9. ព្រមទាំងរបស់អ្វីដែលគេត្រូវការផង ទោះទាំងគោស្ទាវ ចៀមឈ្មោល និងកូនចៀមសំរាប់ជាដង្វាយដុត ថ្វាយដល់ព្រះនៃស្ថានសួគ៌ ឬស្រូវ អំបិល ស្រាទំពាំងបាយជូរ និងប្រេង តាមដែលពួកសង្ឃនៅក្រុងយេរូសាឡិមនឹងប្រាប់មក នោះត្រូវបើកឲ្យគេរាល់គ្នាតែថ្ងៃជាកុំខាន
10. ដើម្បីឲ្យគេបានថ្វាយយញ្ញបូជា ទុកជាក្លិនឈ្ងុយដល់ព្រះនៃស្ថានសួគ៌ ហើយអធិស្ឋានឲ្យស្តេចនឹងពួកព្រះរាជបុត្រាស្តេចបានព្រះជន្មចំរើន
11. យើងក៏បានចេញបង្គាប់ថា បើអ្នកណាបំផ្លាស់បំប្រែប្រកាសនេះ នោះត្រូវដោះធ្នឹម១ ពីផ្ទះអ្នកនោះ បញ្ឈរឡើងចងកគេភ្ជាប់ទៅ រួចត្រូវប្រើផ្ទះគេទុកជាកន្លែងសំរាប់នឹងបន្ទោលាមក ដោយព្រោះហេតុនោះឯង
12. ហើយសូមឲ្យព្រះដែលបានប្រោសប្រទាន ឲ្យព្រះនាមទ្រង់សណ្ឋិតនៅទីនេះ បានទំលាក់អស់ទាំងស្តេចណា និងសាសន៍ណាដែលលូកដៃទៅធ្វើខុសនឹងប្រកាសនេះ ដើម្បីនឹងបំផ្លាញព្រះវិហារនៃព្រះ ដែលនៅក្រុងយេរូសាឡិមនេះចេញផង យើង ដារីយុសបានចេញប្រកាសហើយ ដូច្នេះ ត្រូវឲ្យសំរេចសព្វគ្រប់តាមដោយខ្នះខ្នែងចុះ។
13. ដូច្នេះ ថាថ្នាយ ជាចៅហ្វាយខេត្តនៅខាងនាយទន្លេ និងសេថារ-បូសណាយ ព្រមទាំងពួកគូកន គេក៏ធ្វើដោយខ្នះខ្នែង តាមសេចក្តីដែលស្តេចដារីយុសបានផ្ញើមកគ្រប់ចំពូក។
14. យ៉ាងនោះ ពួកចាស់ទុំនៃសាសន៍យូដាក៏ស្អាងឡើង ដោយមានសេចក្តីចំរើន ដោយនូវការទាយរបស់ហោរាហាកាយ និងសាការី ជាកូនអ៊ីដោ គេបានស្អាងឡើង ដរាបដល់ហើយ តាមបង្គាប់ផងព្រះនៃសាសន៍អ៊ីស្រាអែល ហើយតាមព្រះឱង្ការនៃស៊ីរូស ដារីយុស និងអើថាស៊ើកសេស ជាស្តេចពើស៊ីផង
15. នៅថ្ងៃទី៣ ខែផល្គុណ ក្នុងឆ្នាំទី៦នៃរាជ្យស្តេចដារីយុស នោះព្រះវិហារបានស្អាងឡើងរួចជាស្រេច។
16. គ្រានោះ ពួកកូនចៅអ៊ីស្រាអែល ពួកសង្ឃ និងពួកលេវី ព្រមទាំងពួកអ្នកដែលត្រូវនាំទៅជាឈ្លើយឯទៀត ក៏នាំគ្នាធ្វើបុណ្យឆ្លងព្រះវិហារនេះដោយអំណរ
17. គេបានថ្វាយគោឈ្មោល១០០ ចៀមឈ្មោល២០០ និងកូនចៀម៤០០ ជាដង្វាយឆ្លងព្រះវិហារ ហើយនឹងពពែ១២តាមចំនួនពូជអំបូរសាសន៍អ៊ីស្រាអែល សំរាប់ជាដង្វាយលោះបាបនៃពួកអ៊ីស្រាអែលទាំងអស់
18. គេក៏តាំងពួកសង្ឃឡើង តាមផ្នែកពួកគេ ហើយពួកលេវីតាមវេន សំរាប់ធ្វើការងារនៃព្រះនៅក្រុងយេរូសាឡិម ដូចជាបានកត់ទុកក្នុងគម្ពីរលោកម៉ូសេហើយ។
19. ឯពួកអ្នកដែលត្រូវនាំទៅជាឈ្លើយនោះ គេក៏ធ្វើបុណ្យរំលងនៅថ្ងៃ១៤ខែចេត្រដែរ