6. ស្តេចរេហូបោមក៏ប្រឹក្សានឹងពួកចាស់ៗ ជាពួកជំនិតនៃសាឡូម៉ូន បិតាទ្រង់ ពីកាលទ្រង់គង់ព្រះជន្មនៅឡើយថា តាមគំនិតរបស់លោករាល់គ្នា នោះតើត្រូវយើងឆ្លើយនឹងពួករាស្ត្រនេះយ៉ាងដូចម្តេច
7. លោកទាំងនោះទូលឆ្លើយថា នៅថ្ងៃនេះ បើទ្រង់សព្វព្រះទ័យនឹងធ្វើតាមចិត្តប្រជាជនទាំងឡាយ ហើយយកចិត្តគេ ដោយឆ្លើយនឹងគេជាពាក្យផ្អែមពីរោះ នោះគេនឹងនៅជាបាវបំរើរបស់ទ្រង់ជាដរាបទៅ
8. ប៉ុន្តែទ្រង់មិនព្រមតាមគំនិតនៃពួកចាស់ៗទាំងនោះទេ គឺទ្រង់ទៅប្រឹក្សានឹងពួកមនុស្សស្រករនឹងទ្រង់ ជាពួកជំនិតទ្រង់វិញ
9. ដោយព្រះបន្ទូលថា តើអ្នករាល់គ្នាគិតយ៉ាងណា តើត្រូវឲ្យយើងឆ្លើយនឹងពួករាស្ត្រនេះដូចម្តេច ដែលគេបានមកសូមយើងថា សូមមេត្តាប្រោសឲ្យនឹមដែលព្រះបិតាទ្រង់បានដាក់លើយើងរាល់គ្នា បានស្រាលទៅ
10. រួចពួកដែលស្រករនឹងទ្រង់ គេទូលឆ្លើយថា ឯពួករាស្ត្រនេះ ដែលមកទូលសូមទ្រង់ថា ព្រះបិតាទ្រង់បានធ្វើឲ្យនឹមយើងខ្ញុំរាល់គ្នាធ្ងន់ពន់ពេក សូមទ្រង់មេត្តាប្រោសឲ្យបានស្រាលដល់យើងខ្ញុំវិញដូច្នេះ នោះត្រូវឲ្យទ្រង់មានព្រះបន្ទូលឆ្លើយនឹងគេយ៉ាងនេះថា កូនដៃយើងនឹងបានធំជាងភ្លៅរបស់ព្រះបិតាយើង
11. ឯព្រះបិតាយើង ទ្រង់បានដាក់នឹមយ៉ាងធ្ងន់លើឯងរាល់គ្នា តែឥឡូវនេះ យើងនឹងបន្ថែមឲ្យនឹមឯងរាល់គ្នាបានធ្ងន់ជាងទៅទៀត ព្រះបិតាយើងបានវាយផ្ចាលឯងរាល់គ្នាដោយរំពាត់ តែយើងនឹងវាយផ្ចាលឯងរាល់គ្នាដោយខ្យាដំរីវិញ។
12. លុះដល់ថ្ងៃទី៣ យេរ៉ូបោម និងបណ្តាជនទាំងឡាយ ក៏មូលមកគាល់រេហូបោម ដូចជាស្តេចបានបង្គាប់ដោយព្រះបន្ទូលថា ដល់ថ្ងៃទី៣ ចូរឯងរាល់គ្នាមកឯយើងវិញ
13. នោះស្តេចទ្រង់មានព្រះបន្ទូលឆ្លើយដល់គេជាពាក្យគំរោះគំរើយ ឥតតាមគំនិតរបស់ពួកចាស់ៗឡើយ
14. គឺទ្រង់មានព្រះបន្ទូលទៅគេ តាមគំនិតរបស់ពួកមនុស្សស្រករគ្នាវិញថា ព្រះបិតាយើងបានធ្វើឲ្យនឹមឯងរាល់គ្នាមានទំងន់ តែយើងនឹងបន្ថែម ឲ្យនឹមឯងរាល់គ្នា បានធ្ងន់ជាងទៅទៀត ព្រះបិតាបានវាយផ្ចាលឯងរាល់គ្នាដោយរំពាត់ តែយើងនឹងវាយផ្ចាលឯងរាល់គ្នាដោយខ្យាដំរីវិញ
15. ស្តេចទ្រង់មិនព្រមស្តាប់តាមបណ្តាជនទេ ដ្បិតការនេះកើតមកអំពីព្រះយេហូវ៉ា ដើម្បីនឹងសំរេចតាមសេចក្តី ដែលទ្រង់បានមានព្រះបន្ទូលនឹងយេរ៉ូបោម ជាកូននេបាត ដោយសារអ័ហ៊ីយ៉ា ជាពួកក្រុងស៊ីឡូរ។
16. កាលពួកអ៊ីស្រាអែលទាំងប៉ុន្មានឃើញថា ស្តេចមិនព្រមស្តាប់តាមគេដូច្នោះ នោះគេទូលឆ្លើយថា តើយើងរាល់គ្នាមានចំណែកអ្វីខាងដាវីឌ យើងក៏គ្មានមរដកជាមួយនឹងកូនចៅអ៊ីសាយដែរ ឱពួកអ៊ីស្រាអែលអើយ ចូរយើងវិលទៅផ្ទះវិញទៅ ឥឡូវនេះដាវីឌ ចូរមើលព្រះវង្សរបស់ខ្លួនឯងចុះ ដូច្នេះ ពួកអ៊ីស្រាអែល ក៏ត្រឡប់ទៅឯទីលំនៅគេវិញទៅ
17. ឯត្រង់ពួកកូនចៅអ៊ីស្រាអែល ដែលនៅក្នុងអស់ទាំងទីក្រុងរបស់ពួកយូដា នោះរេហូបោមបានគ្រងរាជ្យលើគេវិញ
18. រួចមកស្តេចរេហូបោមទ្រង់ចាត់អ័ដូរ៉ាម ដែលត្រួតលើពួកកំណែនឲ្យទៅ តែពួកអ៊ីស្រាអែលទាំងអស់គ្នាគេចោលលោកនឹងថ្មឲ្យស្លាប់ទៅ ដូច្នេះស្តេចរេហូបោមក៏ប្រញាប់ប្រញាល់ នឹងឡើងព្រះរាជរថរត់ទៅឯក្រុងយេរូសាឡិម