10. តែមិនបានអញ្ជើញហោរាណាថាន់ បេណាយ៉ា និងពួកមនុស្សខ្លាំងពូកែ ឬសាឡូម៉ូន ជាអនុជទ្រង់ទេ។
11. ដូច្នេះ ណាថាន់ក្រាបទូលដល់បាតសេបា ជាមាតាសាឡូម៉ូន ថា តើព្រះនាងមិនបានជ្រាបថា អ័ដូនីយ៉ា ជាកូនហាគីត បានឡើងសោយរាជ្យ ឥតជ្រាបដល់ដាវីឌ ជាព្រះអម្ចាស់នៃយើងរាល់គ្នាផងទេឬអី
12. ដូច្នេះ សូមព្រះនាងមក ឲ្យទូលបង្គំបានជួយគំនិតខ្លះ ប្រយោជន៍ឲ្យបានរួចជីវិតរបស់ព្រះនាង និងជីវិតរបស់សាឡូម៉ូន ជាបុត្រផងដែរ
13. សូមចូលទៅគាល់ស្តេចដាវីឌទូលថា បពិត្រព្រះករុណាជាព្រះអម្ចាស់ តើទ្រង់មិនបានស្បថនឹងខ្ញុំម្ចាស់ ជាបាវបំរើទ្រង់ថា ត្រូវឲ្យសាឡូម៉ូន ជាកូនឯង សោយរាជ្យក្រោយអញជាពិត ក៏ត្រូវអង្គុយលើបល្ល័ង្កអញនោះទេឬអី ដូច្នេះ ហេតុអ្វីបានជាអ័ដូនីយ៉ាសោយរាជ្យវិញ
14. មើល កំពុងដែលព្រះនាងនៅទូលនឹងស្តេច ក្នុងទីនោះនៅឡើយ នោះទូលបង្គំនឹងចូលទៅតាមក្រោយ ហើយនឹងបញ្ជាក់ពាក្យរបស់ព្រះនាងដែរ។
15. បាតសេបាក៏ចូលទៅគាល់ស្តេច នៅក្នុងបន្ទប់ក្រឡាព្រះបន្ទំ រីឯស្តេច ទ្រង់ជរាណាស់ហើយ ក៏មាននាងអ័ប៊ីសាក ពីស៊ូណែម នាងកំពុងតែបំរើទ្រង់
16. បាតសេបាក៏ឱនខ្លួនគោរពនៅចំពោះស្តេច រួចស្តេចទ្រង់មានព្រះបន្ទូលសួរថា តើមកមានប្រាថ្នាអ្វី
17. ព្រះនាងទូលឆ្លើយថា បពិត្រព្រះអម្ចាស់អើយ ទ្រង់បានស្បថនឹងខ្ញុំម្ចាស់ ជាបាវបំរើទ្រង់ ដោយនូវព្រះយេហូវ៉ាជាព្រះនៃទ្រង់ថា សាឡូម៉ូនជាកូនឯង នឹងឡើងសោយរាជ្យក្រោយអញជាពិត ហើយនឹងអង្គុយលើបល្ល័ង្កអញមិនមែនឬ
18. តែមើល ឥឡូវនេះ អ័ដូនីយ៉ាបានឡើងសោយរាជ្យហើយ ទ្រង់ព្រះករុណាជាព្រះអម្ចាស់ឥតបានជ្រាបទេ
19. វាបានសំឡាប់គោ និងចៀម ហើយសត្វយ៉ាងធាត់ៗជាច្រើន ក៏បានអញ្ជើញពួកបុត្រាទាំងអស់នៃព្រះករុណា ព្រមទាំងអ័បៀថើរដ៏ជាសង្ឃ និងយ៉ូអាប់ ជាមេទ័ពដែរ តែឯសាឡូម៉ូន ជាបាវបំរើទ្រង់ នោះគេមិនបានហៅទៅទេ
20. ដូច្នេះ ឱព្រះករុណាជាព្រះអម្ចាស់អើយ ភ្នែកនៃពួកអ៊ីស្រាអែលទាំងអស់ គេគន់មើលមកទ្រង់ ចាំតែទ្រង់ប្រាប់ឲ្យគេដឹង ជាអ្នកណាដែលត្រូវគង់លើបល្ល័ង្ករាជ្យរបស់ព្រះករុណា ជាព្រះអម្ចាស់តពីទ្រង់ទៅ
21. បើពុំនោះ ដល់កាលណាព្រះករុណា ជាព្រះអម្ចាស់ ទ្រង់ផ្ទំលក់ទៅជាមួយនឹងពួកអយ្យកោទ្រង់ នោះខ្ញុំម្ចាស់ និងសាឡូម៉ូន ជាកូនរបស់ខ្ញុំម្ចាស់ នឹងត្រូវរាប់ទុកជាមនុស្សប្រទាំងការហើយ។