8. លោកឆ្លើយតបថា គឺខ្ញុំនេះហើយ សូមទៅទូលចៅហ្វាយអ្នកថា មើល អេលីយ៉ាមកហើយ
9. តែអូបាឌាប្រកែកថា តើខ្ញុំបានធ្វើបាបអ្វី បានជាលោកចង់ប្រគល់ខ្ញុំប្របាទ ទៅក្នុងកណ្តាប់ដៃនៃអ័ហាប់ ឲ្យសំឡាប់ខ្ញុំដូច្នេះ
10. ខ្ញុំស្បថដោយនូវព្រះយេហូវ៉ា ជាព្រះនៃលោកដ៏មានព្រះជន្មរស់នៅថា គ្មានសាសន៍ណា ឬនគរណាមួយ ដែលចៅហ្វាយខ្ញុំមិនបានចាត់គេឲ្យទៅរកលោកនោះឡើយ ហើយកាលណាគេថា លោកមិននៅទីនេះទេ នោះទ្រង់ក៏ឲ្យពួកសាសន៍នោះ ឬនគរនោះស្បថថា គេមិនបានឃើញលោកមែន
11. ឥឡូវនេះ លោកមានប្រសាសន៍ថា សូមទៅទូលចៅហ្វាយរបស់អ្នកថា មើល អេលីយ៉ាមកហើយ
12. រួចកាលណាខ្ញុំចេញពីលោកទៅ នោះព្រះវិញ្ញាណនៃព្រះយេហូវ៉ានឹងយកលោកទៅកន្លែងណាក៏មិនដឹង ដូច្នេះ កាលខ្ញុំទៅទូលដល់អ័ហាប់ ហើយទ្រង់រកលោកមិនឃើញ នោះទ្រង់នឹងសំឡាប់ខ្ញុំចោល ប៉ុន្តែខ្ញុំប្របាទនេះបានកោតខ្លាចដល់ព្រះយេហូវ៉ា តាំងតែពីក្មេងមក
13. តើគេមិនបានជំរាបដល់លោក ជាម្ចាស់ខ្ញុំទេឬអី ពីការដែលខ្ញុំបានធ្វើ ក្នុងកាលដែលយេសិបិលសំឡាប់ពួកហោរានៃព្រះយេហូវ៉ា ថាខ្ញុំបានបំពួនពួកហោរានៃព្រះយេហូវ៉ា ចំនួន១០០នាក់នៅក្នុងរអាងភ្នំ ក្នុង១ពួកៗ៥០នាក់ ព្រមទាំងចិញ្ចឹមគេ ដោយនំបុ័ងហើយទឹកផង
14. ឥឡូវនេះ លោកមានប្រសាសន៍ឲ្យខ្ញុំទៅទូលចៅហ្វាយថា មើលអេលីយ៉ាមកហើយ ដូច្នេះ ទ្រង់នឹងសំឡាប់ខ្ញុំជាមិនខាន
15. តែអេលីយ៉ាតបថា ខ្ញុំស្បថដោយនូវព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារដ៏មានព្រះជន្មរស់នៅ ដែលខ្ញុំឈរនៅចំពោះទ្រង់ដែរ ថា នៅថ្ងៃនេះ ខ្ញុំនឹងបង្ហាញខ្លួន ឲ្យស្តេចឃើញជាពិតប្រាកដ។
16. ដូច្នេះ អូបាឌាក៏ទៅជួបនឹងអ័ហាប់ ទូលឲ្យទ្រង់ជ្រាប រួចអ័ហាប់ទ្រង់យាងទៅជួបនឹងអេលីយ៉ា
17. កាលអ័ហាប់ឃើញអេលីយ៉ាហើយ នោះទ្រង់មានព្រះបន្ទូលសួរថា ឱអ្នកដែលធ្វើឲ្យមានសេចក្តីវេទនា ដល់ពួកអ៊ីស្រាអែលអើយ តើឯងឬអី
18. តែលោកឆ្លើយថា ទូលបង្គំមិនបានធ្វើឲ្យពួកអ៊ីស្រាអែលមានសេចក្តីវេទនាទេ គឺទ្រង់ និងវង្សានុវង្សនៃព្រះបិតាទ្រង់វិញទេតើ ពីព្រោះទ្រង់បានបោះបង់ចោលអស់ទាំងបញ្ញត្តនៃព្រះយេហូវ៉ា ព្រមទាំងប្រតិបត្តិតាមព្រះបាលវិញ
19. ដូច្នេះ ឥឡូវនេះ សូមចាត់គេទៅប្រមូលពួកអ៊ីស្រាអែលទាំងអស់គ្នាមកឯទូលបង្គំ នៅត្រង់ភ្នំកើមែល ព្រមទាំងពួកហោរានៃព្រះបាលទាំង៤៥០នាក់ និងពួកហោរានៃរូបព្រះទាំង៤០០នាក់ ដែលបរិភោគនៅតុរបស់ព្រះនាងយេសិបិលមកផង។
20. អ័ហាប់ក៏ចាត់គេ ឲ្យទៅឯពួកកូនចៅអ៊ីស្រាអែលទាំងអស់ បានប្រមូលទាំងពួកហោរាមកឯភ្នំកើមែលដែរ
21. រួចអេលីយ៉ាក៏ចូលទៅជិតពួកជនសួរថា តើអ្នករាល់គ្នានៅតែស្ទាក់ស្ទើរនាកណ្តាលផ្លូវទាំង២នេះ ដល់កាលណាទៀត បើព្រះយេហូវ៉ាទ្រង់ជាព្រះ នោះចូរដើរតាមទ្រង់ទៅ តែបើព្រះបាលជាព្រះវិញ នោះចូរប្រតិបត្តិតាមចុះ តែពួកបណ្តាជនមិនបានឆ្លើយ សូម្បី១ម៉ាត់ឡើយ
22. នោះអេលីយ៉ាមានប្រសាសន៍ទៅបណ្តាជនថា ក្នុងពួកហោរានៃព្រះយេហូវ៉ា នោះសល់នៅតែខ្ញុំម្នាក់ឯងទេ ឯហោរារបស់ព្រះបាលវិញ មានចំនួន៤៥០នាក់
23. ដូច្នេះ សូមយកគោឈ្មោល២មកឲ្យយើង ឲ្យគេរើសយក១សំរាប់ពួកគេ ហើយកាប់ជាដុំៗដាក់លើឧសទៅ តែកុំឲ្យដាក់ភ្លើងឡើយ រួចខ្ញុំនឹងរៀបគោ១ទៀតដាក់លើឧស ឥតដាក់ភ្លើងដែរ
24. ហើយចូរឲ្យអ្នករាល់គ្នាអំពាវនាវដល់ព្រះនាមព្រះរបស់អ្នករាល់គ្នាចុះ ឯក៏ខ្ញុំនឹងអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ាវិញ បើព្រះណាឆ្លើយមកដោយសារភ្លើង នោះចូរឲ្យរាប់ព្រះនោះទុកជាព្រះពិតចុះ ពួកបណ្តាជនទាំងឡាយក៏ឆ្លើយឡើងថា ស្រួលហើយ។
25. ដូច្នេះ អេលីយ៉ាក៏ប្រាប់ដល់ពួកហោរារបស់ព្រះបាលថា ចូររើសគោ១សំរាប់អ្នករាល់គ្នាចុះ ហើយរៀបដាក់ជាមុនទៅ ដ្បិតខាងអ្នករាល់គ្នាមានគ្នាច្រើន រួចចូរអំពាវនាវដល់ព្រះនាមនៃព្រះរបស់អ្នករាល់គ្នាចុះ តែកុំឲ្យដាក់ភ្លើងឡើយ