30. ឯសំណល់ដែលសល់នៅ គេបានរត់ចូលទៅក្នុងក្រុងអាផែក ហើយកំផែងក្រុងនោះក៏រលំមក សង្កត់ស្លាប់អស់២ម៉ឺន៧ពាន់នាក់ទៀត ឯបេន-ហាឌាឌ់ទ្រង់រត់ចូលទៅក្នុងទីក្រុង ពួននៅក្នុងបន្ទប់ខាងក្នុង។
31. ពួកជំនិតទ្រង់ទូលថា យើងខ្ញុំបានឮថា អស់ទាំងស្តេចនៃពួកអ៊ីស្រាអែល សុទ្ធតែជាស្តេចមានសេចក្តីមេត្តាករុណា ដូច្នេះ សូមយើងរាល់គ្នាស្លៀកសំពត់ធ្មៃ ហើយដាក់ខ្សែរូតនៅក ចេញទៅគាល់ស្តេចអ៊ីស្រាអែល ប្រហែលទ្រង់នឹងទុកជីវិតដល់ព្រះករុណាទេដឹង
32. ដូច្នេះ គេក៏ស្លៀកសំពត់ធ្មៃ ព្រមទាំងដាក់ខ្សែរូតនៅក ចេញទៅគាល់ស្តេចអ៊ីស្រាអែលទូលថា បេន-ហាឌាឌ់ជាអ្នកបំរើទ្រង់ទូលថា សូមទុកជីវិតឲ្យទូលបង្គំនៅរស់ផង ស្តេចអ៊ីស្រាអែលទ្រង់សួរថា ដូច្នេះតើលោកនៅរស់នៅឡើយឬ លោកជាបងប្អូននឹងយើងដែរ
33. អ្នកទាំងនោះបានយកពាក្យនោះទុកជាផ្នូលល្អ ក៏ទូលតបភ្លាមថា ហ្នឹងហើយបងប្អូនទ្រង់ រួចទ្រង់ប្រាប់គេថា ចូរទៅនាំលោកមក ដូច្នេះបេន-ហាឌាឌ់ក៏ចេញមកគាល់ទ្រង់ ហើយទ្រង់ឲ្យឡើងជិះលើរាជរថជាមួយនឹងទ្រង់