១ ពង្សាវតារក្សត្រ 2:12-31 ព្រះគម្ពីរបរិសុទ្ធ (KHOV)

12. រួច​សាឡូ‌ម៉ូន​ក៏​ឡើង​គង់​លើ​បល្ល័ង្ក​របស់​ដាវីឌ ជា​ព្រះ‌បិតា​ទ្រង់ ហើយ​រាជ្យ​ទ្រង់​ក៏​បាន​ខ្ជាប់‌ខ្ជួន​មាំ‌មួន​ឡើង។

13. គ្រា​១​អ័ដូ‌នីយ៉ា ជា​បុត្រ​នាង​ហាគីត ចូល​មក​គាល់​បាត‌សេបា ជា​មាតា​សាឡូ‌ម៉ូន ព្រះ‌នាង​សួរ​ថា ឯង​មក​នេះ​ដោយ​មេត្រី​ឬ​អី ទ្រង់​ទូល​ឆ្លើយ​ថា ដោយ​មេត្រី​ទេ

14. រួច​ទ្រង់​ទូល​ទៀត​ថា ទូល‌បង្គំ​មាន​ការ​ចង់​ទូល​នឹង​ព្រះ‌នាង​បន្តិច ព្រះ‌នាង​ក៏​ប្រាប់​ថា ចូរ​និយាយ​មក​ចុះ

15. នោះ​ទ្រង់​ទូល​ថា ព្រះ‌នាង​ជ្រាប​ហើយ ថា​រាជ្យ​នេះ​ជា​របស់​ផង​ទូល‌បង្គំ ហើយ​ថា សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​បាន​មើល​ចំ​ទូល‌បង្គំ ដោយ​សង្ឃឹម​នឹង​គ្រង​រាជ្យ​ឡើង ប៉ុន្តែ​រាជ្យ​បាន​ត្រឡប់​វិល​ទៅ​ជា​របស់​ផង​ប្អូន​ទូល‌បង្គំ​វិញ ដ្បិត​គឺ​ព្រះ‌យេហូវ៉ា​ដែល​ទ្រង់​ប្រទាន​ទៅ​ឲ្យ

16. ឥឡូវ​នេះ ទូល‌បង្គំ​សូម​តែ​សេចក្តី​១​ចំពោះ​ព្រះ‌នាង​ប៉ុណ្ណោះ សូម​កុំ​ប្រកែក​ឡើយ ព្រះ‌នាង​ឆ្លើយ​តប​ថា ចូរ​ពោល​ឲ្យ​អស់​សេចក្តី​ទៅ​ចុះ

17. ដូច្នេះ ទ្រង់​ទូល​ថា ទូល‌បង្គំ​សូម​ព្រះ‌នាង​ទូល​ដល់​ស្តេច​សាឡូ‌ម៉ូន ដ្បិត​ទ្រង់​នឹង​មិន​ប្រកែក​ចំពោះ​ព្រះ‌នាង​ទេ គឺ​សូម​ឲ្យ​ទ្រង់​ប្រទាន​នាង​អ័ប៊ី‌សាក ជា​អ្នក​ស្រុក​ស៊ូណែម​មក​ឲ្យ​ធ្វើ​ជា​ប្រពន្ធ​របស់​ទូល‌បង្គំ

18. បាត‌សេបា​ទទួល​ថា​អើ អញ​នឹង​ទូល​ដល់​ស្តេច​ឲ្យ​ឯង។

19. ដូច្នេះ បាត‌សេបា​ក៏​ចូល​ទៅ​គាល់​ស្តេច​សាឡូ‌ម៉ូន ដើម្បី​ទូល​ទ្រង់​ឲ្យ​អ័ដូ‌នីយ៉ា ឯ​ស្តេច​ទ្រង់​ក្រោក​ឡើង​ទទួល ក៏​ឱន​ព្រះ‌អង្គ​គោរព រួច​គង់​លើ​បល្ល័ង្ក​ទ្រង់​វិញ ហើយ​បង្គាប់​ឲ្យ​គេ​យក​បល្ល័ង្ក​១​មក​ដាក់​ថ្វាយ​មាតា​ទ្រង់ ព្រះ‌នាង​ក៏​គង់​ខាង​ស្តាំ​ទ្រង់ ទូល​ថា

20. មាតា​ចង់​សូម​ការ​តូច​១​ពី​បុត្រ សូម​កុំ​ប្រកែក​ឡើយ ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា សូម​ព្រះ‌មាតា​មាន​ព្រះ‌សវនីយ៍​មក​ចុះ ដ្បិត​ទូល‌បង្គំ​មិន​ប្រកែក​ទេ

21. ដូច្នេះ ព្រះ‌នាង​ទូល​ថា សូម​ប្រទាន​នាង​អ័ប៊ី‌សាក ជា​អ្នក​ស្រុក​ស៊ូណែម ឲ្យ​ទៅ​ធ្វើ​ជា​ប្រពន្ធ​អ័ដូ‌នីយ៉ា​ជា​ជេដ្ឋា​ទៅ

22. ស្តេច​សាឡូ‌ម៉ូន ទ្រង់​ឆ្លើយ​តប​ទៅ​មាតា​ថា ហេតុ​អ្វី​បាន​ជា​ព្រះ‌មាតា​សូម​នាង​អ័ប៊ី‌សាក ជា​អ្នក​ស្រុក​ស៊ូណែម ឲ្យ​អ័ដូ‌នីយ៉ា​ដូច្នេះ ត្រូវ​សូម​ទាំង​រាជ‌សម្បត្តិ​ឲ្យ​វា​ផង ដ្បិត​វា​ជា​បង​របស់​ទូល‌បង្គំ​ស្រាប់ គឺ​សូម​ឲ្យ​វា និង​អ័បៀ‌ថើរ​ដ៏​ជា​សង្ឃ ហើយ​នឹង​យ៉ូអាប់ ជា​កូន​សេរូយ៉ា​ដែរ

23. នោះ​ស្តេច​សាឡូ‌ម៉ូន​ក៏​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ថា បើ​អ័ដូ‌នីយ៉ា​មិន​ត្រូវ​ស្លាប់ ដោយ​ព្រោះ​ពោល​ពាក្យ​នេះ​ទេ នោះ​សូម​ឲ្យ​ព្រះ​ទ្រង់​ប្រព្រឹត្ត​នឹង​ទូល‌បង្គំ​យ៉ាង​នេះ ហើយ​លើស​ទៅ​ទៀត​ផង

24. ដូច្នេះ ទូល‌បង្គំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ដែល​ទ្រង់​បាន​តាំង​ទូល‌បង្គំ​ឡើង​ឲ្យ​អង្គុយ​លើ​បល្ល័ង្ក​នៃ​ដាវីឌ ជា​ព្រះ‌វរ‌បិតា ហើយ​បាន​ឲ្យ​ទូល‌បង្គំ​មាន​ជំនួរ​វង្ស ដូច​ជា​ទ្រង់​បាន​សន្យា​ទុក គឺ​ស្បថ​ថា នៅ​ថ្ងៃ​នេះ​អ័ដូ‌នីយ៉ា​ត្រូវ​ស្លាប់​ជា​ពិត

25. ស្តេច​ក៏​ចាត់​បេណាយ៉ា ជា​កូន​យេហូ‌យ៉ាដា ឲ្យ​ទៅ​ប្រហារ​ជីវិត​អ័ដូ‌នីយ៉ា ហើយ​ទ្រង់​ក៏​សុគត​ទៅ។

26. ខណៈ​នោះ ស្តេច​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​អ័បៀ‌ថើរ​ដ៏​ជា​សង្ឃ​ថា ចូរ​ឯង​ត្រឡប់​ទៅ​ឯ​ស្រែ​ចំការ​របស់​ឯង ដែល​នៅ​ស្រុក​អាន៉ា‌ថោត​វិញ​ទៅ ដ្បិត​ឯង​គួរ​នឹង​ស្លាប់​ហើយ ប៉ុន្តែ​យើង​មិន​សំឡាប់​នៅ​វេលា​នេះ​ទេ ព្រោះ​ឯង​ជា​អ្នក​សែង​ហឹប​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា នៅ​ចំពោះ​ដាវីឌ ជា​ព្រះ‌វរ‌បិតា​យើង ហើយ​ដោយ​ព្រោះ​ឯង​បាន​រង​ទុក្ខ ក្នុង​គ្រប់​ទាំង​សេចក្តី​លំបាក​របស់​ព្រះ‌វរ‌បិតា​យើង​ដែរ

27. ដូច្នេះ សាឡូ‌ម៉ូន​បាន​បណ្តេញ​អ័បៀ‌ថើរ ចេញ​ពី​ដំណែង​ងារ​ជា​សង្ឃ​នៃ​ព្រះ‌យេហូវ៉ា​ទៅ ដើម្បី​ឲ្យ​បាន​សំរេច​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​វង្សា​អេលី​នៅ​ត្រង់​ស៊ីឡូរ។

28. ដំណឹង​នោះ​ក៏​ឮ​ទៅ​ដល់​យ៉ូអាប់ ហើយ​លោក​ក៏​រត់​ទៅ​ឯ​ត្រសាល​នៃ​ព្រះ‌យេហូវ៉ា ចាប់​កាន់​ស្នែង​អាស‌នា ដ្បិត​ទោះ​បើ​លោក​មិន​បាន​ទៅ​តាម​អាប់‌សា‌ឡំម​ក៏​ពិត ប៉ុន្តែ​បាន​និយម​តាម​អ័ដូ‌នីយ៉ា​ដែរ

29. មាន​គេ​មក​ក្រាប​ទូល​ស្តេច​សាឡូ‌ម៉ូន​ថា យ៉ូអាប់​បាន​រត់​ទៅ​ឯ​ត្រសាល​នៃ​ព្រះ‌យេហូវ៉ា​ហើយ ក៏​នៅ​ជិត​អាស‌នា នោះ​សាឡូ‌ម៉ូន​ចាត់​បេណាយ៉ា ជា​កូន​យេហូ‌យ៉ាដា ឲ្យ​ទៅ​ដោយ​ព្រះ‌បន្ទូល​ថា ចូរ​ទៅ​ប្រហារ​ជីវិត​វា​ទៅ

30. បេណាយ៉ា​ក៏​ទៅ​ឯ​ត្រសាល​នៃ​ព្រះ‌យេហូវ៉ា​ប្រាប់​យ៉ូអាប់​ថា ស្តេច​ទ្រង់​បង្គាប់​ឲ្យ​ចេញ​មក តែ​លោក​ប្រកែក​ថា ទេ ខ្ញុំ​នឹង​ស្លាប់​នៅ​ទី​នេះ​វិញ ដូច្នេះ​បេណាយ៉ា​ក៏​ទៅ​ក្រាប​ទូល​ដល់​ស្តេច​ថា យ៉ូអាប់​បាន​ឆ្លើយ​មក​ទូល‌បង្គំ​យ៉ាង​នោះ

31. ស្តេច​មាន​ព្រះ‌បន្ទូល​តប​ថា ចូរ​ធ្វើ​តាម​ពាក្យ​វា​ចុះ ចូរ​សំឡាប់​វា ហើយ​កប់​វា​ទៅ ដើម្បី​នឹង​លុប​ឈាម ដែល​យ៉ូអាប់​បាន​កំចាយ ដោយ​ឥត​ហេតុ​ចេញ​ពី​យើង ហើយ​ពី​ជំនួរ​វង្ស នៃ​ព្រះ‌វរ‌បិតា​យើង​ទៅ

១ ពង្សាវតារក្សត្រ 2