1. អ័ហាប់ទ្រង់ប្រាប់ដល់យេសិបិល ពីគ្រប់ទាំងការ ដែលអេលីយ៉ាបានធ្វើ ហើយពីការដែលលោកបានសំឡាប់ហោរាទាំងប៉ុន្មានដោយដាវ
2. ដូច្នេះ យេសិបិល ព្រះនាងចាត់គេឲ្យនាំពាក្យទៅប្រាប់អេលីយ៉ាថា ដល់ស្អែកនេះ ពេលថ្មើរនេះ បើយើងមិនបានធ្វើឲ្យជីវិតឯងបានដូចជាជីវិតនៃអ្នកទាំងនោះទេ នោះសូមឲ្យអស់ទាំងព្រះធ្វើដល់យើងដូច្នោះវិញ ហើយលើសទៅទៀតផង
3. កាលលោកបានជ្រាបដូច្នោះហើយ នោះក៏ក្រោកឡើងរត់ទៅឲ្យរួចជីវិត បានដល់ទៅបៀរ-សេបា ជាស្រុករបស់ពួកយូដា លោកក៏ទុកអ្នកបំរើនៅទីនោះ
4. តែខ្លួនលោកដើរពេញ១ថ្ងៃ ចូលក្នុងទីរហោស្ថាន ទៅអង្គុយនៅក្រោមដើមដង្កោ រួចទូលសូមឲ្យខ្លួនស្លាប់ទៅ ដោយពាក្យថា ល្មមហើយ ឱព្រះយេហូវ៉ាអើយ សូមយកព្រលឹងទូលបង្គំទៅឥឡូវចុះ ដ្បិតទូលបង្គំមិនវិសេសជាងពួកអយ្យកោទូលបង្គំទេ
5. លោកក៏ប្រះខ្លួនដេកលក់ នៅក្រោមដើមដង្កោនោះទៅ នោះមានទេវតាមកដាស់លោកប្រាប់ថា ចូរក្រោកឡើងបរិភោគសិន
6. លោកក្រឡេកមើលទៅឃើញនៅក្បាលដំណេក មាននំដុតឆ្អិននៅលើធ្យូងភ្លើង ហើយមានទឹក១ក្អមផង នោះលោកក៏បរិភោគនំ និងទឹកនោះ រួចដេកទៅវិញ
7. ទេវតានៃព្រះយេហូវ៉ាក៏មកដាស់ម្តងទៀតប្រាប់ថា ចូរក្រោកឡើងបរិភោគទៅ ដ្បិតផ្លូវដែលត្រូវដើរ នោះហួសកំឡាំងឯងណាស់
8. លោកក៏ក្រោកឡើងបរិភោគទៅ ហើយដោយសារកំឡាំង ដែលបានពីអាហារនោះ លោកក៏ដើរទៅអស់៤០ថ្ងៃ៤០យប់ បានដល់ទៅភ្នំហោរែប ជាភ្នំនៃព្រះ។
9. កាលលោកបានទៅដល់ហើយ នោះក៏ចូលទៅអាស្រ័យក្នុងរអាង១នៅទីនោះ គ្រានោះ ឮព្រះបន្ទូលនៃព្រះយេហូវ៉ាមកសួរថា អេលីយ៉ាអើយ តើធ្វើអីនៅទីនេះ
10. លោកទូលថា ទូលបង្គំបានមានចិត្តឈឺឆ្អាលនឹងព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារជាខ្លាំង ដ្បិតពួកកូនចៅអ៊ីស្រាអែល គេបានបោះបង់ចោលសេចក្តីសញ្ញាទ្រង់ គេបានរំលំអស់ទាំងអាសនារបស់ទ្រង់ ហើយបានសំឡាប់ពួកហោរាទ្រង់ដោយដាវផង នៅសល់តែទូលបង្គំម្នាក់ឯងប៉ុណ្ណោះ ហើយគេរកជីវិតទូលបង្គំថែមទៀត