16. ឯម្សៅក្នុងខាប់នោះ មិនដែលអស់ទៅ ហើយប្រេងក្នុងដបក៏មិនចេះរលោះឡើយ ដូចជាសេចក្តីដែលព្រះយេហូវ៉ាបានមានព្រះបន្ទូល ដោយសារអេលីយ៉ា។
17. ក្រោយនោះមក មានកាល១ថ្ងៃ កូនរបស់នាងម្ចាស់ផ្ទះនោះចាប់ជំងឺឈឺ ជំងឺនោះមានទំងន់ណាស់ ដល់ម៉្លេះបានជាគ្មានដង្ហើមក្នុងខ្លួនទៀតឡើយ
18. ដូច្នេះ នាងនិយាយទៅអេលីយ៉ាថា ឱអ្នកសំណប់របស់ព្រះអើយ តើខ្ញុំនឹងលោកមានការណ៍អ្វីនឹងគ្នា លោកបានមកឯណេះ ដើម្បីរំឭកពីអំពើបាបរបស់ខ្ញុំ ហើយនឹងសំឡាប់កូនខ្ញុំឬ
19. តែលោកឆ្លើយតបថា សូមឲ្យកូនអ្នកមកខ្ញុំចុះ រួចលោកក៏ទទួលកូនពីទ្រូងនាង បីឡើងចូលទៅក្នុងបន្ទប់ដែលលោកអាស្រ័យនៅ ហើយផ្តេកនៅលើដំណេករបស់លោក
20. រួចអំពាវនាវដល់ព្រះយេហូវ៉ាថា ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ តើទ្រង់បាននាំសេចក្តីអាក្រក់មកលើស្រីមេម៉ាយនេះ ដែលទូលបង្គំអាស្រ័យនៅជាមួយ ដោយសំឡាប់កូននាងដែរឬ