2. ផ្ញើមកពួកជំនុំនៃព្រះ នៅក្រុងកូរិនថូស ជាពួកអ្នកដែលបានញែកចេញជាបរិសុទ្ធ ក្នុងព្រះគ្រីស្ទយេស៊ូវ បានទាំងហៅមកធ្វើជាពួកបរិសុទ្ធ ជាមួយនឹងអស់អ្នក នៅគ្រប់ទីកន្លែង ដែលអំពាវនាវដល់ព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា គឺនៃគេ និងយើងផង
3. សូមឲ្យអ្នករាល់គ្នាបានប្រកបដោយនូវព្រះគុណ និងសេចក្តីសុខសាន្ត អំពីព្រះដ៏ជាព្រះវរបិតានៃយើងរាល់គ្នា និងពីព្រះអម្ចាស់យេស៊ូវគ្រីស្ទផង។
4. ខ្ញុំអរព្រះគុណដល់ព្រះនៃខ្ញុំ អំពីដំណើរអ្នករាល់គ្នាជាដរាប ដោយព្រោះព្រះគុណនៃព្រះ ដែលបានផ្តល់មកអ្នករាល់គ្នាក្នុងព្រះគ្រីស្ទយេស៊ូវ
5. ព្រោះអ្នករាល់គ្នាបានចំរើនឡើងគ្រប់ជំពូក ដោយសារទ្រង់ គឺក្នុងគ្រប់ទាំងពាក្យសំដី និងចំណេះទាំងអស់ដែរ
6. តាមដែលសេចក្តីបន្ទាល់ពីព្រះគ្រីស្ទបានបញ្ជាក់ក្នុងពួកអ្នករាល់គ្នា
7. ដល់ម៉្លេះបានជាអ្នករាល់គ្នាមិនចាញ់គេ ខាងអំណោយទានណាមួយឡើយ ទាំងចាំទំរាំព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់យើងរាល់គ្នា ទ្រង់លេចមកផង
8. ដែលទ្រង់នឹងតាំងអ្នករាល់គ្នាឲ្យខ្ជាប់ខ្ជួន ដរាបដល់ចុងបំផុត ឲ្យបានឥតកន្លែងបន្ទោសបាន ក្នុងថ្ងៃនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង
9. ឯព្រះដែលបានហៅអ្នករាល់គ្នាមក ឲ្យមានសេចក្តីប្រកបនឹងព្រះរាជបុត្រាទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង នោះទ្រង់ស្មោះត្រង់។
10. ឥឡូវនេះ បងប្អូនអើយ ខ្ញុំទូន្មានដល់អ្នករាល់គ្នា ដោយនូវព្រះនាមព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងថា ចូរនិយាយសេចក្តីដដែលទាំងអស់គ្នា កុំឲ្យមានសេចក្តីបាក់បែកក្នុងពួកអ្នករាល់គ្នាឡើយ ត្រូវឲ្យបានរួបរួមគ្នា ដោយមានចិត្តមានគំនិតតែ១វិញ
11. ឱបងប្អូនអើយ ពីព្រោះមានពួកអ្នកផ្ទះនាងខ្លូអេបានប្រាប់ខ្ញុំ ពីដំណើរអ្នករាល់គ្នាថា តែងតែមានសេចក្តីឈ្លោះប្រកែក ក្នុងពួកអ្នករាល់គ្នា
12. គឺថា អ្នករាល់គ្នានីមួយៗ ប្រកាន់ថា ខ្លួនជាសិស្សរបស់ប៉ុល ជារបស់អ័ប៉ុឡូស ជារបស់កេផាស ឬជារបស់ព្រះគ្រីស្ទ
13. ដូច្នេះ តើព្រះគ្រីស្ទបានបាក់បែកឬអី តើប៉ុលត្រូវឆ្កាងជំនួសអ្នករាល់គ្នាឬអី តើអ្នករាល់គ្នាបានទទួលបុណ្យជ្រមុជ ដោយនូវឈ្មោះប៉ុលឬអី