23. គេទូលស្តេចថា បពិត្រព្រះរាជា ហោរាណាថាន់មកគាល់ហើយ រួចកាលលោកបានចូលមកដល់ចំពោះស្តេចហើយ នោះក៏ក្រាបផ្កាប់មុខដល់ដីនៅចំពោះទ្រង់ទូលថា
24. បពិត្រព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំអើយ តើទ្រង់បានមានព្រះបន្ទូលថា អ័ដូនីយ៉ាត្រូវឡើងសោយរាជ្យតពីទ្រង់ ហើយគង់លើបល្ល័ង្ករាជ្យឬអី
25. ដ្បិតនៅថ្ងៃនេះ លោកបានចុះទៅសំឡាប់គោ និងចៀម ហើយសត្វយ៉ាងធាត់ៗជាច្រើន ក៏បានអញ្ជើញពួកបុត្រាទាំងប៉ុន្មាន នៃព្រះករុណា ព្រមទាំងពួកមេទ័ព និងអ័បៀថើរដ៏ជាសង្ឃផង មើល គេកំពុងតែលៀងលោមគ្នា នៅចំពោះមុខលោក ដោយបន្លឺវាចាថា សូមឲ្យស្តេចអ័ដូនីយ៉ាប្រកបដោយសេចក្តីចំរើនចុះ
26. តែឯទូលបង្គំ ជាបាវបំរើទ្រង់ ហើយសាដុកដ៏ជាសង្ឃ បេណាយ៉ា ជាកូនយេហូយ៉ាដា និងសាឡូម៉ូន ជាអ្នកបំរើទ្រង់ នោះលោកមិនបានអញ្ជើញទៅទេ
27. តើព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំ បានបង្គាប់ការនេះ ឥតប្រាប់ឲ្យទូលបង្គំដឹងជាអ្នកណា ដែលត្រូវអង្គុយលើបល្ល័ង្កនៃព្រះករុណាតពីទ្រង់ឬអី។
28. ខណៈនោះ ស្តេចដាវីឌទ្រង់មានព្រះបន្ទូលថា ចូរហៅបាតសេបាមកនេះ ព្រះនាងក៏ចូលមកឈរគាល់នៅចំពោះស្តេច
29. រួចស្តេចទ្រង់មានព្រះបន្ទូលថា យើងស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅ ដែលទ្រង់បានលោះព្រលឹងយើង ឲ្យរួចពីគ្រប់ទាំងសេចក្តីវេទនាថា
30. នៅថ្ងៃនេះ យើងនឹងសំរេចតាមសេចក្តីដែលយើងបានស្បថនឹងឯង ដោយនូវព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលថា សាឡូម៉ូនជាកូនឯង ត្រូវឡើងសោយរាជ្យតពីយើងជាពិត ហើយនឹងអង្គុយលើបល្ល័ង្កជំនួសយើង
31. ដូច្នេះ បាតសេបាក៏ក្រាបផ្កាប់មុខដល់ដី គោរពចំពោះស្តេច ទូលថា បពិត្រព្រះករុណា សូមឲ្យព្រះអម្ចាស់នៃខ្ញុំម្ចាស់បានប្រកបដោយសេចក្តីចំរើនជានិច្ចតទៅ។
32. រួចមក ស្តេចដាវីឌ ទ្រង់មានព្រះបន្ទូលថា ចូរហៅសាដុកដ៏ជាសង្ឃ ហោរាណាថាន់ និងបេណាយ៉ា ជាកូនយេហូយ៉ាដាមកនេះ លោកទាំងនោះក៏ចូលមកគាល់នៅចំពោះស្តេច
33. ទ្រង់មានព្រះបន្ទូលបង្គាប់ថា ចូរអ្នករាល់គ្នានាំយកពួកពលទ័ព របស់ចៅហ្វាយអ្នក ទៅបញ្ជិះសាឡូម៉ូន ជាបុត្រយើង ឲ្យជិះលើលាកាត់របស់យើង នាំចុះទៅឯគីហុនទៅ
34. ហើយត្រូវឲ្យសាដុកដ៏ជាសង្ឃ និងហោរាណាថាន់ ចាក់ប្រេងតាំងឡើងជាស្តេចលើសាសន៍អ៊ីស្រាអែលនៅទីនោះ រួចឲ្យផ្លុំត្រែឡើង ហើយស្រែកថា សូមឲ្យស្តេចសាឡូម៉ូនប្រកបដោយសេចក្តីចំរើនចុះ
35. ក្រោយមក ត្រូវឲ្យអ្នករាល់គ្នាដង្ហែឡើងមក ឲ្យអង្គុយលើបល្ល័ង្ករាជ្យរបស់យើង ដ្បិតវាត្រូវសោយរាជ្យជំនួសយើង គឺយើងនេះហើយ បានដំរូវឲ្យវាធ្វើជាអ្នកនាំមុខពួកអ៊ីស្រាអែល និងពួកយូដា
36. បេណាយ៉ា ជាកូនយេហូយ៉ាដា ក៏ទូលឆ្លើយថា អាម៉ែន សូមឲ្យព្រះយេហូវ៉ា ជាព្រះនៃព្រះករុណា ដ៏ជាម្ចាស់នៃទូលបង្គំ បានព្រមដូច្នេះដែរ
37. សូមឲ្យព្រះយេហូវ៉ាទ្រង់សណ្ឋិតនៅជាមួយនឹងសាឡូម៉ូន ដូចជាបានសណ្ឋិតនៅជាមួយនឹងព្រះករុណាជាម្ចាស់នៃទូលបង្គំ ហើយប្រោសឲ្យរាជ្យទ្រង់បានវិសេសជាងរាជ្យរបស់ព្រះករុណា ជាម្ចាស់នៃទូលបង្គំទៅទៀតផង។
38. ដូច្នេះ សាដុក ដ៏ជាសង្ឃ ណាថាន់ ជាហោរាបេណាយ៉ា ជាកូនយេហូយ៉ាដា ហើយពួកកេរេធីម និងពួកពេលេធីម គេក៏បញ្ជិះសាឡូម៉ូននៅលើលាកាត់របស់ស្តេចដាវីឌ នាំចុះទៅដល់គីហុន
39. ឯសាដុក ដ៏ជាសង្ឃ លោកយកស្នែងដែលដាក់ប្រេង ចេញពីត្រសាលជំនុំ ទៅចាក់ថ្វាយសាឡូម៉ូន រួចគេផ្លុំត្រែឡើង ហើយបណ្តាជនទាំងឡាយគេបន្លឺវាចាថា សូមឲ្យស្តេចសាឡូម៉ូនបានប្រកបដោយសេចក្តីចំរើនចុះ
40. ស្រេចហើយ បណ្តាជនទាំងអស់ក៏ដង្ហែអង្គឡើងមកដោយផ្លុំខ្លុយ ហើយមានសេចក្តីត្រេកអររីករាយជាខ្លាំង ដល់ម៉្លេះបានជាផែនដីក៏ខ្ទរ ដោយសូរសព្ទអឺងកងរបស់គេ។
41. ឯអ័ដូនីយ៉ា និងពួកភ្ញៀវដែលនៅជាមួយ គេក៏ឮក្នុងកាលដែលគេស៊ីលៀងរួច កាលយ៉ូអាប់បានឮសូរផ្លុំត្រែ នោះលោកសួរថា ហេតុអ្វីបានជាមានសូរអឺងកងនៅក្នុងទីក្រុងដូច្នេះ