14. មួយទៀត ព្រះយេហូវ៉ាទ្រង់នឹងតាំងឲ្យមានស្តេច១ផ្សេងសោយរាជ្យលើពួកអ៊ីស្រាអែល ជាអ្នកដែលនឹងធ្វើឲ្យវង្សារបស់យេរ៉ូបោមសាបសូន្យទៅក្នុងថ្ងៃនោះ តើកាលណាទៅ គឺឥឡូវនេះហើយ
15. ដ្បិតព្រះយេហូវ៉ាទ្រង់នឹងវាយពួកអ៊ីស្រាអែល ដូចជាដើមបបុស ដែលញ័រនៅក្នុងទឹក ហើយទ្រង់នឹងរំលើងពួកអ៊ីស្រាអែល ចេញពីដីល្អនេះដែលទ្រង់បានប្រទានដល់ពួកអយ្យកោគេ ក៏នឹងកំចាត់កំចាយគេទៅខាងនាយទន្លេ ដោយព្រោះគេបានធ្វើអស់ទាំងរូបព្រះសំរាប់ខ្លួន ដែលបណ្តាលឲ្យព្រះយេហូវ៉ាមានសេចក្តីក្រោធ
16. ទ្រង់នឹងបោះបង់ពួកអ៊ីស្រាអែលចោល ដោយព្រោះអំពើបាបរបស់យេរ៉ូបោម ជាការដែលស្តេចបានធ្វើហើយ ព្រមទាំងនាំឲ្យពួកអ៊ីស្រាអែលធ្វើបាបផង ដោយសារការនោះឯង។
17. ដូច្នេះ ភរិយារបស់យេរ៉ូបោមក៏ក្រោកឡើង យាងចេញទៅឯក្រុងធើសា កាលព្រះនាងបានដល់មាត់ទ្វារដំណាក់ហើយ បុត្រនោះក៏សុគតទៅ
18. រួចពួកអ៊ីស្រាអែលទាំងអស់គ្នាក៏បញ្ចុះសពទ្រង់ ហើយកាន់ទុក្ខតាមសេចក្តីដែលព្រះយេហូវ៉ាបានមានព្រះបន្ទូល ដោយសារហោរាអ័ហ៊ីយ៉ា ជាអ្នកបំរើទ្រង់។
19. រីឯដំណើរឯទៀតពីយេរ៉ូបោម គឺពីទ្រង់ធ្វើចំបាំងយ៉ាងណា ហើយសោយរាជ្យយ៉ាងណា នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតារនៃពួកស្តេចអ៊ីស្រាអែលហើយ
20. យេរ៉ូបោមបានសោយរាជ្យអស់២២ឆ្នាំ រួចក៏ផ្ទំលក់ទៅជាមួយនឹងពួកអយ្យកោទ្រង់ទៅ ហើយណាដាបព្រះរាជបុត្រាទ្រង់ ក៏សោយរាជ្យឡើងជំនួសបិតា។
21. ឯរេហូបោម ជាព្រះរាជបុត្រានៃសាឡូម៉ូន ទ្រង់បានសោយរាជ្យនៅស្រុកយូដា កាលរេហូបោមបានចាប់តាំងសោយរាជ្យឡើង នោះទ្រង់បានព្រះជន្ម៤១ឆ្នាំហើយ ក៏សោយរាជ្យបាន១៧ឆ្នាំ នៅក្រុងយេរូសាឡិម ជាទីក្រុងដែលព្រះយេហូវ៉ា ទ្រង់បានរើសចេញ ពីពូជអំបូរសាសន៍អ៊ីស្រាអែលទាំងអម្បាលម៉ាន សំរាប់ជាទីតាំងព្រះនាមទ្រង់ ឯមាតារេហូបោម ព្រះនាងនាមជាន៉ាអាម៉ា ជាសាសន៍អាំម៉ូន
22. ពួកយូដាក៏ប្រព្រឹត្តអាក្រក់លាមកនៅចំពោះព្រះនេត្រព្រះយេហូវ៉ា ហើយគេបណ្តាលឲ្យទ្រង់មានសេចក្តីប្រចណ្ឌ ដោយសារអំពើបាប ដែលគេប្រព្រឹត្តលើសជាងពួកអយ្យកោរបស់គេទៅទៀត
23. ដ្បិតគេបានធ្វើទីខ្ពស់ បង្គោលសំរាប់គោរព និងរូបព្រះ សំរាប់ខ្លួនគេ នៅលើគ្រប់ទាំងកំពូលភ្នំ ហើយនៅក្រោមគ្រប់ទាំងដើមឈើខ្ចីៗ
24. ក៏តាំងឲ្យមានកូនជឹងនៅក្នុងស្រុកដែរ គេប្រព្រឹត្ត តាមអស់ទាំងអំពើគួរស្អប់ខ្ពើម របស់ពួកសាសន៍ដទៃ ដែលព្រះយេហូវ៉ាទ្រង់បានបណ្តេញ ពីមុខពួកកូនចៅអ៊ីស្រាអែលចេញ។
25. លុះឆ្នាំទី៥ ក្នុងរាជ្យស្តេចរេហូបោម នោះស៊ីសាកជាស្តេចស្រុកអេស៊ីព្ទ បានឡើងមកច្បាំងនឹងក្រុងយេរូសាឡិម
26. ក៏យកអស់ទាំងទ្រព្យសម្បត្តិ នៃព្រះវិហារព្រះយេហូវ៉ា និងទ្រព្យសម្បត្តិក្នុងដំណាក់ស្តេចទាំងអស់ទៅ ហើយយកទាំងខែលមាស ដែលសាឡូម៉ូនបានធ្វើផងដែរ