23. គឺនៅឆ្នាំទី៣១ ក្នុងរាជ្យអេសា ជាស្តេចយូដា ដែលអំរីចាប់តាំងសោយរាជ្យឡើងលើស្រុកអ៊ីស្រាអែល ក៏សោយរាជ្យបាន១២ឆ្នាំ ទ្រង់សោយរាជ្យនៅក្រុងធើសាបាន៦ឆ្នាំ
24. រួចទ្រង់ទិញភ្នំសាម៉ារីពីសេមើរ ដំឡៃ២ហាបប្រាក់ ទ្រង់ក៏សង់ទីក្រុងនៅលើភ្នំនោះ ឲ្យឈ្មោះថា សាម៉ារី តាមឈ្មោះសេមើរជាម្ចាស់ភ្នំ
25. ឯអំរីទ្រង់ប្រព្រឹត្តដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា ក៏ធ្វើអាក្រក់លើសជាងអស់អ្នកណាដែលនៅមុនទ្រង់ទៅទៀត
26. ដ្បិតទ្រង់បានប្រតិបត្តិតាមអស់ទាំងផ្លូវ និងអំពើបាប របស់យេរ៉ូបោម ជាកូននេបាត ជាអ្នកដែលបណ្តាលឲ្យពួកអ៊ីស្រាអែលធ្វើបាបតាមដែរ គឺជាការដែលនាំឲ្យព្រះយេហូវ៉ា ជាព្រះនៃពួកអ៊ីស្រាអែលមានសេចក្តីក្រោធ ដោយសាររបស់ជាអសារឥតការរបស់គេ
27. រីឯដំណើរឯទៀត ដែលអំរីធ្វើ និងអំណាចទ្រង់ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ
28. អំរីក៏ផ្ទំលក់ ទៅជាមួយនឹងពួកអយ្យកោទ្រង់ទៅ ហើយគេបញ្ចុះទ្រង់នៅក្នុងក្រុងសាម៉ារី រួចអ័ហាប់ ជាព្រះរាជបុត្រា បានសោយរាជ្យឡើងជំនួសបិតា។
29. លុះដល់ឆ្នាំទី៣៨ ក្នុងរាជ្យអេសា ជាស្តេចយូដា នោះអ័ហាប់ ជាបុត្រអំរី ចាប់តាំងសោយរាជ្យឡើងលើស្រុកអ៊ីស្រាអែល ទ្រង់គ្រងរាជ្យលើពួកអ៊ីស្រាអែល នៅក្រុងសាម៉ារីបាន២២ឆ្នាំ
30. អ័ហាប់ ជាបុត្រអំរី ទ្រង់ប្រព្រឹត្តលាមកអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា លើសជាងអស់អ្នកណាដែលនៅមុនទ្រង់ទៅទៀត
31. ទ្រង់ក៏យកនាងយេសិបិល ជាបុត្រីអេតបាល ស្តេចពួកស៊ីដូន ធ្វើជាភរិយា ព្រមទាំងទៅគោរពប្រតិបត្តិថ្វាយបង្គំដល់ព្រះបាលផង ទុកដូចជាការ ដែលទ្រង់ប្រព្រឹត្ត តាមអំពើបាបរបស់យេរ៉ូបោម ជាបុត្រនេបាតនោះ ជាការយ៉ាងស្រាលវិញ
32. ទ្រង់ក៏ស្អាងអាសនាមួយ ថ្វាយព្រះបាល នៅក្នុងវិហារព្រះបាលដែលទ្រង់បានស្អាងនៅក្រុងសាម៉ារី
33. អ័ហាប់ទ្រង់ធ្វើរូបព្រះ ហើយប្រព្រឹត្តអំពើអាក្រក់ លើសជាងអស់ទាំងស្តេចដែលនៅមុនទ្រង់ទៅទៀត ជាការដែលបណ្តាលឲ្យព្រះយេហូវ៉ា ជាព្រះនៃពួកអ៊ីស្រាអែលមានសេចក្តីក្រោធ
34. នៅក្នុងរាជ្យទ្រង់ នោះហ៊ីអែល ជាអ្នកក្រុងបេត-អែល ក៏សង់ក្រុងយេរីខូរឡើងវិញ កាលគាត់ដាក់ជើងកំផែងចុះ នោះអ័ប៊ីរ៉ាម ជាកូនច្បងក៏ស្លាប់ទៅ ហើយកាលរៀបចំទ្វារក្រុងឡើង នោះសេគូបជាកូនពៅក៏ស្លាប់ទៅ តាមសេចក្តីដែលព្រះយេហូវ៉ាបានមានព្រះបន្ទូល ដោយសារយ៉ូស្វេជាកូននុន។