដ៏ប្រសើរកណ្តាលពួកជន
10. រួចនាំមនុស្សខូចអាក្រក់២នាក់មក ឲ្យឈរនៅមុខវា ដើម្បីធ្វើបន្ទាល់ទាស់នឹងវាថា វាបានប្រមាថដល់ព្រះ ហើយដល់ស្តេចផង ស្រេចហើយ ចូរនាំវាចេញទៅក្រៅ ចោលនឹងថ្មសំឡាប់ទៅ។
11. ពួកមនុស្សនៅក្រុងរបស់គាត់ គឺជាពួកចាស់ទុំ និងពួកអ្នកមានត្រកូលខ្ពស់ ដែលនៅទីក្រុងជាមួយនឹងគាត់ គេក៏ធ្វើតាមសេចក្តីដែលយេសិបិលបានបង្គាប់ ដូចជាសេចក្តីដែលព្រះនាងបានសរសេរចុះក្នុងសំបុត្រ ផ្ញើទៅគេ
12. គេក៏ប្រកាសប្រាប់ឲ្យមានបុណ្យត្រណម ហើយដាក់ណាបោត ឲ្យអង្គុយនៅទីដ៏ប្រសើរកណ្តាលពួកជន
13. រួចមានមនុស្សខូចអាក្រក់២នាក់ ចូលមកអង្គុយខាងមុខណាបោត ធ្វើបន្ទាល់ទាស់នឹងគាត់នៅមុខបណ្តាជនថា ណាបោតនេះបានប្រមាថដល់ព្រះ ហើយដល់ស្តេចផង ដូច្នេះ គេនាំយកគាត់ចេញទៅឯក្រៅទីក្រុង ហើយចោលសំឡាប់នឹងថ្មទៅ
14. រួចហើយគេចាត់មនុស្សឲ្យទៅទូលយេសិបិល ឲ្យជ្រាបថា បានចោលសំឡាប់ណាបោតនឹងថ្មហើយ