13. សូមចូលទៅគាល់ស្តេចដាវីឌទូលថា បពិត្រព្រះករុណាជាព្រះអម្ចាស់ តើទ្រង់មិនបានស្បថនឹងខ្ញុំម្ចាស់ ជាបាវបំរើទ្រង់ថា ត្រូវឲ្យសាឡូម៉ូន ជាកូនឯង សោយរាជ្យក្រោយអញជាពិត ក៏ត្រូវអង្គុយលើបល្ល័ង្កអញនោះទេឬអី ដូច្នេះ ហេតុអ្វីបានជាអ័ដូនីយ៉ាសោយរាជ្យវិញ
14. មើល កំពុងដែលព្រះនាងនៅទូលនឹងស្តេច ក្នុងទីនោះនៅឡើយ នោះទូលបង្គំនឹងចូលទៅតាមក្រោយ ហើយនឹងបញ្ជាក់ពាក្យរបស់ព្រះនាងដែរ។
15. បាតសេបាក៏ចូលទៅគាល់ស្តេច នៅក្នុងបន្ទប់ក្រឡាព្រះបន្ទំ រីឯស្តេច ទ្រង់ជរាណាស់ហើយ ក៏មាននាងអ័ប៊ីសាក ពីស៊ូណែម នាងកំពុងតែបំរើទ្រង់
16. បាតសេបាក៏ឱនខ្លួនគោរពនៅចំពោះស្តេច រួចស្តេចទ្រង់មានព្រះបន្ទូលសួរថា តើមកមានប្រាថ្នាអ្វី
17. ព្រះនាងទូលឆ្លើយថា បពិត្រព្រះអម្ចាស់អើយ ទ្រង់បានស្បថនឹងខ្ញុំម្ចាស់ ជាបាវបំរើទ្រង់ ដោយនូវព្រះយេហូវ៉ាជាព្រះនៃទ្រង់ថា សាឡូម៉ូនជាកូនឯង នឹងឡើងសោយរាជ្យក្រោយអញជាពិត ហើយនឹងអង្គុយលើបល្ល័ង្កអញមិនមែនឬ
18. តែមើល ឥឡូវនេះ អ័ដូនីយ៉ាបានឡើងសោយរាជ្យហើយ ទ្រង់ព្រះករុណាជាព្រះអម្ចាស់ឥតបានជ្រាបទេ
19. វាបានសំឡាប់គោ និងចៀម ហើយសត្វយ៉ាងធាត់ៗជាច្រើន ក៏បានអញ្ជើញពួកបុត្រាទាំងអស់នៃព្រះករុណា ព្រមទាំងអ័បៀថើរដ៏ជាសង្ឃ និងយ៉ូអាប់ ជាមេទ័ពដែរ តែឯសាឡូម៉ូន ជាបាវបំរើទ្រង់ នោះគេមិនបានហៅទៅទេ
20. ដូច្នេះ ឱព្រះករុណាជាព្រះអម្ចាស់អើយ ភ្នែកនៃពួកអ៊ីស្រាអែលទាំងអស់ គេគន់មើលមកទ្រង់ ចាំតែទ្រង់ប្រាប់ឲ្យគេដឹង ជាអ្នកណាដែលត្រូវគង់លើបល្ល័ង្ករាជ្យរបស់ព្រះករុណា ជាព្រះអម្ចាស់តពីទ្រង់ទៅ
21. បើពុំនោះ ដល់កាលណាព្រះករុណា ជាព្រះអម្ចាស់ ទ្រង់ផ្ទំលក់ទៅជាមួយនឹងពួកអយ្យកោទ្រង់ នោះខ្ញុំម្ចាស់ និងសាឡូម៉ូន ជាកូនរបស់ខ្ញុំម្ចាស់ នឹងត្រូវរាប់ទុកជាមនុស្សប្រទាំងការហើយ។
22. លុះកាលព្រះនាងកំពុងតែក្រាប ទូលនឹងស្តេចនៅឡើយ នោះហោរាណាថាន់ ក៏ចូលមកដល់
23. គេទូលស្តេចថា បពិត្រព្រះរាជា ហោរាណាថាន់មកគាល់ហើយ រួចកាលលោកបានចូលមកដល់ចំពោះស្តេចហើយ នោះក៏ក្រាបផ្កាប់មុខដល់ដីនៅចំពោះទ្រង់ទូលថា
24. បពិត្រព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំអើយ តើទ្រង់បានមានព្រះបន្ទូលថា អ័ដូនីយ៉ាត្រូវឡើងសោយរាជ្យតពីទ្រង់ ហើយគង់លើបល្ល័ង្ករាជ្យឬអី
25. ដ្បិតនៅថ្ងៃនេះ លោកបានចុះទៅសំឡាប់គោ និងចៀម ហើយសត្វយ៉ាងធាត់ៗជាច្រើន ក៏បានអញ្ជើញពួកបុត្រាទាំងប៉ុន្មាន នៃព្រះករុណា ព្រមទាំងពួកមេទ័ព និងអ័បៀថើរដ៏ជាសង្ឃផង មើល គេកំពុងតែលៀងលោមគ្នា នៅចំពោះមុខលោក ដោយបន្លឺវាចាថា សូមឲ្យស្តេចអ័ដូនីយ៉ាប្រកបដោយសេចក្តីចំរើនចុះ
26. តែឯទូលបង្គំ ជាបាវបំរើទ្រង់ ហើយសាដុកដ៏ជាសង្ឃ បេណាយ៉ា ជាកូនយេហូយ៉ាដា និងសាឡូម៉ូន ជាអ្នកបំរើទ្រង់ នោះលោកមិនបានអញ្ជើញទៅទេ
27. តើព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំ បានបង្គាប់ការនេះ ឥតប្រាប់ឲ្យទូលបង្គំដឹងជាអ្នកណា ដែលត្រូវអង្គុយលើបល្ល័ង្កនៃព្រះករុណាតពីទ្រង់ឬអី។