3. អ្នកនោះក៏ប្រាប់ទីសំគាល់១នៅថ្ងៃនោះដែរ ដោយពាក្យថា នេះជាទីសំគាល់ដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលហើយ មើល អាសនានេះនឹងបាក់បែកទៅ ហើយផេះនៅលើ នឹងត្រូវខ្ចាយចេញ
4. កាលស្តេចយេរ៉ូបោមទ្រង់ឮពាក្យ ដែលអ្នកសំណប់របស់ព្រះបានស្រែកទាស់នឹងអាសនា នៅក្រុងបេត-អែលដូច្នោះ នោះទ្រង់ក៏ដកព្រះហស្តពីអាសនាចង្អុលទៅថា ចូរចាប់វាទៅ ឯព្រះហស្តដែលទ្រង់បានចង្អុលទៅគាត់នោះ ក៏ស្វិតទៅកន្ត្រាក់មកវិញមិនបាន
5. អាសនានោះក៏បាក់បែក ហើយផេះក៏ខ្ចាត់ខ្ចាយពីលើទៅ តាមទីសំគាល់ដែលអ្នកសំណប់របស់ព្រះបានប្រាប់ ដោយព្រះបន្ទូលនៃព្រះយេហូវ៉ា
6. នោះស្តេចទ្រង់មានព្រះបន្ទូលទៅអ្នកសំណប់របស់ព្រះថា សូមទូលអង្វរដល់ព្រះយេហូវ៉ា ជាព្រះនៃអ្នក ហើយអធិស្ឋានឲ្យខ្ញុំផង ដើម្បីឲ្យដៃខ្ញុំបានជាឡើងវិញ អ្នកសំណប់របស់ព្រះ ក៏ទូលអង្វរដល់ព្រះយេហូវ៉ា រួចព្រះហស្តស្តេចបានជាឡើងដូចកាលដើមវិញ
7. ដូច្នេះ ស្តេចទ្រង់មានព្រះបន្ទូលទៅអ្នកសំណប់របស់ព្រះថា អញ្ជើញទៅផ្ទះខ្ញុំលំហើយខ្លួនបន្តិចសិន ខ្ញុំនឹងឲ្យរង្វាន់ដល់អ្នក
8. តែអ្នកសំណប់របស់ព្រះទូលឆ្លើយថា បើទុកជាទ្រង់ប្រទានដំណាក់ទ្រង់១ចំហៀងមកទូលបង្គំ ក៏ទូលបង្គំមិនទៅជាមួយនឹងទ្រង់ដែរ ទូលបង្គំមិនព្រមទទួលទាននំបុ័ង ឬទឹកនៅទីនេះឡើយ
9. ដ្បិតព្រះយេហូវ៉ាទ្រង់បានហាមទូលបង្គំថា កុំឲ្យឯងបរិភោគអាហារឬទឹក ហើយកុំឲ្យវិលមកវិញតាមផ្លូវ ដែលឯងទៅនោះឡើយ
10. ដូច្នេះ គាត់ក៏ចេញទៅតាមផ្លូវ១ទៀត ឥតវិលទៅតាមផ្លូវដែលមកដល់ក្រុងបេត-អែលនោះទេ។
11. រីឯនៅក្រុងបេត-អែល មានហោរាចាស់ម្នាក់ ឯកូនគាត់ម្នាក់ ក៏មកប្រាប់ឪពុក ពីគ្រប់ទាំងការ ដែលអ្នកសំណប់របស់ព្រះបានធ្វើ នៅក្រុងបេត-អែល នាថ្ងៃនោះ ព្រមទាំងពាក្យទាំងប៉ុន្មាន ដែលគាត់បានទូលដល់ស្តេចដែរ
12. ឯផ្លូវដែលអ្នកសំណប់របស់ព្រះ មកពីស្រុកយូដាបានទៅវិញ នោះកូនគាត់ក៏បានឃើញ ដូច្នេះ គាត់សួរកូនថា តើអ្នកនោះបានចេញទៅតាមផ្លូវណា
13. រួចគាត់ប្រាប់កូនថា ចូរចងកែបលាឲ្យអញ កូនក៏ចងកែបលា ហើយគាត់ឡើងជិះទៅ
14. គាត់ទៅតាមអ្នកសំណប់របស់ព្រះ បានទាន់ឃើញកំពុងអង្គុយនៅក្រោមដើមម៉ៃសាក់ ក៏សួរថា តើអ្នកជាអ្នកសំណប់របស់ព្រះ ដែលមកពីស្រុកយូដាឬអី អ្នកនោះឆ្លើយថា គឺខ្ញុំនេះហើយ
15. រួចគាត់និយាយថា សូមអញ្ជើញទៅពិសារអាហារនៅឯផ្ទះជាមួយនឹងខ្ញុំសិន
16. តែអ្នកនោះឆ្លើយតបថា ខ្ញុំគ្មានច្បាប់នឹងត្រឡប់ជាមួយនឹងអ្នក ឬចូលទៅក្នុងផ្ទះអ្នកឡើយ ក៏មិនព្រមទទួលទានអាហារ ឬទឹក ជាមួយនឹងអ្នកនៅស្រុកនេះដែរ
17. ពីព្រោះព្រះយេហូវ៉ាទ្រង់បានហាមថា មិនត្រូវឲ្យបរិភោគអាហារ ឬទឹក នៅស្រុកនោះឡើយ ក៏មិនត្រូវវិលទៅវិញ តាមផ្លូវដែលឯងបានចូលមកនោះដែរ
18. តែគាត់និយាយថា ខ្ញុំក៏ជាហោរាដូចអ្នកដែរ ហើយមានទេវតាប្រាប់ខ្ញុំដោយព្រះបន្ទូលនៃព្រះយេហូវ៉ាថា ចូរទៅនាំអ្នកនោះមកឯផ្ទះជាមួយនឹងឯងវិញ ដើម្បីឲ្យបានបរិភោគភោជន៍ គឺគាត់កុហកដល់អ្នកនោះទេ
19. ដូច្នេះ អ្នកនោះក៏ត្រឡប់ទៅជាមួយ ព្រមទាំងបរិភោគនៅក្នុងផ្ទះគាត់ផង។
20. កាលអ្នកទាំង២កំពុងតែអង្គុយនៅតុ នោះព្រះបន្ទូលនៃព្រះយេហូវ៉ា ក៏មកដល់ហោរា ដែលបាននាំគាត់ត្រឡប់មកវិញ
21. ហើយអ្នកនោះបន្លឺវាចាឡើងដល់អ្នកសំណប់របស់ព្រះ ដែលមកពីស្រុកយូដាថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ដោយព្រោះឯងមិនបានស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ហើយមិនបានកាន់តាមបញ្ញត្តដែលព្រះយេហូវ៉ា ជាព្រះនៃឯងបានហាមប្រាម