17. ហើយពួកពលទ័ពរបស់ចៅហ្វាយខែត្រទាំងប៉ុន្មានក៏នាំមុខចេញទៅ បេន-ហាដាឌ់ក៏ចាត់ម្នាក់ឲ្យទៅក្រៅមើល អ្នកនោះមកទូលដល់ទ្រង់វិញថា មានពួកមនុស្សចេញពីក្រុងសាម៉ារីមកហើយ
18. នោះទ្រង់បង្គាប់ថា ទោះបើគេចេញមកដោយមេត្រី ឬដោយចង់ធ្វើសង្គ្រាមក៏ដោយ គង់តែត្រូវចាប់គេមកទាំងរស់ដែរ
19. យ៉ាងនោះពួកទ័ពរបស់ចៅហ្វាយខែត្រទាំងប៉ុន្មាន និងកងទ័ពដែលទៅតាមក្រោយក៏ចេញពីទីក្រុងទៅ
20. គ្រប់គ្នាក៏សំឡាប់ខ្មាំងសត្រូវដែលតនឹងខ្លួន ដូច្នេះ ពួកស៊ីរីគេបែកខ្ញែករត់ទៅ ហើយពួកអ៊ីស្រាអែលក៏ដេញតាមឯបេន-ហាឌាឌ់ ជាស្តេចស្រុកស៊ីរី ទ្រង់ជិះសេះរត់រួចជាមួយនឹងពួកទ័ពសេះ
21. នេះគឺស្តេចអ៊ីស្រាអែល ទ្រង់ចេញទៅវាយទាំងពួកទ័ពសេះ និងរទេះចំបាំង ប្រហារជីវិតពួកស៊ីរីយ៉ាងសន្ធឹក។
22. រួចមក ហោរានោះក៏ចូលទៅឯស្តេចអ៊ីស្រាអែលទូលថា សូមទ្រង់ទៅចំរើនកំឡាំងឡើង ហើយខំប្រឹងមើលការដែលទ្រង់ធ្វើ ដ្បិតដល់ចូលឆ្នាំថ្មី ស្តេចស៊ីរីនឹងឡើងមកច្បាំងនឹងទ្រង់ទៀត។
23. ឯពួកជំនិតខាងស្តេចស៊ីរីគេទូលស្តេចរបស់ខ្លួនថា ព្រះរបស់គេជាព្រះនៃភ្នំ បានជាម្តងនេះគេពូកែជាងយើងរាល់គ្នា ដូច្នេះ សូមយើងរាល់គ្នាតនឹងគេនៅស្រុកវាលចុះ នោះប្រាកដជាយើងនឹងបានពូកែជាងគេវិញ
24. ហើយត្រូវធ្វើដូច្នេះ គឺត្រូវដកពួកស្តេចទាំងប៉ុន្មានពីចំណែករបស់ទ្រង់ចេញ ហើយតាំងឲ្យមានមេទ័ពឡើងជំនួសវិញ
25. រួចសូមលើកពលទ័ព ឲ្យស្មើនឹងពលទ័ពដែលទើបនឹងបាត់នោះ គឺចំនួនសេះស្មើគ្នា និងចំនួនរទេះក៏ស្មើគ្នា នោះយើងរាល់គ្នានឹងច្បាំងនឹងគេនៅស្រុកវាល ប្រាកដជាយើងនឹងមានកំឡាំងជាងគេ ទ្រង់ក៏យល់ព្រមតាមពាក្យគេ ហើយបានធ្វើដូច្នោះ។
26. លុះដល់ចូលឆ្នាំថ្មី បេន-ហាដាឌ់ក៏ត្រួតមើលពួកទ័ពស៊ីរី ហើយឡើងទៅដល់ក្រុងអាផែក ដើម្បីច្បាំងនឹងពួកអ៊ីស្រាអែល
27. ពួកកូនចៅអ៊ីស្រាអែលក៏មានគេត្រួតត្រាមើល ហើយចែកស្បៀងអាហារឲ្យដែរ រួចគេចេញទៅទាស់នឹងពួកស៊ីរី ឯពួកកូនចៅអ៊ីស្រាអែល គេបោះទ័ពទល់មុខនឹងពួកស៊ីរី ដូចជាកូនពពែ២ហ្វូងយ៉ាងតូច តែពួកស៊ីរី គេនៅពេញពាស ក្នុងស្រុកនោះ
28. គ្រានោះ មានអ្នកសំណប់របស់ព្រះម្នាក់ បានចូលមកទូលដល់ស្តេចអ៊ីស្រាអែលថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ដោយព្រោះពួកស៊ីរីបាននិយាយថា ព្រះយេហូវ៉ាទ្រង់ជាព្រះនៃភ្នំ មិនមែនជាព្រះនៃស្រុកវាលទេ បានជាអញនឹងប្រគល់ហ្វូងទ័ពធំទាំងនេះ មកក្នុងកណ្តាប់ដៃឯង ហើយឯងនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត
29. គេក៏បោះទ័ពប្រទល់មុខគ្នាអស់៧ថ្ងៃ ដល់ថ្ងៃទី៧ នោះគេចូលតយុទ្ធគ្នា ក្នុង១ថ្ងៃនោះឯង ពួកកូនចៅអ៊ីស្រាអែលក៏សំឡាប់ពួកពលថ្មើរជើងរបស់សាសន៍ស៊ីរី អស់១សែននាក់
30. ឯសំណល់ដែលសល់នៅ គេបានរត់ចូលទៅក្នុងក្រុងអាផែក ហើយកំផែងក្រុងនោះក៏រលំមក សង្កត់ស្លាប់អស់២ម៉ឺន៧ពាន់នាក់ទៀត ឯបេន-ហាឌាឌ់ទ្រង់រត់ចូលទៅក្នុងទីក្រុង ពួននៅក្នុងបន្ទប់ខាងក្នុង។
31. ពួកជំនិតទ្រង់ទូលថា យើងខ្ញុំបានឮថា អស់ទាំងស្តេចនៃពួកអ៊ីស្រាអែល សុទ្ធតែជាស្តេចមានសេចក្តីមេត្តាករុណា ដូច្នេះ សូមយើងរាល់គ្នាស្លៀកសំពត់ធ្មៃ ហើយដាក់ខ្សែរូតនៅក ចេញទៅគាល់ស្តេចអ៊ីស្រាអែល ប្រហែលទ្រង់នឹងទុកជីវិតដល់ព្រះករុណាទេដឹង
32. ដូច្នេះ គេក៏ស្លៀកសំពត់ធ្មៃ ព្រមទាំងដាក់ខ្សែរូតនៅក ចេញទៅគាល់ស្តេចអ៊ីស្រាអែលទូលថា បេន-ហាឌាឌ់ជាអ្នកបំរើទ្រង់ទូលថា សូមទុកជីវិតឲ្យទូលបង្គំនៅរស់ផង ស្តេចអ៊ីស្រាអែលទ្រង់សួរថា ដូច្នេះតើលោកនៅរស់នៅឡើយឬ លោកជាបងប្អូននឹងយើងដែរ
33. អ្នកទាំងនោះបានយកពាក្យនោះទុកជាផ្នូលល្អ ក៏ទូលតបភ្លាមថា ហ្នឹងហើយបងប្អូនទ្រង់ រួចទ្រង់ប្រាប់គេថា ចូរទៅនាំលោកមក ដូច្នេះបេន-ហាឌាឌ់ក៏ចេញមកគាល់ទ្រង់ ហើយទ្រង់ឲ្យឡើងជិះលើរាជរថជាមួយនឹងទ្រង់
34. នោះបេន-ហាដាឌ់ទូលទ្រង់ថា អស់ទាំងទីក្រុងដែលព្រះបិតាទូលបង្គំបានរឹបយកពីព្រះបិតាទ្រង់ នោះទូលបង្គំនឹងប្រគល់ថ្វាយទាំងអស់វិញ ហើយទ្រង់នឹងធ្វើថ្នល់សំរាប់ទ្រង់នៅក្រុងដាម៉ាសបាន ដូចជាព្រះបិតាទូលបង្គំបានធ្វើនៅក្រុងសាម៉ារីដែរ អ័ហាប់មានព្រះបន្ទូលឆ្លើយថា ឯខ្ញុំៗនឹងឲ្យលោកទៅវិញ ដោយសេចក្តីសញ្ញានេះ ដូច្នេះ ទ្រង់ក៏តាំងសេចក្តីសញ្ញានឹងគ្នា រួចលែងឲ្យទៅវិញ។
35. បន្ទាប់មក មានម្នាក់ជាសិស្សពួកហោរា គាត់និយាយទៅគូកន ដោយព្រះបន្ទូលព្រះយេហូវ៉ាថា សូមឲ្យវាយខ្ញុំចុះ តែអ្នកនោះមិនព្រមវាយទេ
36. គាត់ក៏ប្រាប់ថា ដោយព្រោះអ្នកមិនបានស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ានោះមើល កាលណាអ្នកចេញពីខ្ញុំទៅ នឹងមានសិង្ហមកសំឡាប់អ្នក ដូច្នេះ កាលអ្នកនោះបានចេញពីគាត់ទៅ ក៏មានសិង្ហ១មកប្រទះ ហើយសំឡាប់ទៅ