27. គ្រាដល់ពេលថ្ងៃត្រង់ហើយ នោះអេលីយ៉ាពោលចំអកថា ចូរស្រែកឲ្យខ្លាំងឡើង ដ្បិតលោកជាព្រះ ប្រហែលជាកំពុងរំពឹងគិត ឬបានថយចេញ១ភ្លែត ឬធ្វើដំណើរ ឬប្រហែលជាដេកលក់ទេដឹង ត្រូវដាស់លោកឡើង
28. គេក៏ស្រែកខ្លាំងឡើង ព្រមទាំងយកកាំបិតឆូតសាច់តាមទំលាប់របស់គេ ទាល់តែឈាមហូរប្រឡាក់កាយ
29. លុះកាលហួសថ្ងៃត្រង់ហើយ នោះគេក៏ថ្វាយបង្គំ រហូតដល់ពេលថ្វាយដង្វាយល្ងាច តែគ្មានឮសំឡេង ឬចំឡើយណាឆ្លើយសោះ ក៏គ្មានអ្នកណាស្តាប់ផង។
30. បន្ទាប់នោះ អេលីយ៉ាមានប្រសាសន៍ទៅបណ្តាជនថា សូមចូលមកជិតខ្ញុំវិញ ជនទាំងឡាយក៏អែបចូលមកជិតលោក រួចលោកជួសជុលអាសនានៃព្រះយេហូវ៉ាដែលបានរំលំហើយ
31. អេលីយ៉ាលោកយកថ្ម១២តាមចំនួនពូជអំបូរពួកកូនចៅយ៉ាកុប ដែលព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់លោកនោះថា ឈ្មោះឯងត្រូវហៅថា អ៊ីស្រាអែលវិញ
32. លោកក៏យកថ្មទាំងនោះ ស្អាងអាសនា១ថ្វាយព្រះនាមព្រះយេហូវ៉ា ក៏ជីកប្រឡាយព័ទ្ធជុំវិញ មានទំហំល្មមដាក់ពូជស្រូវ២រង្វាល់
33. រួចលោកដាក់ឱសជាលំដាប់ ក៏កាប់គោនោះជាដុំៗ ដាក់ពីលើ ហើយប្រាប់ថា ចូរដងទឹកពេញ៤ក្អម យកមកចាក់លើដង្វាយ និងឧសនេះ
34. រួចលោកប្រាប់ថា ចូរចាក់ម្តងទៀត នោះគេក៏ចាក់ម្តងទៀត រួចលោកប្រាប់ថា ចូរចាក់ម្តងទៀត គេក៏ចាក់ម្តងទៀត គេក៏ចាក់ជាគំរប់៣ដង
35. ទឹកនោះបានហូរព័ទ្ធជុំវិញអាសនា គេក៏ចាក់ទឹករហូតដល់ពេញប្រឡាយដែរ
36. លុះដល់ពេលថ្វាយដង្វាយល្ងាច នោះហោរាអេលីយ៉ាក៏ចូលមកជិតទូលថា ឱព្រះយេហូវ៉ា ជាព្រះនៃអ័ប្រាហាំ នៃអ៊ីសាក ហើយនៃអ៊ីស្រាអែលអើយ សូមឲ្យមនុស្សបានដឹងនៅថ្ងៃនេះថា ទ្រង់ជាព្រះនៃពួកអ៊ីស្រាអែល ហើយថា ទូលបង្គំជាអ្នកបំរើទ្រង់ ព្រមទាំងថា ទូលបង្គំបានធ្វើការទាំងនេះ ដោយស្តាប់តាមព្រះបន្ទូលទ្រង់ផង
37. សូមស្តាប់ទូលបង្គំ ឱព្រះយេហូវ៉ាអើយ សូមស្តាប់ទូលបង្គំ ដើម្បីឲ្យប្រជាជននេះបានដឹងថា គឺទ្រង់ ឱព្រះយេហូវ៉ាអើយ ដែលជាព្រះ ហើយថា គឺទ្រង់ដែលនាំចិត្តគេត្រឡប់មកវិញ
38. ខណៈនោះ ភ្លើងនៃព្រះយេហូវ៉ាក៏ធ្លាក់ចុះមកបញ្ឆេះដង្វាយ ព្រមទាំងឧស ថ្ម និងធូលីដី ហើយក៏លិទ្ធទឹកដែលនៅក្នុងប្រឡាយអស់ទៅដែរ
39. កាលពួកជនទាំងឡាយបានឃើញ នោះគេក៏ក្រាបផ្កាប់មុខពោលថា ព្រះយេហូវ៉ាទ្រង់ជាព្រះ ព្រះយេហូវ៉ាទ្រង់ជាព្រះពិតហើយ
40. រួចអេលីយ៉ាប្រាប់គេថា ចូរចាប់ពួកហោរារបស់ព្រះបាលទៅ កុំឲ្យអ្នកណាមួយរួចឡើយ គេក៏ចាប់ ហើយអេលីយ៉ាលោកនាំចុះទៅឯជ្រោះគីសុនសំឡាប់ចោលទាំងអស់នៅទីនោះទៅ។
41. រួចមកអេលីយ៉ាទូលដល់អ័ហាប់ថា សូមស្តេចឡើងទៅសោយព្រះស្ងោយចុះ ដ្បិតមានសូរសន្ធឹកភ្លៀងជាធំមកហើយ
42. ដូច្នេះ អ័ហាប់ក៏ឡើងទៅសោយ ឯអេលីយ៉ា លោកឡើងទៅលើកំពូលភ្នំកើមែលវិញ ក៏ក្រាបខ្លួនចុះដល់ដី ដាក់មុខនៅកណ្តាលក្បាលជង្គង់