2. ទ្រង់គ្រងរាជ្យបាន៣ឆ្នាំនៅក្រុងយេរូសាឡិម ឯមាតា ព្រះនាមជាម្អាកា បុត្រីអ័ប៊ីសាឡូម
3. ទ្រង់ក៏ប្រព្រឹត្តតាមអស់ទាំងអំពើបាប ដែលព្រះបិតាបានប្រព្រឹត្តពីមុនមកដែរ ព្រះទ័យទ្រង់មិនបានស្មោះត្រង់ ដល់ព្រះយេហូវ៉ា ជាព្រះនៃទ្រង់ ដូចជាព្រះទ័យដាវីឌ ជាអយ្យកោទ្រង់ទេ
4. ប៉ុន្តែ ដោយព្រោះយល់ដល់ដាវីឌ បានជាព្រះយេហូវ៉ា ជាព្រះនៃទ្រង់ បានប្រទានឲ្យមានចង្កៀង១ភ្លឺ នៅក្រុងយេរូសាឡិម គឺបានតាំងព្រះរាជបុត្រាទ្រង់ឲ្យសោយរាជ្យឡើងជំនួសបិតា ដើម្បីនឹងប្រោសឲ្យក្រុងយេរូសាឡិមនៅជាប់តទៅ
5. ពីព្រោះដាវីឌបានប្រព្រឹត្តសេចក្តីដែលទៀងត្រង់នៅព្រះនេត្រព្រះយេហូវ៉ា ដោយឥតបែរចេញ ពីសេចក្តីបង្គាប់ណាមួយរបស់ទ្រង់ ដរាបអស់ព្រះជន្ម លើកតែក្នុងរឿងពីអ៊ូរី ជាសាសន៍ហេតប៉ុណ្ណោះ
6. ឯរេហូបោម និងយេរ៉ូបោម ទ្រង់ចេះតែច្បាំងគ្នាដរាបដល់អស់ព្រះជន្ម។
7. រីឯដំណើរឯទៀតពីអ័ប៊ីយ៉ា និងការទាំងប៉ុន្មានដែលទ្រង់ធ្វើ នោះសុទ្ធតែកត់ទុកក្នុងសៀវភៅ ជាពង្សាវតារនៃពួកស្តេចយូដាហើយ អ័ប៊ីយ៉ា និងយេរ៉ូបោម ក៏តែងតែច្បាំងគ្នា
8. អ័ប៊ីយ៉ាទ្រង់ផ្ទំលក់ទៅជាមួយនឹងពួកអយ្យកោទ្រង់ទៅ គេបញ្ចុះទ្រង់នៅក្នុងទីក្រុងរបស់ដាវីឌ រួចអេសាជាព្រះរាជបុត្រា ក៏សោយរាជ្យឡើងជំនួសបិតា។
9. លុះដល់ឆ្នាំទី២០ ក្នុងរាជ្យយេរ៉ូបោម ជាស្តេចពួកអ៊ីស្រាអែល នោះអេសាចាប់តាំងសោយរាជ្យឡើង នៅស្រុកយូដា
10. ទ្រង់សោយរាជ្យនៅក្រុងយេរូសាឡិមបាន៤១ឆ្នាំ ឯមាតា ទ្រង់ ព្រះនាមជាម្អាកា បុត្រីអ័ប៊ីសាឡូម
11. អេសានេះទ្រង់បានប្រព្រឹត្តទៀងត្រង់ នៅព្រះនេត្រព្រះយេហូវ៉ា ដូចជាដាវីឌ ជាអយ្យកោទ្រង់ដែរ
12. ទ្រង់កំចាត់ពួកកូនជឹងពីនគរចេញ ក៏បំបាត់អស់ទាំងរូបព្រះ ដែលវង្សានុវង្សទ្រង់បានធ្វើបង់
13. ទ្រង់ដកម្អាកា ជាមាតា ពីដំណែងជាមាតាហ្លួង ដោយព្រោះព្រះនាងបានធ្វើរូប១ ដែលគួរស្អប់ខ្ពើម ទុកសំរាប់ជាព្រះ ហើយអេសាក៏កាប់រូបនោះ យកទៅដុតនៅត្រង់ជ្រោះកេដ្រុន