7. ទេវតានៃព្រះយេហូវ៉ាក៏មកដាស់ម្តងទៀតប្រាប់ថា ចូរក្រោកឡើងបរិភោគទៅ ដ្បិតផ្លូវដែលត្រូវដើរ នោះហួសកំឡាំងឯងណាស់
8. លោកក៏ក្រោកឡើងបរិភោគទៅ ហើយដោយសារកំឡាំង ដែលបានពីអាហារនោះ លោកក៏ដើរទៅអស់៤០ថ្ងៃ៤០យប់ បានដល់ទៅភ្នំហោរែប ជាភ្នំនៃព្រះ។
9. កាលលោកបានទៅដល់ហើយ នោះក៏ចូលទៅអាស្រ័យក្នុងរអាង១នៅទីនោះ គ្រានោះ ឮព្រះបន្ទូលនៃព្រះយេហូវ៉ាមកសួរថា អេលីយ៉ាអើយ តើធ្វើអីនៅទីនេះ
10. លោកទូលថា ទូលបង្គំបានមានចិត្តឈឺឆ្អាលនឹងព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារជាខ្លាំង ដ្បិតពួកកូនចៅអ៊ីស្រាអែល គេបានបោះបង់ចោលសេចក្តីសញ្ញាទ្រង់ គេបានរំលំអស់ទាំងអាសនារបស់ទ្រង់ ហើយបានសំឡាប់ពួកហោរាទ្រង់ដោយដាវផង នៅសល់តែទូលបង្គំម្នាក់ឯងប៉ុណ្ណោះ ហើយគេរកជីវិតទូលបង្គំថែមទៀត
11. ទ្រង់មានព្រះបន្ទូលទៅថា ចូរឯងចេញទៅឈរលើភ្នំនៅចំពោះព្រះយេហូវ៉ាចុះ នោះមើល ព្រះយេហូវ៉ាទ្រង់យាងទៅតាមទីនោះ ហើយកើតមានខ្យល់ព្យុះគំហុកជាខ្លាំង បក់មកប៉ះបំបាក់ភ្នំបំបែកថ្មខ្ទេចខ្ទីនៅចំពោះព្រះយេហូវ៉ា តែព្រះយេហូវ៉ាទ្រង់មិនមែនគង់នៅក្នុងខ្យល់នោះទេ ក្រោយខ្យល់នោះមក ក៏មានកក្រើកដី តែព្រះយេហូវ៉ាទ្រង់មិនមែនគង់នៅក្នុងការកក្រើកដីនោះទេ
12. បន្ទាប់ពីការកក្រើកដីនោះមក នោះមានភ្លើងឆេះ តែព្រះយេហូវ៉ាទ្រង់មិនមែនគង់នៅក្នុងភ្លើងនោះទេ ក្រោយពីភ្លើងនោះមក មានឮសំឡេងតូចរហៀងៗ