2. យើងខ្ញុំអរព្រះគុណដល់ព្រះជានិច្ច ពីដំណើរអ្នករាល់គ្នា ហើយកាលណាយើងខ្ញុំអធិស្ឋាន នោះក៏តែងដំណាលពីអ្នករាល់គ្នា
3. ដោយនឹកចាំជាដរាប ពីការដែលអ្នករាល់គ្នាធ្វើ ដោយសេចក្តីជំនឿ និងពីការនឿយហត់ ដែលធ្វើដោយសេចក្តីស្រឡាញ់ ហើយដែលអ្នករាល់គ្នាមានសេចក្តីសង្ឃឹមយ៉ាងមាំមួន ដល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា នៅចំពោះព្រះដ៏ជាព្រះវរបិតានៃយើងផង
4. ឱបងប្អូន ដែលព្រះទ្រង់ស្រឡាញ់អើយ យើងខ្ញុំដឹងថា ទ្រង់បានរើសតាំងអ្នករាល់គ្នាហើយ
5. ដ្បិតដំណឹងល្អរបស់យើងខ្ញុំ មិនបានផ្សាយមកដល់អ្នករាល់គ្នា ដោយពាក្យសំដីតែប៉ុណ្ណោះទេ គឺដោយព្រះចេស្តា និងព្រះវិញ្ញាណបរិសុទ្ធដែរ ហើយដោយសេចក្តីជំនឿដ៏មោះមុតជាខ្លាំងថែមទៀតផង ដូចជាអ្នករាល់គ្នាដឹងហើយ ពីដំណើរយើងខ្ញុំ ដែលនៅក្នុងពួកអ្នករាល់គ្នាជាយ៉ាងណា សំរាប់នឹងជួយដល់អ្នករាល់គ្នា
6. អ្នករាល់គ្នាក៏បានត្រាប់តាមយើងខ្ញុំ ហើយនឹងព្រះអម្ចាស់ ដោយបានទទួលព្រះបន្ទូល ដោយសេចក្តីអំណររបស់ព្រះវិញ្ញាណបរិសុទ្ធ ក្នុងកាលដែលកំពុងតែកើតទុក្ខលំបាកជាខ្លាំងផង
7. ដល់ម៉្លេះបានជាអ្នករាល់គ្នាបានត្រឡប់ជាគំរូ ដល់អស់អ្នកដែលជឿនៅស្រុកម៉ាសេដូន និងស្រុកអាខៃ
8. ដ្បិតព្រះបន្ទូលនៃព្រះអម្ចាស់បានផ្សាយចេញពីអ្នករាល់គ្នា មិនមែនតែក្នុងស្រុកម៉ាសេដូន និងស្រុកអាខៃប៉ុណ្ណោះទេ គឺរហូតដល់គ្រប់ទាំងកន្លែង ដែលឮនិយាយពីសេចក្តីជំនឿរបស់អ្នករាល់គ្នាចំពោះព្រះថែមទៀតផង បានជាមិនចាំបាច់ឲ្យយើងខ្ញុំនិយាយអ្វីទៀតទេ
9. ដ្បិតគេថ្លែងប្រាប់ពីយើងខ្ញុំ ដែលអ្នករាល់គ្នាបានទទួលយើងជាយ៉ាងណា ទាំងបែរចេញពីរូបព្រះ មកឯព្រះដ៏ពិត ឲ្យបានគោរពប្រតិបត្តិដល់ព្រះ ដ៏មានព្រះជន្មរស់នៅនោះវិញ