13. តែអេលីយ៉ាប្រាប់នាងថា កុំឲ្យខ្លាចឡើយ សូមទៅធ្វើដូចជាអ្នកបានថាចុះ តែសូមធ្វើនំ១យ៉ាងតូចមកឲ្យខ្ញុំជាមុនសិន រួចសឹមធ្វើសំរាប់អ្នក និងកូនអ្នកចុះ
14. ដ្បិតព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះថា ម្សៅក្នុងខាប់នោះនឹងមិនដែលផុតទៅ ហើយប្រេងក្នុងដបក៏មិនដែលរលោះឡើយ ដរាបដល់ថ្ងៃដែលព្រះយេហូវ៉ានឹងបង្អុរភ្លៀងមកលើផែនដី
15. ដូច្នេះ នាងក៏ទៅធ្វើតាមបង្គាប់របស់អេលីយ៉ា រួចទាំងនាង និងលោក ព្រមទាំងកូននាង គ្រប់គ្នាបានបរិភោគ តមកជាយូរថ្ងៃ
16. ឯម្សៅក្នុងខាប់នោះ មិនដែលអស់ទៅ ហើយប្រេងក្នុងដបក៏មិនចេះរលោះឡើយ ដូចជាសេចក្តីដែលព្រះយេហូវ៉ាបានមានព្រះបន្ទូល ដោយសារអេលីយ៉ា។
17. ក្រោយនោះមក មានកាល១ថ្ងៃ កូនរបស់នាងម្ចាស់ផ្ទះនោះចាប់ជំងឺឈឺ ជំងឺនោះមានទំងន់ណាស់ ដល់ម៉្លេះបានជាគ្មានដង្ហើមក្នុងខ្លួនទៀតឡើយ
18. ដូច្នេះ នាងនិយាយទៅអេលីយ៉ាថា ឱអ្នកសំណប់របស់ព្រះអើយ តើខ្ញុំនឹងលោកមានការណ៍អ្វីនឹងគ្នា លោកបានមកឯណេះ ដើម្បីរំឭកពីអំពើបាបរបស់ខ្ញុំ ហើយនឹងសំឡាប់កូនខ្ញុំឬ
19. តែលោកឆ្លើយតបថា សូមឲ្យកូនអ្នកមកខ្ញុំចុះ រួចលោកក៏ទទួលកូនពីទ្រូងនាង បីឡើងចូលទៅក្នុងបន្ទប់ដែលលោកអាស្រ័យនៅ ហើយផ្តេកនៅលើដំណេករបស់លោក
20. រួចអំពាវនាវដល់ព្រះយេហូវ៉ាថា ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ តើទ្រង់បាននាំសេចក្តីអាក្រក់មកលើស្រីមេម៉ាយនេះ ដែលទូលបង្គំអាស្រ័យនៅជាមួយ ដោយសំឡាប់កូននាងដែរឬ
21. លោកក៏ទ្រោបលើកូននោះ៣ដង ទាំងអំពាវនាវដល់ព្រះយេហូវ៉ាថា ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ សូមឲ្យព្រលឹងរបស់កូននេះត្រឡប់ចូលមកក្នុងខ្លួនវាវិញចុះ
22. ព្រះយេហូវ៉ាទ្រង់ស្តាប់តាមអេលីយ៉ា ហើយព្រលឹងរបស់កូននោះ ក៏ត្រឡប់ចូលមកក្នុងខ្លួនវា ឲ្យរស់ឡើងវិញ
23. នោះអេលីយ៉ាក៏បីកូននោះចុះពីបន្ទប់មក ចូលទៅក្នុងផ្ទះប្រគល់ដល់ម្តាយវិញ ដោយពាក្យថា មើល កូនអ្នកមានជីវិតរស់
24. នាងនិយាយឡើងថា ឥឡូវនេះខ្ញុំដឹងហើយថា លោកជាអ្នកសំណប់របស់ព្រះពិត ហើយថា ព្រះបន្ទូលនៃព្រះយេហូវ៉ាដែលនៅមាត់លោក នោះជាសេក្តីពិតមែន។