1. រីឯពេលកំណត់ ដែលដាវីឌត្រូវសុគត បានជិតដល់ ទ្រង់ក៏ផ្តាំសាឡូម៉ូន ជាព្រះរាជបុត្រាទ្រង់ថា
2. អញរៀបនឹងទៅតាមផ្លូវរបស់មនុស្សលោកទាំងឡាយហើយ ដូច្នេះ ចូរឯងខំប្រឹងឡើង ហើយសំដែងខ្លួនឲ្យបានពេញជាប្រុសចុះ
3. ចូររក្សាបញ្ញើរបស់ព្រះយេហូវ៉ា ជាព្រះនៃឯង ដើម្បីប្រព្រឹត្តតាមអស់ទាំងផ្លូវរបស់ទ្រង់ ព្រមទាំងកាន់តាមសេចក្តីបង្គាប់ និងក្រឹត្យក្រម ហើយនឹងសេចក្តីបន្ទាល់របស់ទ្រង់តាមសេចក្តី ដែលបានកត់ទុកហើយ ក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេ ប្រយោជន៍ឲ្យឯងបានប្រព្រឹត្តដោយប្រាជ្ញាក្នុងគ្រប់ទាំងការដែលឯងធ្វើ ហើយនៅកន្លែងណាដែលឯងទៅ
4. ដើម្បីឲ្យព្រះយេហូវ៉ាបានសំរេចតាមព្រះបន្ទូលដែលទ្រង់បានមានព្រះបន្ទូលនឹងអញថា បើកូនចៅឯងរក្សាផ្លូវរបស់គេ ឲ្យបានដើរនៅចំពោះមុខអញ ដោយស្មោះត្រង់ អស់ពីចិត្ត អស់ពីព្រលឹងគេ នោះនឹងមិនដែលខានមានពូជឯង អង្គុយលើបល្ល័ង្ករាជ្យ នៃសាសន៍អ៊ីស្រាអែលឡើយ។
5. មួយទៀតឯងដឹងការ ដែលយ៉ូអាប់ ជាកូនសេរូយ៉ាបានប្រព្រឹត្តនឹងអញ ជាការដែលវាបានធ្វើដល់មេទ័ពសាសន៍អ៊ីស្រាអែល២នាក់នោះ គឺអ័ប៊ីនើរ ជាកូននើរហើយនឹងអ័ម៉ាសា ជាកូនយេធើ ដែលវាបានសំឡាប់បង់ ទាំងកំចាយឈាមចំបាំង នៅវេលាសុខសាន្តត្រាណ ក៏បានប្រឡាក់សំពត់ក្រវាត់ ដែលនៅចង្កេះខ្លួន និងស្បែកជើងដែលវាពាក់ ដោយឈាមចំបាំង
6. ដូច្នេះ ចូរឯងប្រព្រឹត្តដោយប្រាជ្ញារបស់ឯង កុំឲ្យសក់ស្កូវរបស់វាចុះទៅដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់ ដោយសុខសាន្តឡើយ
7. តែចូរសំដែងសេចក្តីសប្បុរស ដល់ពួកកូនបារស៊ីឡាយជាពួកស្រុកកាឡាតវិញ ហើយឲ្យគេនៅក្នុងពួកអ្នកដែលបរិភោគនៅតុឯង ដ្បិតគេបានមកទទួលអញ នៅគ្រាដែលអញបានរត់ពីអាប់សាឡំម ជាបងឯងទៅ
8. មួយទៀតមានស៊ីម៉ាយ ជាកូនកេរ៉ា ក្នុងពូជអំបូរបេនយ៉ាមីន ជាអ្នកស្រុកបាហ៊ូរីម នៅជាមួយនឹងឯងដែរ វាបានជេរប្រមាថដល់អញ ដោយពាក្យជេរយ៉ាងធ្ងន់ នៅថ្ងៃដែលអញបានទៅឯស្រុកម៉ាហាណែម ប៉ុន្តែវាបានចុះមកក្រាបទទួលអញនៅទន្លេយ័រដាន់វិញ ហើយអញបានស្បថនឹងវាដោយនូវព្រះយេហូវ៉ាថា អញមិនសំឡាប់វាដោយដាវទេ
9. ដូច្នេះ កុំទុកឲ្យវានៅជាឥតទោសឡើយ ដ្បិតឯងជាអ្នកប្រាជ្ញ ឯងដឹងជាត្រូវប្រព្រឹត្តយ៉ាងណាដល់វា ត្រូវឲ្យសក់ស្កូវវាចុះទៅដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់ដោយឈាម។
10. ស្រេចហើយ ដាវីឌក៏ផ្ទំលក់ទៅ ជាមួយនឹងពួកអយ្យកោទ្រង់ទៅ ហើយគេបញ្ចុះសពទ្រង់ នៅក្នុងទីក្រុងដាវីឌ
11. ឯពេលវេលាដែលស្តេចដាវីឌសោយរាជ្យលើសាសន៍អ៊ីស្រាអែល ទាំងអស់បាន៤០ឆ្នាំ គឺសោយរាជ្យនៅក្រុងហេប្រុនបាន៧ឆ្នាំ ហើយនៅក្រុងយេរូសាឡិមបាន៣៣ឆ្នាំ
12. រួចសាឡូម៉ូនក៏ឡើងគង់លើបល្ល័ង្ករបស់ដាវីឌ ជាព្រះបិតាទ្រង់ ហើយរាជ្យទ្រង់ក៏បានខ្ជាប់ខ្ជួនមាំមួនឡើង។
13. គ្រា១អ័ដូនីយ៉ា ជាបុត្រនាងហាគីត ចូលមកគាល់បាតសេបា ជាមាតាសាឡូម៉ូន ព្រះនាងសួរថា ឯងមកនេះដោយមេត្រីឬអី ទ្រង់ទូលឆ្លើយថា ដោយមេត្រីទេ
14. រួចទ្រង់ទូលទៀតថា ទូលបង្គំមានការចង់ទូលនឹងព្រះនាងបន្តិច ព្រះនាងក៏ប្រាប់ថា ចូរនិយាយមកចុះ
15. នោះទ្រង់ទូលថា ព្រះនាងជ្រាបហើយ ថារាជ្យនេះជារបស់ផងទូលបង្គំ ហើយថា សាសន៍អ៊ីស្រាអែលទាំងអស់បានមើលចំទូលបង្គំ ដោយសង្ឃឹមនឹងគ្រងរាជ្យឡើង ប៉ុន្តែរាជ្យបានត្រឡប់វិលទៅជារបស់ផងប្អូនទូលបង្គំវិញ ដ្បិតគឺព្រះយេហូវ៉ាដែលទ្រង់ប្រទានទៅឲ្យ
16. ឥឡូវនេះ ទូលបង្គំសូមតែសេចក្តី១ចំពោះព្រះនាងប៉ុណ្ណោះ សូមកុំប្រកែកឡើយ ព្រះនាងឆ្លើយតបថា ចូរពោលឲ្យអស់សេចក្តីទៅចុះ