16. គេក៏ចេញទៅនៅពេលថ្ងៃត្រង់ ឯបេន-ហាឌាឌ់ និងពួកស្តេចរងទាំង៣២អង្គ ដែលមកជួយទ្រង់ គេកំពុងតែសោយស្រាស្រវឹង នៅក្នុងពន្លា
17. ហើយពួកពលទ័ពរបស់ចៅហ្វាយខែត្រទាំងប៉ុន្មានក៏នាំមុខចេញទៅ បេន-ហាដាឌ់ក៏ចាត់ម្នាក់ឲ្យទៅក្រៅមើល អ្នកនោះមកទូលដល់ទ្រង់វិញថា មានពួកមនុស្សចេញពីក្រុងសាម៉ារីមកហើយ
18. នោះទ្រង់បង្គាប់ថា ទោះបើគេចេញមកដោយមេត្រី ឬដោយចង់ធ្វើសង្គ្រាមក៏ដោយ គង់តែត្រូវចាប់គេមកទាំងរស់ដែរ
19. យ៉ាងនោះពួកទ័ពរបស់ចៅហ្វាយខែត្រទាំងប៉ុន្មាន និងកងទ័ពដែលទៅតាមក្រោយក៏ចេញពីទីក្រុងទៅ
20. គ្រប់គ្នាក៏សំឡាប់ខ្មាំងសត្រូវដែលតនឹងខ្លួន ដូច្នេះ ពួកស៊ីរីគេបែកខ្ញែករត់ទៅ ហើយពួកអ៊ីស្រាអែលក៏ដេញតាមឯបេន-ហាឌាឌ់ ជាស្តេចស្រុកស៊ីរី ទ្រង់ជិះសេះរត់រួចជាមួយនឹងពួកទ័ពសេះ
21. នេះគឺស្តេចអ៊ីស្រាអែល ទ្រង់ចេញទៅវាយទាំងពួកទ័ពសេះ និងរទេះចំបាំង ប្រហារជីវិតពួកស៊ីរីយ៉ាងសន្ធឹក។
22. រួចមក ហោរានោះក៏ចូលទៅឯស្តេចអ៊ីស្រាអែលទូលថា សូមទ្រង់ទៅចំរើនកំឡាំងឡើង ហើយខំប្រឹងមើលការដែលទ្រង់ធ្វើ ដ្បិតដល់ចូលឆ្នាំថ្មី ស្តេចស៊ីរីនឹងឡើងមកច្បាំងនឹងទ្រង់ទៀត។
23. ឯពួកជំនិតខាងស្តេចស៊ីរីគេទូលស្តេចរបស់ខ្លួនថា ព្រះរបស់គេជាព្រះនៃភ្នំ បានជាម្តងនេះគេពូកែជាងយើងរាល់គ្នា ដូច្នេះ សូមយើងរាល់គ្នាតនឹងគេនៅស្រុកវាលចុះ នោះប្រាកដជាយើងនឹងបានពូកែជាងគេវិញ
24. ហើយត្រូវធ្វើដូច្នេះ គឺត្រូវដកពួកស្តេចទាំងប៉ុន្មានពីចំណែករបស់ទ្រង់ចេញ ហើយតាំងឲ្យមានមេទ័ពឡើងជំនួសវិញ
25. រួចសូមលើកពលទ័ព ឲ្យស្មើនឹងពលទ័ពដែលទើបនឹងបាត់នោះ គឺចំនួនសេះស្មើគ្នា និងចំនួនរទេះក៏ស្មើគ្នា នោះយើងរាល់គ្នានឹងច្បាំងនឹងគេនៅស្រុកវាល ប្រាកដជាយើងនឹងមានកំឡាំងជាងគេ ទ្រង់ក៏យល់ព្រមតាមពាក្យគេ ហើយបានធ្វើដូច្នោះ។
26. លុះដល់ចូលឆ្នាំថ្មី បេន-ហាដាឌ់ក៏ត្រួតមើលពួកទ័ពស៊ីរី ហើយឡើងទៅដល់ក្រុងអាផែក ដើម្បីច្បាំងនឹងពួកអ៊ីស្រាអែល