១ ពង្សាវតារក្សត្រ 1:21-33 ព្រះគម្ពីរបរិសុទ្ធ (KHOV)

21. បើ​ពុំ​នោះ ដល់​កាល​ណា​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់ ទ្រង់​ផ្ទំ​លក់​ទៅ​ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់ នោះ​ខ្ញុំ​ម្ចាស់ និង​សាឡូ‌ម៉ូន ជា​កូន​របស់​ខ្ញុំ​ម្ចាស់ នឹង​ត្រូវ​រាប់​ទុក​ជា​មនុស្ស​ប្រទាំង​ការ​ហើយ។

22. លុះ​កាល​ព្រះ‌នាង​កំពុង​តែ​ក្រាប ទូល​នឹង​ស្តេច​នៅ​ឡើយ នោះ​ហោរា​ណាថាន់ ក៏​ចូល​មក​ដល់

23. គេ​ទូល​ស្តេច​ថា បពិត្រ​ព្រះ‌រាជា ហោរា​ណាថាន់​មក​គាល់​ហើយ រួច​កាល​លោក​បាន​ចូល​មក​ដល់​ចំពោះ​ស្តេច​ហើយ នោះ​ក៏​ក្រាប​ផ្កាប់​មុខ​ដល់​ដី​នៅ​ចំពោះ​ទ្រង់​ទូល​ថា

24. បពិត្រ​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ​អើយ តើ​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ថា អ័ដូ‌នីយ៉ា​ត្រូវ​ឡើង​សោយ‌រាជ្យ​ត​ពី​ទ្រង់ ហើយ​គង់​លើ​បល្ល័ង្ក​រាជ្យ​ឬ​អី

25. ដ្បិត​នៅ​ថ្ងៃ​នេះ លោក​បាន​ចុះ​ទៅ​សំឡាប់​គោ និង​ចៀម ហើយ​សត្វ​យ៉ាង​ធាត់ៗ​ជា​ច្រើន ក៏​បាន​អញ្ជើញ​ពួក​បុត្រា​ទាំង​ប៉ុន្មាន នៃ​ព្រះ‌ករុណា ព្រម​ទាំង​ពួក​មេ‌ទ័ព និង​អ័បៀ‌ថើរ​ដ៏​ជា​សង្ឃ​ផង មើល គេ​កំពុង​តែ​លៀង‌លោម​គ្នា នៅ​ចំពោះ​មុខ​លោក ដោយ​បន្លឺ​វាចា​ថា សូម​ឲ្យ​ស្តេច​អ័ដូ‌នីយ៉ា​ប្រកប​ដោយ​សេចក្តី​ចំរើន​ចុះ

26. តែ​ឯ​ទូល‌បង្គំ ជា​បាវ​បំរើ​ទ្រង់ ហើយ​សាដុក​ដ៏​ជា​សង្ឃ បេណាយ៉ា ជា​កូន​យេហូ‌យ៉ាដា និង​សាឡូ‌ម៉ូន ជា​អ្នក​បំរើ​ទ្រង់ នោះ​លោក​មិន​បាន​អញ្ជើញ​ទៅ​ទេ

27. តើ​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ បាន​បង្គាប់​ការ​នេះ ឥត​ប្រាប់​ឲ្យ​ទូល‌បង្គំ​ដឹង​ជា​អ្នក​ណា ដែល​ត្រូវ​អង្គុយ​លើ​បល្ល័ង្ក​នៃ​ព្រះ‌ករុណា​ត​ពី​ទ្រង់​ឬ​អី។

28. ខណៈ​នោះ ស្តេច​ដាវីឌ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចូរ​ហៅ​បាត‌សេបា​មក​នេះ ព្រះ‌នាង​ក៏​ចូល​មក​ឈរ​គាល់​នៅ​ចំពោះ​ស្តេច

29. រួច​ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា យើង​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ដែល​ទ្រង់​បាន​លោះ​ព្រលឹង​យើង ឲ្យ​រួច​ពី​គ្រប់​ទាំង​សេចក្តី​វេទនា​ថា

30. នៅ​ថ្ងៃ​នេះ យើង​នឹង​សំរេច​តាម​សេចក្តី​ដែល​យើង​បាន​ស្បថ​នឹង​ឯង ដោយ​នូវ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ថា សាឡូ‌ម៉ូន​ជា​កូន​ឯង ត្រូវ​ឡើង​សោយ‌រាជ្យ​ត​ពី​យើង​ជា​ពិត ហើយ​នឹង​អង្គុយ​លើ​បល្ល័ង្ក​ជំនួស​យើង

31. ដូច្នេះ បាត‌សេបា​ក៏​ក្រាប​ផ្កាប់​មុខ​ដល់​ដី គោរព​ចំពោះ​ស្តេច ទូល​ថា បពិត្រ​ព្រះ‌ករុណា សូម​ឲ្យ​ព្រះ‌អម្ចាស់​នៃ​ខ្ញុំ​ម្ចាស់​បាន​ប្រកប​ដោយ​សេចក្តី​ចំរើន​ជានិច្ច​ត​ទៅ។

32. រួច​មក ស្តេច​ដាវីឌ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចូរ​ហៅ​សាដុក​ដ៏​ជា​សង្ឃ ហោរា​ណាថាន់ និង​បេណាយ៉ា ជា​កូន​យេហូ‌យ៉ាដា​មក​នេះ លោក​ទាំង​នោះ​ក៏​ចូល​មក​គាល់​នៅ​ចំពោះ​ស្តេច

33. ទ្រង់​មាន​ព្រះ‌បន្ទូល​បង្គាប់​ថា ចូរ​អ្នក​រាល់​គ្នា​នាំ​យក​ពួក​ពល‌ទ័ព របស់​ចៅ‌ហ្វាយ​អ្នក ទៅ​បញ្ជិះ​សាឡូ‌ម៉ូន ជា​បុត្រ​យើង ឲ្យ​ជិះ​លើ​លា‌កាត់​របស់​យើង នាំ​ចុះ​ទៅ​ឯ​គីហុន​ទៅ

១ ពង្សាវតារក្សត្រ 1