18. តែលោកឆ្លើយថា ទូលបង្គំមិនបានធ្វើឲ្យពួកអ៊ីស្រាអែលមានសេចក្តីវេទនាទេ គឺទ្រង់ និងវង្សានុវង្សនៃព្រះបិតាទ្រង់វិញទេតើ ពីព្រោះទ្រង់បានបោះបង់ចោលអស់ទាំងបញ្ញត្តនៃព្រះយេហូវ៉ា ព្រមទាំងប្រតិបត្តិតាមព្រះបាលវិញ
19. ដូច្នេះ ឥឡូវនេះ សូមចាត់គេទៅប្រមូលពួកអ៊ីស្រាអែលទាំងអស់គ្នាមកឯទូលបង្គំ នៅត្រង់ភ្នំកើមែល ព្រមទាំងពួកហោរានៃព្រះបាលទាំង៤៥០នាក់ និងពួកហោរានៃរូបព្រះទាំង៤០០នាក់ ដែលបរិភោគនៅតុរបស់ព្រះនាងយេសិបិលមកផង។
20. អ័ហាប់ក៏ចាត់គេ ឲ្យទៅឯពួកកូនចៅអ៊ីស្រាអែលទាំងអស់ បានប្រមូលទាំងពួកហោរាមកឯភ្នំកើមែលដែរ
21. រួចអេលីយ៉ាក៏ចូលទៅជិតពួកជនសួរថា តើអ្នករាល់គ្នានៅតែស្ទាក់ស្ទើរនាកណ្តាលផ្លូវទាំង២នេះ ដល់កាលណាទៀត បើព្រះយេហូវ៉ាទ្រង់ជាព្រះ នោះចូរដើរតាមទ្រង់ទៅ តែបើព្រះបាលជាព្រះវិញ នោះចូរប្រតិបត្តិតាមចុះ តែពួកបណ្តាជនមិនបានឆ្លើយ សូម្បី១ម៉ាត់ឡើយ
22. នោះអេលីយ៉ាមានប្រសាសន៍ទៅបណ្តាជនថា ក្នុងពួកហោរានៃព្រះយេហូវ៉ា នោះសល់នៅតែខ្ញុំម្នាក់ឯងទេ ឯហោរារបស់ព្រះបាលវិញ មានចំនួន៤៥០នាក់
23. ដូច្នេះ សូមយកគោឈ្មោល២មកឲ្យយើង ឲ្យគេរើសយក១សំរាប់ពួកគេ ហើយកាប់ជាដុំៗដាក់លើឧសទៅ តែកុំឲ្យដាក់ភ្លើងឡើយ រួចខ្ញុំនឹងរៀបគោ១ទៀតដាក់លើឧស ឥតដាក់ភ្លើងដែរ
24. ហើយចូរឲ្យអ្នករាល់គ្នាអំពាវនាវដល់ព្រះនាមព្រះរបស់អ្នករាល់គ្នាចុះ ឯក៏ខ្ញុំនឹងអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ាវិញ បើព្រះណាឆ្លើយមកដោយសារភ្លើង នោះចូរឲ្យរាប់ព្រះនោះទុកជាព្រះពិតចុះ ពួកបណ្តាជនទាំងឡាយក៏ឆ្លើយឡើងថា ស្រួលហើយ។
25. ដូច្នេះ អេលីយ៉ាក៏ប្រាប់ដល់ពួកហោរារបស់ព្រះបាលថា ចូររើសគោ១សំរាប់អ្នករាល់គ្នាចុះ ហើយរៀបដាក់ជាមុនទៅ ដ្បិតខាងអ្នករាល់គ្នាមានគ្នាច្រើន រួចចូរអំពាវនាវដល់ព្រះនាមនៃព្រះរបស់អ្នករាល់គ្នាចុះ តែកុំឲ្យដាក់ភ្លើងឡើយ
26. គេក៏ទទួលយកគោ១ ដែលបានឲ្យដល់គេ រួចគេរៀបចំ ហើយអំពាវនាវដល់ព្រះនាមនៃព្រះបាល ចាប់តាំងពីព្រឹករហូតដល់ថ្ងៃត្រង់ថា ឱព្រះបាលអើយ សូមឆ្លើយមកយើងខ្ញុំរាល់គ្នាផង ប៉ុន្តែគ្មានឮសំឡេង ឬចំឡើយណាឆ្លើយមកសោះ គេក៏លោតព័ទ្ធជុំវិញអាសនា ដែលគេបានធ្វើនោះ
27. គ្រាដល់ពេលថ្ងៃត្រង់ហើយ នោះអេលីយ៉ាពោលចំអកថា ចូរស្រែកឲ្យខ្លាំងឡើង ដ្បិតលោកជាព្រះ ប្រហែលជាកំពុងរំពឹងគិត ឬបានថយចេញ១ភ្លែត ឬធ្វើដំណើរ ឬប្រហែលជាដេកលក់ទេដឹង ត្រូវដាស់លោកឡើង
28. គេក៏ស្រែកខ្លាំងឡើង ព្រមទាំងយកកាំបិតឆូតសាច់តាមទំលាប់របស់គេ ទាល់តែឈាមហូរប្រឡាក់កាយ
29. លុះកាលហួសថ្ងៃត្រង់ហើយ នោះគេក៏ថ្វាយបង្គំ រហូតដល់ពេលថ្វាយដង្វាយល្ងាច តែគ្មានឮសំឡេង ឬចំឡើយណាឆ្លើយសោះ ក៏គ្មានអ្នកណាស្តាប់ផង។
30. បន្ទាប់នោះ អេលីយ៉ាមានប្រសាសន៍ទៅបណ្តាជនថា សូមចូលមកជិតខ្ញុំវិញ ជនទាំងឡាយក៏អែបចូលមកជិតលោក រួចលោកជួសជុលអាសនានៃព្រះយេហូវ៉ាដែលបានរំលំហើយ
31. អេលីយ៉ាលោកយកថ្ម១២តាមចំនួនពូជអំបូរពួកកូនចៅយ៉ាកុប ដែលព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់លោកនោះថា ឈ្មោះឯងត្រូវហៅថា អ៊ីស្រាអែលវិញ
32. លោកក៏យកថ្មទាំងនោះ ស្អាងអាសនា១ថ្វាយព្រះនាមព្រះយេហូវ៉ា ក៏ជីកប្រឡាយព័ទ្ធជុំវិញ មានទំហំល្មមដាក់ពូជស្រូវ២រង្វាល់
33. រួចលោកដាក់ឱសជាលំដាប់ ក៏កាប់គោនោះជាដុំៗ ដាក់ពីលើ ហើយប្រាប់ថា ចូរដងទឹកពេញ៤ក្អម យកមកចាក់លើដង្វាយ និងឧសនេះ
34. រួចលោកប្រាប់ថា ចូរចាក់ម្តងទៀត នោះគេក៏ចាក់ម្តងទៀត រួចលោកប្រាប់ថា ចូរចាក់ម្តងទៀត គេក៏ចាក់ម្តងទៀត គេក៏ចាក់ជាគំរប់៣ដង