1. កាលកន្លងជាយូរហើយ គឺដល់ឆ្នាំទី៣ នោះព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់អេលីយ៉ាថា ចូរទៅបង្ហាញខ្លួនឲ្យអ័ហាប់ឃើញ នោះអញនឹងបង្អុរឲ្យភ្លៀងធ្លាក់ចុះមកលើផែនដី
2. ដូច្នេះ អេលីយ៉ាក៏ទៅ ដើម្បីបង្ហាញខ្លួនដល់អ័ហាប់ រីឯនៅស្រុកសាម៉ារី មានអំណត់អត់ជាខ្លាំងណាស់
3. ចំណែកអ័ហាប់ទ្រង់ហៅអូបាឌា ជាឧកញ៉ាវាំងមក (រីឯអូបាឌានេះ លោកកោតខ្លាចដល់ព្រះយេហូវ៉ាណាស់
4. ដ្បិតកាលយេសិបិលបានសំឡាប់ពួកហោរានៃព្រះយេហូវ៉ា នោះលោកក៏នាំយកពួកហោរានោះ១០០នាក់ ទៅបំពួននៅក្នុងរអាង ក្នុង១ពួក៥០នាក់ ហើយបានចិញ្ចឹម ដោយនំបុ័ង និងទឹក។
5. អ័ហាប់មានព្រះបន្ទូលទៅអូបាឌាថា ចូរឯងទៅអស់ទាំងរន្ធទឹក និងជ្រោះទឹកទាំងអស់ដែលនៅក្នុងស្រុក ប្រហែលជាយើងនឹងរកបានស្មៅល្មមនឹងចិញ្ចឹមសេះ ហើយនឹងលាកាត់ឲ្យរស់នៅបាន ដើម្បីកុំឲ្យហ្វូងសត្វស្លាប់ទៅទាំងអស់ឡើយ