១ ពង្សាវតារក្សត្រ 18:33-43 ព្រះគម្ពីរបរិសុទ្ធ (KHOV)

33. រួច​លោក​ដាក់​ឱស​ជា​លំដាប់ ក៏​កាប់​គោ​នោះ​ជា​ដុំៗ ដាក់​ពី​លើ ហើយ​ប្រាប់​ថា ចូរ​ដង​ទឹក​ពេញ​៤​ក្អម យក​មក​ចាក់​លើ​ដង្វាយ និង​ឧស​នេះ

34. រួច​លោក​ប្រាប់​ថា ចូរ​ចាក់​ម្តង​ទៀត នោះ​គេ​ក៏​ចាក់​ម្តង​ទៀត រួច​លោក​ប្រាប់​ថា ចូរ​ចាក់​ម្តង​ទៀត គេ​ក៏​ចាក់​ម្តង​ទៀត គេ​ក៏​ចាក់​ជា​គំរប់​៣​ដង

35. ទឹក​នោះ​បាន​ហូរ​ព័ទ្ធ​ជុំវិញ​អាស‌នា គេ​ក៏​ចាក់​ទឹក​រហូត​ដល់​ពេញ​ប្រឡាយ​ដែរ

36. លុះ​ដល់​ពេល​ថ្វាយ​ដង្វាយ​ល្ងាច នោះ​ហោរា​អេលីយ៉ា​ក៏​ចូល​មក​ជិត​ទូល​ថា ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ័ប្រា‌ហាំ នៃ​អ៊ីសាក ហើយ​នៃ​អ៊ីស្រា‌អែល​អើយ សូម​ឲ្យ​មនុស្ស​បាន​ដឹង​នៅ​ថ្ងៃ​នេះ​ថា ទ្រង់​ជា​ព្រះ​នៃ​ពួក​អ៊ីស្រា‌អែល ហើយ​ថា ទូល‌បង្គំ​ជា​អ្នក​បំរើ​ទ្រង់ ព្រម​ទាំង​ថា ទូល‌បង្គំ​បាន​ធ្វើ​ការ​ទាំង​នេះ ដោយ​ស្តាប់​តាម​ព្រះ‌បន្ទូល​ទ្រង់​ផង

37. សូម​ស្តាប់​ទូល‌បង្គំ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ស្តាប់​ទូល‌បង្គំ ដើម្បី​ឲ្យ​ប្រជា‌ជន​នេះ​បាន​ដឹង​ថា គឺ​ទ្រង់ ឱ​ព្រះ‌យេហូវ៉ា​អើយ ដែល​ជា​ព្រះ ហើយ​ថា គឺ​ទ្រង់​ដែល​នាំ​ចិត្ត​គេ​ត្រឡប់​មក​វិញ

38. ខណៈ​នោះ ភ្លើង​នៃ​ព្រះ‌យេហូវ៉ា​ក៏​ធ្លាក់​ចុះ​មក​បញ្ឆេះ​ដង្វាយ ព្រម​ទាំង​ឧស ថ្ម និង​ធូលី​ដី ហើយ​ក៏​លិទ្ធ​ទឹក​ដែល​នៅ​ក្នុង​ប្រឡាយ​អស់​ទៅ​ដែរ

39. កាល​ពួក​ជន​ទាំង‌ឡាយ​បាន​ឃើញ នោះ​គេ​ក៏​ក្រាប​ផ្កាប់​មុខ​ពោល​ថា ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ព្រះ ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ព្រះ​ពិត​ហើយ

40. រួច​អេលីយ៉ា​ប្រាប់​គេ​ថា ចូរ​ចាប់​ពួក​ហោរា​របស់​ព្រះ‌បាល​ទៅ កុំ​ឲ្យ​អ្នក​ណា​មួយ​រួច​ឡើយ គេ​ក៏​ចាប់ ហើយ​អេលីយ៉ា​លោក​នាំ​ចុះ​ទៅ​ឯ​ជ្រោះ​គីសុន​សំឡាប់​ចោល​ទាំង​អស់​នៅ​ទី​នោះ​ទៅ។

41. រួច​មក​អេលីយ៉ា​ទូល​ដល់​អ័ហាប់​ថា សូម​ស្តេច​ឡើង​ទៅ​សោយ​ព្រះ‌ស្ងោយ​ចុះ ដ្បិត​មាន​សូរ​សន្ធឹក​ភ្លៀង​ជា​ធំ​មក​ហើយ

42. ដូច្នេះ អ័ហាប់​ក៏​ឡើង​ទៅ​សោយ ឯ​អេលីយ៉ា លោក​ឡើង​ទៅ​លើ​កំពូល​ភ្នំ​កើមែល​វិញ ក៏​ក្រាប​ខ្លួន​ចុះ​ដល់​ដី ដាក់​មុខ​នៅ​កណ្តាល​ក្បាល​ជង្គង់

43. រួច​ប្រាប់​អ្នក​បំរើ​ថា ចូរ​ឡើង​ទៅ​មើល​ខាង​សមុទ្រ​ឥឡូវ អ្នក​បំរើ​ក៏​ឡើង​ទៅ​មើល រួច​ជំរាប​ថា គ្មាន​អ្វី​ឡើយ លោក​ប្រាប់​ថា ចូរ​ទៅ​ឲ្យ​អស់​វារៈ​៧​ដង​ទៀត

១ ពង្សាវតារក្សត្រ 18