16. ព្រមទាំងប្រាក់មាសទាំងប៉ុន្មានដែលអ្នកនឹងរៃបាន ពីគ្រប់ក្នុងខេត្តបាប៊ីឡូន ជាមួយនឹងបណ្ណាការដែលពួកជនទាំងអម្បាលម៉ាន និងពួកសង្ឃថ្វាយដោយស្ម័គ្រពីចិត្ត សំរាប់ព្រះវិហាររបស់ព្រះនៃលោកដែលនៅក្រុងយេរូសាឡិមទៅជាមួយផង
17. ដូច្នេះ ត្រូវឲ្យអ្នកមានចិត្តខ្នះខ្នែង យកប្រាក់នោះទៅទិញគោ ចៀមឈ្មោល និងកូនចៀម ព្រមទាំងគ្រឿងដង្វាយម្សៅ និងដង្វាយច្រួចនោះផង នាំទៅថ្វាយនៅលើអាសនា ក្នុងព្រះវិហារនៃព្រះរបស់អ្នករាល់គ្នា ដែលនៅក្រុងយេរូសាឡិមចុះ
18. ឯប្រាក់ និងមាសដែលសល់នៅ នោះត្រូវឲ្យអ្នក និងពួកបងប្អូនអ្នក ប្រើការតាមតែគិតឃើញថាត្រឹមត្រូវ តាមព្រះហឫទ័យនៃព្រះរបស់អ្នករាល់គ្នាចុះ
19. ហើយឯគ្រឿងប្រដាប់ទាំងប៉ុន្មាន ដែលបានឲ្យដល់អ្នក សំរាប់ការងារក្នុងព្រះវិហារនៃព្រះរបស់អ្នក នោះចូរអ្នកយកទៅប្រគល់ នៅចំពោះព្រះនៃក្រុងយេរូសាឡិមទៅ
20. ហើយរបស់អ្វីផ្សេងទៀតដែលខ្វះខាតក្នុងព្រះវិហារនៃព្រះរបស់អ្នក ដែលអ្នកត្រូវការបញ្ចេញប្រាក់ទិញ នោះត្រូវបញ្ចេញយកពីឃ្លាំងហ្លួងចុះ
21. មួយទៀត យើង អើថាស៊ើកសេសជាស្តេច យើងចេញព្រះរាជឱង្ការ បង្គាប់ដល់គ្រប់ទាំងមេឃ្លាំង នៅខាងនាយទន្លេថា របស់អ្វីៗដែលអែសរ៉ាដ៏ជាសង្ឃ ជាស្មៀនចម្លងក្រឹត្យវិន័យរបស់ព្រះនៃស្ថានសួគ៌ លោកនឹងសូមក៏ដោយ នោះត្រូវតែឃ្មាតខ្មីនឹងឲ្យចុះ
22. ទោះដល់ទៅប្រាក់១០០ហាប ស្រូវ១០០រង្វាល់ ស្រាទំពាំងបាយជូរ២០០ប៉ោត ប្រេង២០០ប៉ោត និងអំបិលឥតមានកំណត់ក្តី
23. ត្រូវឲ្យធ្វើសំរេចគ្រប់ទាំងអស់ ដែលព្រះនៃស្ថានសួគ៌ទ្រង់បង្គាប់មក ដោយត្រូវចំពោះ សំរាប់ព្រះវិហាររបស់ព្រះនៃស្ថានសួគ៌ចុះ តើនឹងឲ្យមានសេចក្តីក្រោធ ចំពោះរាជ្យស្តេច និងព្រះរាជបុត្រាទ្រង់ធ្វើអី
24. មួយទៀត យើងបញ្ជាក់ដល់អ្នករាល់គ្នាថា ចំណែកពួកសង្ឃ ពួកលេវី ពួកចំរៀង ពួកឆ្មាំទ្វារ ពួកនេធីនិម និងពួកអ្នកបំរើ ក្នុងព្រះវិហារនៃព្រះនេះ នោះមិនត្រូវឲ្យទារសួយអាករ ពន្ធខ្លួន ឬពន្ធគយ ពីអ្នកទាំងនោះឡើយ
25. ឯអែសរ៉ាឯង តាមប្រាជ្ញារបស់ព្រះនៃអ្នកដែលសណ្ឋិតលើអ្នក នោះត្រូវឲ្យអ្នកតាំងពួកអ្នកឡើង ដែលជាអ្នកជំនាញក្នុងក្រឹត្យវិន័យរបស់ព្រះនៃអ្នក ឲ្យធ្វើជាចៅក្រម និងសុភា ឲ្យជំនុំជំរះ ដល់អ្នកទាំងសាសន៍នៅខាងនាយទន្លេ ហើយត្រូវបង្ហាត់បង្រៀនក្រឹត្យវិន័យ ដល់អស់អ្នកណាដែលមិនស្គាល់ផង
26. ឯអ្នកណាដែលមិនព្រមប្រព្រឹត្តតាមក្រឹត្យវិន័យរបស់ព្រះនៃអ្នក ហើយនឹងច្បាប់របស់ស្តេចផង នោះត្រូវតែកាត់ទោសជាប្រញាប់ចុះ ទោះដល់ស្លាប់ ឬនិរទេស ឬរឹបយករបស់ទ្រព្យគេ ឬដាក់គុកក្តី។
27. សូមសរសើរដំកើងដល់ព្រះយេហូវ៉ា ជាព្រះនៃពួកអយ្យកោយើងរាល់គ្នា ដែលទ្រង់បានបណ្តាលព្រះទ័យស្តេច ឲ្យសំរេចនឹងតាក់តែងព្រះវិហារនៃព្រះយេហូវ៉ា ដែលនៅក្រុងយេរូសាឡិមឲ្យល្អឡើងដូច្នេះ
28. ព្រមទាំងប្រោសផ្តល់សេចក្តីសប្បុរសរបស់ទ្រង់ ដល់ខ្ញុំនៅចំពោះស្តេច ពួកសេនាបតីទ្រង់ ហើយពួកអ្នកប្រធានដ៏មានអំណាចរបស់ស្តេចផង ខ្ញុំក៏មានកំឡាំងចំរើនឡើង ដោយនូវព្រះហស្តនៃព្រះយេហូវ៉ា ជាព្រះនៃខ្ញុំ ដែលសណ្ឋិតលើខ្ញុំ ហើយខ្ញុំបានទៅប្រមូលពួកអ្នក ដែលជាកំពូលក្នុងសាសន៍អ៊ីស្រាអែល ឲ្យឡើងទៅជាមួយ។