១ ពង្សាវតារក្សត្រ 18:25-37 ព្រះគម្ពីរបរិសុទ្ធ (KHOV)

25. ដូច្នេះ អេលីយ៉ា​ក៏​ប្រាប់​ដល់​ពួក​ហោរា​របស់​ព្រះ‌បាល​ថា ចូរ​រើស​គោ​១​សំរាប់​អ្នក​រាល់​គ្នា​ចុះ ហើយ​រៀប​ដាក់​ជា​មុន​ទៅ ដ្បិត​ខាង​អ្នក​រាល់​គ្នា​មាន​គ្នា​ច្រើន រួច​ចូរ​អំពាវ‌នាវ​ដល់​ព្រះ‌នាម​នៃ​ព្រះ​របស់​អ្នក​រាល់​គ្នា​ចុះ តែ​កុំ​ឲ្យ​ដាក់​ភ្លើង​ឡើយ

26. គេ​ក៏​ទទួល​យក​គោ​១ ដែល​បាន​ឲ្យ​ដល់​គេ រួច​គេ​រៀប‌ចំ ហើយ​អំពាវ‌នាវ​ដល់​ព្រះ‌នាម​នៃ​ព្រះ‌បាល ចាប់​តាំង​ពី​ព្រឹក​រហូត​ដល់​ថ្ងៃ​ត្រង់​ថា ឱ​ព្រះ‌បាល​អើយ សូម​ឆ្លើយ​មក​យើង​ខ្ញុំ​រាល់​គ្នា​ផង ប៉ុន្តែ​គ្មាន​ឮ​សំឡេង ឬ​ចំឡើយ​ណា​ឆ្លើយ​មក​សោះ គេ​ក៏​លោត​ព័ទ្ធ​ជុំវិញ​អាស‌នា ដែល​គេ​បាន​ធ្វើ​នោះ

27. គ្រា​ដល់​ពេល​ថ្ងៃ​ត្រង់​ហើយ នោះ​អេលីយ៉ា​ពោល​ចំអក​ថា ចូរ​ស្រែក​ឲ្យ​ខ្លាំង​ឡើង ដ្បិត​លោក​ជា​ព្រះ ប្រហែល​ជា​កំពុង​រំពឹង​គិត ឬ​បាន​ថយ​ចេញ​១​ភ្លែត ឬ​ធ្វើ​ដំណើរ ឬ​ប្រហែល​ជា​ដេក​លក់​ទេ​ដឹង ត្រូវ​ដាស់​លោក​ឡើង

28. គេ​ក៏​ស្រែក​ខ្លាំង​ឡើង ព្រម​ទាំង​យក​កាំបិត​ឆូត​សាច់​តាម​ទំលាប់​របស់​គេ ទាល់​តែ​ឈាម​ហូរ​ប្រឡាក់​កាយ

29. លុះ​កាល​ហួស​ថ្ងៃ​ត្រង់​ហើយ នោះ​គេ​ក៏​ថ្វាយ‌បង្គំ រហូត​ដល់​ពេល​ថ្វាយ​ដង្វាយ​ល្ងាច តែ​គ្មាន​ឮ​សំឡេង ឬ​ចំឡើយ​ណា​ឆ្លើយ​សោះ ក៏​គ្មាន​អ្នក​ណា​ស្តាប់​ផង។

30. បន្ទាប់​នោះ អេលីយ៉ា​មាន​ប្រសាសន៍​ទៅ​បណ្តា‌ជន​ថា សូម​ចូល​មក​ជិត​ខ្ញុំ​វិញ ជន​ទាំង‌ឡាយ​ក៏​អែប​ចូល​មក​ជិត​លោក រួច​លោក​ជួស‌ជុល​អាស‌នា​នៃ​ព្រះ‌យេហូវ៉ា​ដែល​បាន​រំលំ​ហើយ

31. អេលីយ៉ា​លោក​យក​ថ្ម​១២​តាម​ចំនួន​ពូជ​អំបូរ​ពួក​កូន​ចៅ​យ៉ាកុប ដែល​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​លោក​នោះ​ថា ឈ្មោះ​ឯង​ត្រូវ​ហៅ​ថា អ៊ីស្រា‌អែល​វិញ

32. លោក​ក៏​យក​ថ្ម​ទាំង​នោះ ស្អាង​អាស‌នា​១​ថ្វាយ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ក៏​ជីក​ប្រឡាយ​ព័ទ្ធ​ជុំវិញ មាន​ទំហំ​ល្មម​ដាក់​ពូជ​ស្រូវ​២​រង្វាល់

33. រួច​លោក​ដាក់​ឱស​ជា​លំដាប់ ក៏​កាប់​គោ​នោះ​ជា​ដុំៗ ដាក់​ពី​លើ ហើយ​ប្រាប់​ថា ចូរ​ដង​ទឹក​ពេញ​៤​ក្អម យក​មក​ចាក់​លើ​ដង្វាយ និង​ឧស​នេះ

34. រួច​លោក​ប្រាប់​ថា ចូរ​ចាក់​ម្តង​ទៀត នោះ​គេ​ក៏​ចាក់​ម្តង​ទៀត រួច​លោក​ប្រាប់​ថា ចូរ​ចាក់​ម្តង​ទៀត គេ​ក៏​ចាក់​ម្តង​ទៀត គេ​ក៏​ចាក់​ជា​គំរប់​៣​ដង

35. ទឹក​នោះ​បាន​ហូរ​ព័ទ្ធ​ជុំវិញ​អាស‌នា គេ​ក៏​ចាក់​ទឹក​រហូត​ដល់​ពេញ​ប្រឡាយ​ដែរ

36. លុះ​ដល់​ពេល​ថ្វាយ​ដង្វាយ​ល្ងាច នោះ​ហោរា​អេលីយ៉ា​ក៏​ចូល​មក​ជិត​ទូល​ថា ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ័ប្រា‌ហាំ នៃ​អ៊ីសាក ហើយ​នៃ​អ៊ីស្រា‌អែល​អើយ សូម​ឲ្យ​មនុស្ស​បាន​ដឹង​នៅ​ថ្ងៃ​នេះ​ថា ទ្រង់​ជា​ព្រះ​នៃ​ពួក​អ៊ីស្រា‌អែល ហើយ​ថា ទូល‌បង្គំ​ជា​អ្នក​បំរើ​ទ្រង់ ព្រម​ទាំង​ថា ទូល‌បង្គំ​បាន​ធ្វើ​ការ​ទាំង​នេះ ដោយ​ស្តាប់​តាម​ព្រះ‌បន្ទូល​ទ្រង់​ផង

37. សូម​ស្តាប់​ទូល‌បង្គំ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ស្តាប់​ទូល‌បង្គំ ដើម្បី​ឲ្យ​ប្រជា‌ជន​នេះ​បាន​ដឹង​ថា គឺ​ទ្រង់ ឱ​ព្រះ‌យេហូវ៉ា​អើយ ដែល​ជា​ព្រះ ហើយ​ថា គឺ​ទ្រង់​ដែល​នាំ​ចិត្ត​គេ​ត្រឡប់​មក​វិញ

១ ពង្សាវតារក្សត្រ 18