3. ឯសាឡូម៉ូន ទ្រង់ក៏ឆ្លើយស្រាយន័យគ្រប់ទាំងសេចក្តីដែលព្រះនាងសួរ ឥតមានអ្វីលាក់កំបាំងដល់ស្តេច ដែលទ្រង់មិនបានស្រាយន័យថ្វាយព្រះនាងនោះទេ
4. កាលមហាក្សត្រីស្រុកសេបា បានឃើញប្រាជ្ញារបស់សាឡូម៉ូនទាំងប៉ុន្មាន និងដំណាក់ដែលទ្រង់ធ្វើ
5. ព្រមទាំងព្រះស្ងោយនៅលើតុទ្រង់ ទីលំនៅរបស់ពួកបំរើទ្រង់ សណ្ឋានពួកបរិវារបស់ទ្រង់ និងគ្រឿងតែងកាយរបស់គេ ហើយពួកបំរើថ្វាយពែងរបស់ទ្រង់ និងដង្វាយដុតដែលទ្រង់ថ្វាយក្នុងព្រះវិហារនៃព្រះយេហូវ៉ា នោះព្រះនាងក៏ភាំងស្មារតី
6. ហើយមានសវនីយ៍ទៅស្តេចថា ពាក្យដែលខ្ញុំម្ចាស់បានឮផ្សាយទៅដល់ស្រុកខ្ញុំម្ចាស់ ពីព្រះរាជកិច្ច និងប្រាជ្ញារបស់ទ្រង់ នោះក៏ពិតប្រាកដមែន
7. ប៉ុន្តែខ្ញុំម្ចាស់មិនបានជឿទេ លុះត្រាតែបានមកឃើញនឹងភ្នែកខ្លួនឯង ហើយមើល ដំណឹងដែលខ្ញុំម្ចាស់បានឮនោះ មិនទាំងដល់ត្រឹមពាក់កណ្តាលផង គឺប្រាជ្ញា និងសេចក្តីចំរើនរបស់ទ្រង់ នោះហួសលើសពីកិត្តិសព្ទ ដែលខ្ញុំម្ចាស់បានឮទៅទៀត
8. មានពរហើយ ពួកទ្រង់ និងពួកអ្នកបំរើនេះ ដែលឈរចំពោះទ្រង់ជានិច្ច ទាំងស្តាប់ប្រាជ្ញារបស់ទ្រង់
9. សូមឲ្យព្រះយេហូវ៉ាជាព្រះនៃទ្រង់បានប្រកបដោយព្រះពរ ជាព្រះដែលសព្វព្រះហឫទ័យនឹងទ្រង់ ដើម្បីនឹងតាំងឡើងលើបល្ល័ង្ករាជ្យនៃសាសន៍អ៊ីស្រាអែល គឺដោយព្រោះព្រះយេហូវ៉ា ទ្រង់ស្រឡាញ់សាសន៍អ៊ីស្រាអែលអស់កល្បជានិច្ច បានជាតាំងទ្រង់ឡើងឲ្យធ្វើជាស្តេចលើគេ ប្រយោជន៍ឲ្យបានសំរេចសេចក្តីយុត្តិធម៌ និងសេចក្តីសុចរិត
10. រួចព្រះនាងទ្រង់ថ្វាយមាស១២០ហាប និងគ្រឿងក្រអូបយ៉ាងសន្ធឹក ព្រមទាំងត្បូងមានដំឡៃដល់ស្តេច ក្រោយនោះមកមិនដែលមានគ្រឿងក្រអូបជាបរិបូរដល់ម៉្លេះបានចូលមក ឲ្យដូចជាគ្រឿងក្រអូប ដែលមហាក្សត្រីស្រុកសេបាបានថ្វាយដល់ស្តេចសាឡូម៉ូន នោះទៀតឡើយ។
11. ឯក្រុមនាវារបស់ហ៊ីរ៉ាម ដែលដឹកយកមាសមកពីស្រុកអូភារ នោះក៏ដឹកយកឈើចាន់ជាបរិបូរ និងត្បូងមានដំឡៃ មកពីស្រុកនោះដែរ
12. ស្តេចទ្រង់យកឈើចាន់នោះធ្វើជាភ្នាក់ដៃ នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា និងក្នុងដំណាក់របស់ស្តេច ព្រមទាំងស៊ុង និងពិណ សំរាប់ពួកចំរៀងផង មិនដែលមានឈើចាន់យ៉ាងនោះមកទៀត ក៏មិនដែលឃើញសោះឡើយ ដរាបដល់សព្វថ្ងៃនេះ។
13. ស្តេចសាឡូម៉ូនទ្រង់ក៏ប្រទានដល់មហាក្សត្រីស្រុកសេបា តាមបំណងព្រះទ័យរបស់ព្រះនាង គឺរបស់អ្វីដែលព្រះនាងសូម លើសអំពីព្រះរាជទ្រព្យហ្លួងទាំងប៉ុន្មាន ដែលសាឡូម៉ូនបានប្រទានឲ្យផង ដូច្នេះព្រះនាង ព្រមទាំងពួកបរិវារ ក៏វិលត្រឡប់ទៅឯស្រុករបស់ខ្លួនវិញ។
14. រីឯមាសដែលមកដល់សាឡូម៉ូនក្នុង១ឆ្នាំ នោះមានទំងន់ជា៦៦៦ហាប
15. ក្រៅពីនោះ មានមាសដែលមកដោយសារពួកអ្នកលក់ដូរ និងការជំនួញ ហើយពីអស់ទាំងស្តេចស្រុកអារ៉ាប់ និងពួកចៅហ្វាយស្រុកទាំងប៉ុន្មានថែមទៀត
16. ស្តេចសាឡូម៉ូនទ្រង់ផែមាសធ្វើខែលធំ២០០គឺយកមាស៦០០ដំឡឹង ដើម្បីធ្វើខែលមួយៗ
17. ទ្រង់ក៏ផែមាសធ្វើខែលតូច៣០០ ក្នុងខែលមួយៗ មានមាស៦នាលិ ហើយទ្រង់តម្កល់ទុកទាំងអស់ក្នុងដំណាក់នៃព្រៃល្បាណូន