16. ដូច្នេះ ខ្ញុំចាត់គេឲ្យទៅហៅអេលាស៊ើរ អើរាល សេម៉ាយ៉ា អែលណាថាន យ៉ារីប អែលណាថាន ណាថាន់ សាការី និងមស៊ូឡាម ជាពួកប្រធានមក ព្រមទាំងយ៉ូយ៉ារីប និងអែលណាថាន ជាមនុស្សដែលប្រកបដោយប្រាជ្ញា
17. រួចខ្ញុំចាត់ពួកអ្នកទាំងនោះ ឲ្យទៅឯអ៊ីដោជាមេ ដែលនៅកន្លែងហៅថា កាសិភា ដោយបង្គាប់ពាក្យដែលគេត្រូវជំរាបដល់អ៊ីដោ និងពួកនេធីនិម ជាបងប្អូនលោក នៅត្រង់កាសិភានោះ ដើម្បីនឹងនាំពួកអ្នកសំរាប់ធ្វើការងារ ក្នុងព្រះវិហាររបស់ព្រះនៃយើងរាល់គ្នាមកជា១ផង
18. ហើយតាមដែលព្រះហស្តល្អរបស់ព្រះនៃយើងរាល់គ្នា បានសណ្ឋិតលើយើង នោះគេបាននាំមនុស្សម្នាក់ប្រកបដោយប្រាជ្ញា មកឯយើង ពីពួកម៉ាស់លី ជាកូនលេវី ដែលជាកូនអ៊ីស្រាអែល ព្រមទាំងសេរេប៊ីយ៉ា និងកូនចៅ ហើយបងប្អូន ទាំងអស់មាន១៨នាក់
19. និងហាសាបយ៉ា ហើយមានយេសាយ៉ា ពីពួកកូនចៅម្រ៉ារី និងបងប្អូន ហើយកូនចៅ ទាំងអស់រួមគ្នា២០នាក់ មកជាមួយ
20. ឯពួកនេធីនិមដែលដាវីឌ និងអ្នកជាប្រធានបានថ្វាយសំរាប់ជួយការងារពួកលេវី នោះមាន២២០នាក់ ដែលសុទ្ធតែបានដំរូវដោយឈ្មោះរៀងខ្លួន។
21. រួចមកខ្ញុំបានប្រកាសប្រាប់ ឲ្យមានការតមនៅមាត់ទន្លេអាហាវ៉ានោះ ដើម្បីឲ្យយើងបានបន្ទាបខ្លួននៅចំពោះព្រះនៃយើងរាល់គ្នា ប្រយោជន៍នឹងសូមទ្រង់ឲ្យដំរង់ផ្លូវយើង និងកូនចៅ ហើយរបស់ទ្រព្យយើងទាំងអស់ផង
22. ដ្បិតដែលសូមទាហាន និងពលសេះ ពីស្តេចឲ្យទៅរាំងរាពួកខ្មាំងសត្រូវតាមផ្លូវ នោះនឹងនាំឲ្យខ្ញុំមានសេចក្តីខ្មាស ពីព្រោះយើងបានទូលស្តេចហើយថា ព្រះហស្តនៃព្រះរបស់យើងរាល់គ្នា សណ្ឋិតនៅនឹងអស់អ្នកដែលស្វែងរកទ្រង់ ដើម្បីនឹងប្រោសឲ្យបានសេចក្តីល្អ តែព្រះចេស្តា និងសេចក្តីក្រេវក្រោធនៃទ្រង់ នោះទាស់នឹងអស់អ្នកដែលបោះបង់ចោលទ្រង់វិញ
23. ដូច្នេះ យើងរាល់គ្នាបានតម ហើយសូមអង្វរដល់ព្រះនៃយើងពីដំណើរនេះ ហើយទ្រង់ក៏ទទួលស្តាប់តាមយើង។
24. រួចមក ខ្ញុំក៏ញែកមេពួកសង្ឃ១២នាក់ចេញទុក គឺសេរេប៊ីយ៉ា និងហាសាបយ៉ា ព្រមទាំងបងប្អូនគេ១០នាក់ឯទៀត
25. រួចខ្ញុំថ្លឹងប្រាក់ មាស និងគ្រឿងប្រដាប់ទាំងប៉ុន្មាន ប្រគល់ដល់គេ គឺជាដង្វាយសំរាប់ព្រះវិហារនៃព្រះរបស់យើង ដែលស្តេច ពួកសេនាបតី ពួកអ្នកជាប្រធានរបស់ទ្រង់ និងពួកអ៊ីស្រាអែលទាំងអស់ ដែលនៅទីនោះបានថ្វាយ
26. ខ្ញុំថ្លឹងប្រាក់៦៥០ហាប គ្រឿងប្រាក់១០០ហាប និងមាស១០០ហាប
27. ព្រមទាំងពែងមាស២០ មានដំឡៃ១ពាន់ដារីក ហើយប្រដាប់ប្រដាធ្វើពីទង់ដែងយ៉ាងភ្លឺ ដែលមានដំឡៃដូចជាមាស ប្រគល់ដល់ដៃគេ
28. រួចខ្ញុំនិយាយទៅគេថា អ្នករាល់គ្នាជាមនុស្សបរិសុទ្ធដល់ព្រះយេហូវ៉ា ហើយគ្រឿងប្រដាប់ទាំងនេះក៏បរិសុទ្ធដែរ ឯប្រាក់ និងមាសនេះ ជាដង្វាយដែលថ្វាយស្ម័គ្រពីចិត្តដល់ព្រះយេហូវ៉ា ជាព្រះនៃពួកអយ្យកោអ្នករាល់គ្នា
29. ដូច្នេះ ចូរប្រុងប្រយ័ត្ន និងថែរក្សារបស់ទាំងនេះ ដរាបដល់អ្នករាល់គ្នាបានថ្លឹងទាំងអស់ នៅក្រុងយេរូសាឡិម ប្រគល់នៅចំពោះមេពួកសង្ឃ និងពួកលេវី ហើយនឹងពួកដែលជាកំពូលលើវង្សរបស់ឪពុកសាសន៍អ៊ីស្រាអែល ដាក់ទៅក្នុងបន្ទប់នៃព្រះវិហាររបស់ព្រះយេហូវ៉ារួចជាស្រេច
30. ពួកសង្ឃ ហើយនឹងពួកលេវី ក៏ទទួលយកប្រាក់មាស និងគ្រឿងប្រដាប់ទាំងនោះ តាមទំងន់ ដើម្បីនឹងយកទៅដាក់ក្នុងព្រះវិហារនៃព្រះ ជាព្រះរបស់យើងរាល់គ្នា នៅក្រុងយេរូសាឡិម។
31. រួចមក នៅថ្ងៃទី១២ខែចេត្រ នោះយើងរាល់គ្នាបានធ្វើដំណើរចេញពីទន្លេអាហាវ៉ា ដើម្បីនឹងទៅឯក្រុងយេរូសាឡិម ព្រះហស្តនៃព្រះរបស់យើងក៏សណ្ឋិតនៅជាមួយ ហើយទ្រង់ជួយឲ្យយើងរួចពីកណ្តាប់ដៃនៃពួកខ្មាំងសត្រូវ និងពួកចោរដែលបង្កប់ខ្លួនតាមផ្លូវផង