1. ឯរេហូបោម ទ្រង់យាងទៅឯស៊ីគែម ដ្បិតសាសន៍អ៊ីស្រាអែលទាំងអស់បានមូលមកឯស៊ីគែម ដើម្បីនឹងតាំងទ្រង់ឡើងជាស្តេច
2. កាលយេរ៉ូបោម ជាកូននេបាតបានឮ ក្នុងកាលដែលលោកកំពុងនៅស្រុកអេស៊ីព្ទ ជាកន្លែងដែលលោកបានរត់ទៅអាស្រ័យនៅ ដើម្បីឲ្យរួចពីស្តេចសាឡូម៉ូន
3. ហើយមានគេចាត់មនុស្សឲ្យទៅហៅលោកមក នោះយេរ៉ូបោម និងពួកជំនុំអ៊ីស្រាអែលទាំងអស់ ក៏មកគាល់រេហូបោមទូលថា
4. ព្រះបិតាទ្រង់បានធ្វើឲ្យនឹមយើងខ្ញុំធ្ងន់ពន់ពេក ដូច្នេះ សូមទ្រង់មេត្តាប្រោសឲ្យការតឹងរ៉ឹងរបស់ព្រះវរបិតាទ្រង់ និងនឹមយ៉ាងធ្ងន់ដែលទ្រង់បានដាក់លើយើងខ្ញុំរាល់គ្នា បានស្រាលចេញ នោះយើងខ្ញុំរាល់គ្នានឹងប្រតិបត្តិតាមទ្រង់
5. ដូច្នេះ ទ្រង់មានព្រះបន្ទូលឆ្លើយថា ចូរទៅសិនចុះ ចាំបីថ្ងៃទៀតសូមត្រឡប់មកវិញ បណ្តាជនទាំងឡាយក៏បង្គំលាទៅ។
6. ស្តេចរេហូបោមក៏ប្រឹក្សានឹងពួកចាស់ៗ ជាពួកជំនិតនៃសាឡូម៉ូន បិតាទ្រង់ ពីកាលទ្រង់គង់ព្រះជន្មនៅឡើយថា តាមគំនិតរបស់លោករាល់គ្នា នោះតើត្រូវយើងឆ្លើយនឹងពួករាស្ត្រនេះយ៉ាងដូចម្តេច
7. លោកទាំងនោះទូលឆ្លើយថា នៅថ្ងៃនេះ បើទ្រង់សព្វព្រះទ័យនឹងធ្វើតាមចិត្តប្រជាជនទាំងឡាយ ហើយយកចិត្តគេ ដោយឆ្លើយនឹងគេជាពាក្យផ្អែមពីរោះ នោះគេនឹងនៅជាបាវបំរើរបស់ទ្រង់ជាដរាបទៅ
8. ប៉ុន្តែទ្រង់មិនព្រមតាមគំនិតនៃពួកចាស់ៗទាំងនោះទេ គឺទ្រង់ទៅប្រឹក្សានឹងពួកមនុស្សស្រករនឹងទ្រង់ ជាពួកជំនិតទ្រង់វិញ
9. ដោយព្រះបន្ទូលថា តើអ្នករាល់គ្នាគិតយ៉ាងណា តើត្រូវឲ្យយើងឆ្លើយនឹងពួករាស្ត្រនេះដូចម្តេច ដែលគេបានមកសូមយើងថា សូមមេត្តាប្រោសឲ្យនឹមដែលព្រះបិតាទ្រង់បានដាក់លើយើងរាល់គ្នា បានស្រាលទៅ