1. រីឯខ្ញុំ បងប្អូនអើយ កាលខ្ញុំបានមកឯអ្នករាល់គ្នា នោះមិនបានមកដោយប្រើវោហារ ឬប្រាជ្ញាដ៏ឧត្តម ដើម្បីនឹងប្រាប់សេចក្តីបន្ទាល់ពីព្រះដល់អ្នករាល់គ្នាទេ
2. ដ្បិតខ្ញុំបានផ្តាច់ចិត្តថា នៅក្នុងពួកអ្នករាល់គ្នា នោះខ្ញុំមិនព្រមស្តាប់រឿងអ្វីទៀត ក្រៅពីព្រះយេស៊ូវគ្រីស្ទទេ ហើយគឺដែលទ្រង់ត្រូវឆ្កាងផង
3. ខ្ញុំក៏បាននៅជាមួយនឹងអ្នករាល់គ្នា ទាំងមានសេចក្តីកំសោយ ភិតភ័យ ហើយញាប់ញ័រជាច្រើនដែរ
4. ឯពាក្យសំដី និងវោហាអធិប្បាយរបស់ខ្ញុំ ក៏មិនមែនដោយពាក្យឧត្តុង្គឧត្តម ដែលពូកែបញ្ចុះបញ្ចូលនោះដែរ គឺដោយការសំដែងចេញជាព្រះវិញ្ញាណ និងព្រះចេស្តាវិញទេតើ
5. ដើម្បីកុំឲ្យសេចក្តីជំនឿរបស់អ្នករាល់គ្នាបានតាំងនៅ ដោយប្រាជ្ញារបស់មនុស្សឡើយ គឺដោយព្រះចេស្តានៃព្រះវិញ។
6. ប៉ុន្តែ នៅក្នុងចំណោមមនុស្សគ្រប់លក្ខណ៍ នោះយើងខ្ញុំក៏និយាយតាមប្រាជ្ញាដែរ តែមិនមែនតាមប្រាជ្ញារបស់លោកីយ៍នេះ ឬរបស់ពួកចៅហ្វាយនៅលោកីយ៍នេះ ដែលត្រូវសាបសូន្យនោះទេ
7. គឺនិយាយតាមតែប្រាជ្ញានៃព្រះវិញ ជាសេចក្តីអាថ៌កំបាំងដ៏លាក់ទុក ដែលព្រះបានគិតគូ តាំងពីមុនអស់ទាំងកល្ប សំរាប់ជាសិរីល្អដល់យើងរាល់គ្នា
8. គ្មានចៅហ្វាយណាក្នុងលោកីយ៍នេះបានស្គាល់សេចក្តីអាថ៌កំបាំងនោះឡើយ បើបានស្គាល់ នោះគេមិនបានឆ្កាងព្រះអម្ចាស់ដ៏មានសិរីទេ
9. ដូចមានសេចក្តីចែងទុកមកថា«សេចក្តីដែលភ្នែកមិនដែលឃើញ ត្រចៀកមិនដែលឮ ហើយចិត្តនឹកមិនដែលដល់ គឺសេចក្តីនោះឯងដែលព្រះបានរៀបចំទុក សំរាប់ពួកអ្នកដែលស្រឡាញ់ទ្រង់»
10. ព្រះទ្រង់បានសំដែង ឲ្យយើងរាល់គ្នាឃើញសេចក្តីទាំងនោះ ដោយសារព្រះវិញ្ញាណទ្រង់ ដ្បិតព្រះវិញ្ញាណនៃទ្រង់ស្ទង់មើលគ្រប់ទាំងអស់ ព្រមទាំងសេចក្តីជ្រាលជ្រៅនៃព្រះដែរ
11. ដ្បិតបើមិនមែនជាវិញ្ញាណ ដែលនៅក្នុងខ្លួនមនុស្សទេ នោះតើមានអ្វីនឹងស្គាល់សណ្ឋានមនុស្សនោះបាន ហើយបើមិនមែនជាព្រះវិញ្ញាណនៃព្រះ នោះក៏គ្មានអ្នកណាស្គាល់សណ្ឋានព្រះបានដែរ។
12. ឯយើងរាល់គ្នា យើងមិនបានទទួលវិញ្ញាណរបស់លោកីយ៍ទេ គឺទទួលព្រះវិញ្ញាណដែលមកពីព្រះវិញ ដើម្បីឲ្យបានស្គាល់អស់ទាំងព្រះគុណ ដែលព្រះបានផ្តល់មកយើង
13. ហើយយើងក៏និយាយពីសេចក្តីទាំងនោះឯង មិនមែនដោយពាក្យសំដី ដែលប្រាជ្ញាមនុស្សបានបង្រៀនទេ គឺដោយពាក្យសំដី ដែលព្រះវិញ្ញាណបង្រៀនវិញ ព្រមទាំងផ្ទឹមពន្យល់សេចក្តីខាងវិញ្ញាណ ដោយសារសេចក្តីខាងឯវិញ្ញាណផង