១ ពង្សាវតារក្សត្រ 15:1-19 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. លុះ​ដល់​ឆ្នាំ​ទី​១៨ ក្នុង​រាជ្យ​យេរ៉ូ‌បោម ជា​បុត្រ​នេបាត នោះ​អ័ប៊ីយ៉ា​ក៏​ចាប់​តាំង​សោយ‌រាជ្យ​ឡើង​នៅ​ស្រុក​យូដា

2. ទ្រង់​គ្រង​រាជ្យ​បាន​៣​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡិម ឯ​មាតា ព្រះ‌នាម​ជា​ម្អាកា បុត្រី​អ័ប៊ី‌សា‌ឡូម

3. ទ្រង់​ក៏​ប្រព្រឹត្ត​តាម​អស់​ទាំង​អំពើ​បាប ដែល​ព្រះ‌បិតា​បាន​ប្រព្រឹត្ត​ពី​មុន​មក​ដែរ ព្រះ‌ទ័យ​ទ្រង់​មិន​បាន​ស្មោះ‌ត្រង់ ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់ ដូច​ជា​ព្រះ‌ទ័យ​ដាវីឌ ជា​អយ្យកោ​ទ្រង់​ទេ

4. ប៉ុន្តែ ដោយ​ព្រោះ​យល់​ដល់​ដាវីឌ បាន​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់ បាន​ប្រទាន​ឲ្យ​មាន​ចង្កៀង​១​ភ្លឺ នៅ​ក្រុង​យេរូ‌សាឡិម គឺ​បាន​តាំង​ព្រះ‌រាជ‌បុត្រា​ទ្រង់​ឲ្យ​សោយ‌រាជ្យ​ឡើង​ជំនួស​បិតា ដើម្បី​នឹង​ប្រោស​ឲ្យ​ក្រុង​យេរូ‌សាឡិម​នៅ​ជាប់​ត​ទៅ

5. ពី​ព្រោះ​ដាវីឌ​បាន​ប្រព្រឹត្ត​សេចក្តី​ដែល​ទៀង​ត្រង់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ដោយ​ឥត​បែរ​ចេញ ពី​សេចក្តី​បង្គាប់​ណា​មួយ​របស់​ទ្រង់ ដរាប​អស់​ព្រះ‌ជន្ម លើក​តែ​ក្នុង​រឿង​ពី​អ៊ូរី ជា​សាសន៍​ហេត​ប៉ុណ្ណោះ

6. ឯ​រេហូ‌បោម និង​យេរ៉ូ‌បោម ទ្រង់​ចេះ​តែ​ច្បាំង​គ្នា​ដរាប​ដល់​អស់​ព្រះ‌ជន្ម។

7. រីឯ​ដំណើរ​ឯ​ទៀត​ពី​អ័ប៊ីយ៉ា និង​ការ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​ធ្វើ នោះ​សុទ្ធ​តែ​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​នៃ​ពួក​ស្តេច​យូដា​ហើយ អ័ប៊ីយ៉ា និង​យេរ៉ូ‌បោម ក៏​តែង‌តែ​ច្បាំង​គ្នា

8. អ័ប៊ីយ៉ា​ទ្រង់​ផ្ទំ​លក់​ទៅ​ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់​ទៅ គេ​បញ្ចុះ​ទ្រង់​នៅ​ក្នុង​ទី​ក្រុង​របស់​ដាវីឌ រួច​អេសា​ជា​ព្រះ‌រាជ‌បុត្រា ក៏​សោយ‌រាជ្យ​ឡើង​ជំនួស​បិតា។

9. លុះ​ដល់​ឆ្នាំ​ទី​២០ ក្នុង​រាជ្យ​យេរ៉ូ‌បោម ជា​ស្តេច​ពួក​អ៊ីស្រា‌អែល នោះ​អេសា​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នៅ​ស្រុក​យូដា

10. ទ្រង់​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​៤១​ឆ្នាំ ឯ​មាតា ទ្រង់ ព្រះ‌នាម​ជា​ម្អាកា បុត្រី​អ័ប៊ី‌សា‌ឡូម

11. អេសា​នេះ​ទ្រង់​បាន​ប្រព្រឹត្ត​ទៀង​ត្រង់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ដូច​ជា​ដាវីឌ ជា​អយ្យកោ​ទ្រង់​ដែរ

12. ទ្រង់​កំចាត់​ពួក​កូន​ជឹង​ពី​នគរ​ចេញ ក៏​បំបាត់​អស់​ទាំង​រូប​ព្រះ ដែល​វង្សា‌នុវង្ស​ទ្រង់​បាន​ធ្វើ​បង់

13. ទ្រង់​ដក​ម្អាកា ជា​មាតា ពី​ដំណែង​ជា​មាតា​ហ្លួង ដោយ​ព្រោះ​ព្រះ‌នាង​បាន​ធ្វើ​រូប​១ ដែល​គួរ​ស្អប់​ខ្ពើម ទុក​សំរាប់​ជា​ព្រះ ហើយ​អេសា​ក៏​កាប់​រូប​នោះ យក​ទៅ​ដុត​នៅ​ត្រង់​ជ្រោះ​កេដ្រុន

14. តែ​ឯ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន នោះ​មិន​បាន​បំបាត់​ចេញ​ទេ ប៉ុន្តែ​ទ្រង់​មាន​ព្រះ‌ទ័យ​ស្មោះ‌ត្រង់ ដល់​ព្រះ‌យេហូវ៉ា រហូត​ដល់​អស់​ព្រះ‌ជន្ម

15. ហើយ​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន ដែល​ព្រះ‌បិតា​បាន​ថ្វាយ និង​របស់​ដែល​អង្គ​ទ្រង់​បាន​ថ្វាយ គឺ​ជា​ប្រាក់ មាស និង​គ្រឿង​ប្រដាប់​ផ្សេងៗ នោះ​ទ្រង់​ក៏​យក​ទៅ​ដាក់​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា។

16. អេសា​នេះ និង​ប្អាសា ជា​ស្តេច​ស្រុក​អ៊ីស្រា‌អែល ទ្រង់​ច្បាំង​គ្នា រហូត​ដល់​អស់​ព្រះ‌ជន្ម

17. ឯ​ប្អាសា ជា​ស្តេច​ស្រុក​អ៊ីស្រា‌អែល ទ្រង់​ឡើង​ទៅ​ទាស់​នឹង​ពួក​យូដា ក៏​សង់​ក្រុង​រ៉ាម៉ា​ឡើង ដើម្បី​កុំ​ឲ្យ​មាន​អ្នក​ណា​ចេញ​ចូល​ទៅ​ខាង​អេសា ជា​ស្តេច​ស្រុក​យូដា​បាន​ឡើយ

18. ដូច្នេះ អេសា​ទ្រង់​យក​អស់​ទាំង​ប្រាក់​មាស ដែល​នៅ​សល់​ក្នុង​ឃ្លាំង​នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា និង​ទ្រព្យ‌សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្នុង​ដំណាក់​ស្តេច ប្រគល់​ទៅ​ក្នុង​ដៃ​នៃ​ពួក​មហា‌តលិក​ទ្រង់ ចាត់​គេ​ទៅ​ឯ​បេន-ហា‌ដាឌ់ ជា​បុត្រ​ថា​បរីម៉ូន ដែល​ជា​បុត្រ​ហេស‌យ៉ូន ស្តេច​ស្រុក​ស៊ីរី ដែល​នៅ​ក្រុង​ដាម៉ាស ដោយ​ពាក្យ​ថា

19. ទ្រង់ ហើយ​នឹង​ទូល‌បង្គំ​មាន​សេចក្តី​សញ្ញា​នឹង​គ្នា​មក​ហើយ ព្រម​ទាំង​ព្រះ‌បិតា​ទូល‌បង្គំ និង​ព្រះ‌បិតា​របស់​ទ្រង់​ផង នោះ​នែ ទូល‌បង្គំ​ផ្ញើ​ដង្វាយ ជា​ប្រាក់​មាស​មក​ថ្វាយ​ដល់​ទ្រង់ សូម​ឲ្យ​ទ្រង់​ទៅ​ផ្តាច់​សេចក្តី​សញ្ញា ដែល​ទ្រង់​មាន​ចំពោះ​ប្អាសា ជា​ស្តេច​ស្រុក​អ៊ីស្រា‌អែល​ទៅ ដើម្បី​ឲ្យ​គេ​ថយ​ពី​ទូល‌បង្គំ​ចេញ

១ ពង្សាវតារក្សត្រ 15