១ ពង្សាវតារក្សត្រ 11:21-35 ព្រះគម្ពីរបរិសុទ្ធ (KHOV)

21. ក្រោយ​មក កាល​ហាដាឌ់​បាន​ឮ​នៅ​ស្រុក​អេស៊ីព្ទ​ថា ដាវីឌ​បាន​ផ្ទំ​លក់​ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់​ហើយ ព្រម​ទាំង​យ៉ូអាប់​ជា​មេ‌ទ័ព​ដែរ នោះ​ហាដាឌ់​ទូល​ផារ៉ោន​ថា សូម​ឲ្យ​ទូល‌បង្គំ​ត្រឡប់​ទៅ​ឯ​ស្រុក​ទូល‌បង្គំ​វិញ

22. តែ​ផារ៉ោន​មាន​ព្រះ‌បន្ទូល​សួរ​ថា នៅ​ជា​មួយ​នឹង​យើង​នេះ តើ​ឯង​មាន​ខ្វះ‌ខាត​អ្វី បាន​ជា​ចង់​ត្រឡប់​ទៅ​ស្រុក​វិញ​ដូច្នេះ លោក​ទូល​ឆ្លើយ​ថា គ្មាន​ខ្វះ​អ្វី​ទេ ប៉ុន្តែ​សូម​ឲ្យ​តែ​ទូល‌បង្គំ​បាន​ទៅ​ចុះ។

23. ព្រះ​ក៏​បណ្តា​ឲ្យ​មាន​អ្នក​តតាំង​នឹង​ទ្រង់​ម្នាក់​ទៀត គឺ​ឈ្មោះ​រេសោន ជា​កូន​អេលី‌យ៉ាដា ជា​អ្នក​ដែល​បាន​រត់​ពី​ហាដា-រេស៊ើរ ជា​ស្តេច​សូបា ចៅ‌ហ្វាយ​របស់​ខ្លួន

24. អ្នក​នោះ​ក៏​ប្រមូល​មនុស្ស​មក​តាម​ខ្លួន ហើយ​បាន​ធ្វើ​ជា​មេ‌ទ័ព​លើ​ពួក​នោះ ក្នុង​គ្រា​ដែល​ដាវីឌ​បាន​សំឡាប់​ពួក​សូបា រួច​គេ​ទៅ​អាស្រ័យ​នៅ​ក្រុង​ដាម៉ាស ហើយ​បាន​គ្រប់‌គ្រង​នៅ​ទី​នោះ

25. អ្នក​នោះ​ក៏​ទាស់​ទទឹង​នឹង​សាសន៍​អ៊ីស្រា‌អែល រហូត​ដល់​អស់​ព្រះ‌ជន្ម​នៃ​សាឡូ‌ម៉ូន នេះ​ជា​ការ​ប្រទូស‌រ៉ាយ ក្រៅ​ពី​ការ​ដែល​ហាដាឌ់​បាន​ធ្វើ ឯ​រេសោន​បាន​ស្អប់​ខ្ពើម​ដល់​សាសន៍​អ៊ីស្រា‌អែល ក៏​សោយ‌រាជ្យ​លើ​ស្រុក​ស៊ីរី។

26. ឯ​យេរ៉ូ‌បោម កូន​នេបាត ជា​ពួក​អេប្រា‌អិម ពី​ស្រុក​សេរេដា ជា​អ្នក​បំរើ​សាឡូ‌ម៉ូន ដែល​ម្តាយ​ជា​ស្រី​មេម៉ាយ​ឈ្មោះ​សេរូអា នោះ​ក៏​បាន​លើក​ដៃ​ឡើង​ទាស់​នឹង​ស្តេច​ដែរ

27. ហើយ​ហេតុ​ដែល​លើក​ដៃ​ទាស់​នឹង​ស្តេច នោះ​គឺ​ពី​ព្រោះ​សាឡូ‌ម៉ូន​ទ្រង់​បាន​សង់​ប៉ម​មីឡូរ ព្រម​ទាំង​ជួស‌ជុល​ទី​បាក់​បែក​នៃ​កំផែង​ទី​ក្រុង​របស់​ដាវីឌ ជា​ព្រះ‌បិតា​ទ្រង់

28. យេរ៉ូ‌បោម​នេះ ជា​អ្នក​ក្លាហាន​ស្ទាត់​ជំនាញ សាឡូ‌ម៉ូន​ទ្រង់​ឃើញ​ថា អ្នក​កំឡោះ​នេះ​មាន​ចិត្ត​ឧស្សាហ៍​ធ្វើ​ការ បាន​ជា​ទ្រង់​តាំង​ឲ្យ​ត្រួត​លើ​ការ​ទាំង​អស់ របស់​ពូជ‌ពង្ស​យ៉ូសែប

29. នៅ​គ្រា​នោះ មាន​កាល​១​ថ្ងៃ​យេរ៉ូ‌បោម​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ទៅ ហើយ​ហោរា​អ័ហ៊ីយ៉ា​ជា​ពួក​ក្រុង​ស៊ីឡូរ ក៏​ប្រទះ​នឹង​លោក​នៅ​កណ្តាល​ផ្លូវ មាន​តែ​គ្នា​២​នាក់​នៅ​កណ្តាល​វាល​នោះ

30. ឯ​អ័ហ៊ីយ៉ា លោក​បាន​ពាក់​អាវ​ថ្មី ក៏​ចាប់​អាវ​ថ្មី​នោះ ហែក​ជា​១២​ផ្នែក​ទៅ

31. រួច​ប្រាប់​ដល់​យេរ៉ូ‌បោម​ថា ចូរ​អ្នក​យក​១០​ផ្នែក​ទៅ ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​កន្ត្រាក់​យក​រាជ្យ​ពី​ដៃ​សាឡូ‌ម៉ូន ហើយ​នឹង​ឲ្យ​ពូជ​អំបូរ​១០​ដល់​ឯង​វិញ

32. (តែ​សាឡូ‌ម៉ូន​នឹង​បាន​ពូជ​អំបូរ​១ ដោយ​អញ​យល់​ដល់​ដាវីឌ ជា​អ្នក​បំរើ​អញ ហើយ​យល់​ដល់​ក្រុង​យេរូ‌សាឡិម ដែល​អញ​បាន​រើស​ចេញ​ពី​អស់​ទាំង​ពូជ​អំបូរ​សាសន៍​អ៊ីស្រា‌អែល​ផង)

33. ពី​ព្រោះ​គេ​បាន​បោះ‌បង់​ចោល​អញ ហើយ​បាន​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ‌អាស‌ថារ៉ូត ជា​ព្រះ​នៃ​សាសន៍​ស៊ីដូន និង​កេម៉ូស ជា​ព្រះ​នៃ​សាសន៍​ម៉ូអាប់ ហើយ​មីលកូម ជា​ព្រះ​នៃ​ពួក​កូន​ចៅ​អាំម៉ូន​វិញ គេ​មិន​បាន​ដើរ​តាម​ផ្លូវ​អញ ដើម្បី​នឹង​ប្រព្រឹត្ត​សេចក្តី​ដែល​ទៀង​ត្រង់​នៅ​ភ្នែក​អញ ហើយ​កាន់​តាម​បញ្ញត្ត និង​សេចក្តី​យុត្តិ‌ធម៌​របស់​អញ ដូច​ជា​ដាវីឌ ជា​បិតា​ទ្រង់​ទេ

34. ប៉ុន្តែ​អញ​មិន​យក​រាជ្យ​ទាំង​មូល​ពី​ដៃ​ទ្រង់​ទេ គឺ​នឹង​ឲ្យ​ទ្រង់​ធ្វើ​ជា​ស្តេច រហូត​ដល់​អស់​ព្រះ‌ជន្ម ដោយ​ព្រោះ​យល់​ដល់​ដាវីឌ ជា​អ្នក​បំរើ​អញ​ដែល​អញ​បាន​រើស ជា​អ្នក​ដែល​បាន​កាន់​តាម​បញ្ញត្ត និង​ក្រឹត្យ‌ក្រម​ទាំង​ប៉ុន្មាន​របស់​អញ

35. អញ​នឹង​យក​រាជ្យ​ពី​ដៃ​របស់​បុត្រ​ទ្រង់​វិញ ហើយ​នឹង​ឲ្យ​ពូជ​អំបូរ​១០​មក​ឯង

១ ពង្សាវតារក្សត្រ 11