28. យេរ៉ូបោមនេះ ជាអ្នកក្លាហានស្ទាត់ជំនាញ សាឡូម៉ូនទ្រង់ឃើញថា អ្នកកំឡោះនេះមានចិត្តឧស្សាហ៍ធ្វើការ បានជាទ្រង់តាំងឲ្យត្រួតលើការទាំងអស់ របស់ពូជពង្សយ៉ូសែប
29. នៅគ្រានោះ មានកាល១ថ្ងៃយេរ៉ូបោមចេញពីក្រុងយេរូសាឡិមទៅ ហើយហោរាអ័ហ៊ីយ៉ាជាពួកក្រុងស៊ីឡូរ ក៏ប្រទះនឹងលោកនៅកណ្តាលផ្លូវ មានតែគ្នា២នាក់នៅកណ្តាលវាលនោះ
30. ឯអ័ហ៊ីយ៉ា លោកបានពាក់អាវថ្មី ក៏ចាប់អាវថ្មីនោះ ហែកជា១២ផ្នែកទៅ
31. រួចប្រាប់ដល់យេរ៉ូបោមថា ចូរអ្នកយក១០ផ្នែកទៅ ដ្បិតព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់បានមានព្រះបន្ទូលដូច្នេះថា មើល អញនឹងកន្ត្រាក់យករាជ្យពីដៃសាឡូម៉ូន ហើយនឹងឲ្យពូជអំបូរ១០ដល់ឯងវិញ
32. (តែសាឡូម៉ូននឹងបានពូជអំបូរ១ ដោយអញយល់ដល់ដាវីឌ ជាអ្នកបំរើអញ ហើយយល់ដល់ក្រុងយេរូសាឡិម ដែលអញបានរើសចេញពីអស់ទាំងពូជអំបូរសាសន៍អ៊ីស្រាអែលផង)
33. ពីព្រោះគេបានបោះបង់ចោលអញ ហើយបានក្រាបថ្វាយបង្គំដល់ព្រះអាសថារ៉ូត ជាព្រះនៃសាសន៍ស៊ីដូន និងកេម៉ូស ជាព្រះនៃសាសន៍ម៉ូអាប់ ហើយមីលកូម ជាព្រះនៃពួកកូនចៅអាំម៉ូនវិញ គេមិនបានដើរតាមផ្លូវអញ ដើម្បីនឹងប្រព្រឹត្តសេចក្តីដែលទៀងត្រង់នៅភ្នែកអញ ហើយកាន់តាមបញ្ញត្ត និងសេចក្តីយុត្តិធម៌របស់អញ ដូចជាដាវីឌ ជាបិតាទ្រង់ទេ
34. ប៉ុន្តែអញមិនយករាជ្យទាំងមូលពីដៃទ្រង់ទេ គឺនឹងឲ្យទ្រង់ធ្វើជាស្តេច រហូតដល់អស់ព្រះជន្ម ដោយព្រោះយល់ដល់ដាវីឌ ជាអ្នកបំរើអញដែលអញបានរើស ជាអ្នកដែលបានកាន់តាមបញ្ញត្ត និងក្រឹត្យក្រមទាំងប៉ុន្មានរបស់អញ
35. អញនឹងយករាជ្យពីដៃរបស់បុត្រទ្រង់វិញ ហើយនឹងឲ្យពូជអំបូរ១០មកឯង
36. ឯបុត្ររបស់ទ្រង់ អញនឹងឲ្យពូជអំបូរ១ ដើម្បីឲ្យដាវីឌ ជាអ្នកបំរើអញ បានចង្កៀង១ភ្លឺជាដរាប នៅចំពោះអញ ក្នុងក្រុងយេរូសាឡិម ជាទីក្រុងដែលអញបានរើសសំរាប់តាំងឈ្មោះអញ
37. អញនឹងយកឯងតាំងឡើង ហើយឯងនឹងគ្រប់គ្រងតាមបំណងចិត្ត ព្រមទាំងសោយរាជ្យលើពួកអ៊ីស្រាអែល
38. ដូច្នេះ បើឯងនឹងស្តាប់តាមគ្រប់ទាំងសេចក្តីដែលអញបង្គាប់ ហើយដើរតាមអស់ទាំងផ្លូវរបស់អញ ព្រមទាំងប្រព្រឹត្តសេចក្តីដែលត្រឹមត្រូវនៅភ្នែកអញ ដោយកាន់តាមបញ្ញត្ត និងក្រឹត្យក្រមរបស់អញ ដូចជាដាវីឌ ជាអ្នកបំរើអញដែរ នោះអញនឹងនៅជាមួយនឹងឯង ហើយនឹងតាំងជំនួរវង្សឯងឡើងឲ្យខ្ជាប់ខ្ជួន ដូចជាអញបានតាំងឲ្យដាវីឌដែរ អញនឹងប្រគល់ពួកអ៊ីស្រាអែលឲ្យដល់ឯង