3. អ្នកនោះក៏ប្រាប់ទីសំគាល់១នៅថ្ងៃនោះដែរ ដោយពាក្យថា នេះជាទីសំគាល់ដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលហើយ មើល អាសនានេះនឹងបាក់បែកទៅ ហើយផេះនៅលើ នឹងត្រូវខ្ចាយចេញ
4. កាលស្តេចយេរ៉ូបោមទ្រង់ឮពាក្យ ដែលអ្នកសំណប់របស់ព្រះបានស្រែកទាស់នឹងអាសនា នៅក្រុងបេត-អែលដូច្នោះ នោះទ្រង់ក៏ដកព្រះហស្តពីអាសនាចង្អុលទៅថា ចូរចាប់វាទៅ ឯព្រះហស្តដែលទ្រង់បានចង្អុលទៅគាត់នោះ ក៏ស្វិតទៅកន្ត្រាក់មកវិញមិនបាន
5. អាសនានោះក៏បាក់បែក ហើយផេះក៏ខ្ចាត់ខ្ចាយពីលើទៅ តាមទីសំគាល់ដែលអ្នកសំណប់របស់ព្រះបានប្រាប់ ដោយព្រះបន្ទូលនៃព្រះយេហូវ៉ា
6. នោះស្តេចទ្រង់មានព្រះបន្ទូលទៅអ្នកសំណប់របស់ព្រះថា សូមទូលអង្វរដល់ព្រះយេហូវ៉ា ជាព្រះនៃអ្នក ហើយអធិស្ឋានឲ្យខ្ញុំផង ដើម្បីឲ្យដៃខ្ញុំបានជាឡើងវិញ អ្នកសំណប់របស់ព្រះ ក៏ទូលអង្វរដល់ព្រះយេហូវ៉ា រួចព្រះហស្តស្តេចបានជាឡើងដូចកាលដើមវិញ
7. ដូច្នេះ ស្តេចទ្រង់មានព្រះបន្ទូលទៅអ្នកសំណប់របស់ព្រះថា អញ្ជើញទៅផ្ទះខ្ញុំលំហើយខ្លួនបន្តិចសិន ខ្ញុំនឹងឲ្យរង្វាន់ដល់អ្នក
8. តែអ្នកសំណប់របស់ព្រះទូលឆ្លើយថា បើទុកជាទ្រង់ប្រទានដំណាក់ទ្រង់១ចំហៀងមកទូលបង្គំ ក៏ទូលបង្គំមិនទៅជាមួយនឹងទ្រង់ដែរ ទូលបង្គំមិនព្រមទទួលទាននំបុ័ង ឬទឹកនៅទីនេះឡើយ
9. ដ្បិតព្រះយេហូវ៉ាទ្រង់បានហាមទូលបង្គំថា កុំឲ្យឯងបរិភោគអាហារឬទឹក ហើយកុំឲ្យវិលមកវិញតាមផ្លូវ ដែលឯងទៅនោះឡើយ