១ ពង្សាវតារក្សត្រ 14:13-23 ព្រះគម្ពីរបរិសុទ្ធ (KHOV)

13. ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​នឹង​កាន់​ទុក្ខ ហើយ​បញ្ចុះ​សព​ទ្រង់ ដ្បិត​ក្នុង​វង្សា​របស់​យេរ៉ូ‌បោម នោះ​មាន​តែ​បុត្រ​នេះ​១​ប៉ុណ្ណោះ ដែល​នឹង​បាន​បញ្ចុះ​ក្នុង​ផ្នូរ ពី​ព្រោះ​ក្នុង​វង្សា​យេរ៉ូ‌បោម មាន​តែ​បុត្រ​មួយ​នេះ​ទេ ដែល​ឃើញ​មាន​សេចក្តី​ល្អ​ខ្លះ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​អ៊ីស្រា‌អែល

14. មួយ​ទៀត ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​តាំង​ឲ្យ​មាន​ស្តេច​១​ផ្សេង​សោយ‌រាជ្យ​លើ​ពួក​អ៊ីស្រា‌អែល ជា​អ្នក​ដែល​នឹង​ធ្វើ​ឲ្យ​វង្សា​របស់​យេរ៉ូ‌បោម​សាប‌សូន្យ​ទៅ​ក្នុង​ថ្ងៃ​នោះ តើ​កាល​ណា​ទៅ គឺ​ឥឡូវ​នេះ​ហើយ

15. ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​វាយ​ពួក​អ៊ីស្រា‌អែល ដូច​ជា​ដើម​បបុស ដែល​ញ័រ​នៅ​ក្នុង​ទឹក ហើយ​ទ្រង់​នឹង​រំលើង​ពួក​អ៊ីស្រា‌អែល ចេញ​ពី​ដី​ល្អ​នេះ​ដែល​ទ្រង់​បាន​ប្រទាន​ដល់​ពួក​អយ្យកោ​គេ ក៏​នឹង​កំចាត់‌កំចាយ​គេ​ទៅ​ខាង​នាយ​ទន្លេ ដោយ​ព្រោះ​គេ​បាន​ធ្វើ​អស់​ទាំង​រូប​ព្រះ​សំរាប់​ខ្លួន ដែល​បណ្តាល​ឲ្យ​ព្រះ‌យេហូវ៉ា​មាន​សេចក្តី​ក្រោធ

16. ទ្រង់​នឹង​បោះ‌បង់​ពួក​អ៊ីស្រា‌អែល​ចោល ដោយ​ព្រោះ​អំពើ​បាប​របស់​យេរ៉ូ‌បោម ជា​ការ​ដែល​ស្តេច​បាន​ធ្វើ​ហើយ ព្រម​ទាំង​នាំ​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធ្វើ​បាប​ផង ដោយ‌សារ​ការ​នោះ​ឯង។

17. ដូច្នេះ ភរិយា​របស់​យេរ៉ូ‌បោម​ក៏​ក្រោក​ឡើង យាង​ចេញ​ទៅ​ឯ​ក្រុង​ធើសា កាល​ព្រះ‌នាង​បាន​ដល់​មាត់​ទ្វារ​ដំណាក់​ហើយ បុត្រ​នោះ​ក៏​សុគត​ទៅ

18. រួច​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ក៏​បញ្ចុះ​សព​ទ្រង់ ហើយ​កាន់​ទុក្ខ​តាម​សេចក្តី​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល ដោយ‌សារ​ហោរា​អ័ហ៊ីយ៉ា ជា​អ្នក​បំរើ​ទ្រង់។

19. រីឯ​ដំណើរ​ឯ​ទៀត​ពី​យេរ៉ូ‌បោម គឺ​ពី​ទ្រង់​ធ្វើ​ចំបាំង​យ៉ាង​ណា ហើយ​សោយ‌រាជ្យ​យ៉ាង​ណា នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​នៃ​ពួក​ស្តេច​អ៊ីស្រា‌អែល​ហើយ

20. យេរ៉ូ‌បោម​បាន​សោយ‌រាជ្យ​អស់​២២​ឆ្នាំ រួច​ក៏​ផ្ទំ​លក់​ទៅ​ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់​ទៅ ហើយ​ណាដាប​ព្រះ‌រាជ‌បុត្រា​ទ្រង់ ក៏​សោយ‌រាជ្យ​ឡើង​ជំនួស​បិតា។

21. ឯ​រេហូ‌បោម ជា​ព្រះ‌រាជ‌បុត្រា​នៃ​សាឡូ‌ម៉ូន ទ្រង់​បាន​សោយ‌រាជ្យ​នៅ​ស្រុក​យូដា កាល​រេហូ‌បោម​បាន​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​ទ្រង់​បាន​ព្រះ‌ជន្ម​៤១​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​បាន​១៧​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡិម ជា​ទី​ក្រុង​ដែល​ព្រះ‌យេហូវ៉ា ទ្រង់​បាន​រើស​ចេញ ពី​ពូជ​អំបូរ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អម្បាលម៉ាន សំរាប់​ជា​ទី​តាំង​ព្រះ‌នាម​ទ្រង់ ឯ​មាតា​រេហូ‌បោម ព្រះ‌នាង​នាម​ជា​ន៉ាអាម៉ា ជា​សាសន៍​អាំម៉ូន

22. ពួក​យូដា​ក៏​ប្រព្រឹត្ត​អាក្រក់​លាមក​នៅ​ចំពោះ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ហើយ​គេ​បណ្តាល​ឲ្យ​ទ្រង់​មាន​សេចក្តី​ប្រចណ្ឌ ដោយ‌សារ​អំពើ​បាប ដែល​គេ​ប្រព្រឹត្ត​លើស​ជាង​ពួក​អយ្យកោ​របស់​គេ​ទៅ​ទៀត

23. ដ្បិត​គេ​បាន​ធ្វើ​ទី​ខ្ពស់ បង្គោល​សំរាប់​គោរព និង​រូប​ព្រះ សំរាប់​ខ្លួន​គេ នៅ​លើ​គ្រប់​ទាំង​កំពូល​ភ្នំ ហើយ​នៅ​ក្រោម​គ្រប់​ទាំង​ដើម​ឈើ​ខ្ចីៗ

១ ពង្សាវតារក្សត្រ 14